(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញានេះ បានប្រកាសថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជានៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ក្រសួងអប់រំ បានឲ្យដឹងថា លទ្ធផលនៃការប្រឡងបាក់ឌុប និងបំពេញវិជ្ជា សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាសនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ដោយឡែកមណ្ឌលប្រឡងតាមបណ្តាខេត្តផ្សេងៗទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងអប់រំបញ្ជាក់ថា «ការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើ គឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក»។

លទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប ក៏នឹងប្រកាសលើបណ្តាទំនាក់ទំនង Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh ផងដែរ។

សូមជម្រាបថា ក្រសួងអប់រំ គ្រោងប្រកាសលទ្ធផល សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែពេលនេះត្រូវបានប្តូរវិញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី