(ភ្នំពេញ)៖ ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ឬ Asian Beach Games លើកទី៥ ដែលធ្វើឡើងទីក្រុងដាណាំង ប្រទេសវៀតណាម បានបញ្ចប់ជាស្ថាពរហើយ កាលយប់ថ្ងៃទី០៣ ខែតុលានេះ ខណៈក្រុមអត្តពលិកកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ គួរឲ្យភ្ញាក់ផ្អើលជូនជាតិរបស់ខ្លួន ជាមួយនឹងការដណ្ដើមបានមេដាយរហូតដល់ទៅ ២១វិញ្ញាសា រួមមានមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ៩ ដើម្បីឈរចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៤៥ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីនេះទៀតផង ។

ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៤ ខែកញ្ញាមកម្លេះ ហើយកម្ពុជាបានបញ្ជូនកីឡា ៥ប្រភេទប៉ុណ្ណោះទៅចូលរួម ដូចជាកីឡាប៉េតង់ វ៉ូវីណាម ល្បុក្កតោ ចំបាប់ និងកីឡាបាល់ទះឆ្នេរខ្សាច់ ដោយមានលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើជាប្រធានប្រតិភូ ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺប្រភេទកីឡានីមួយៗ សុទ្ធតែបានបង្ហាញពីស្នាដៃដ៏អស្ចារ្យ ដណ្ដើមមេដាយជូនជាតិរបស់ខ្លួន បើទោះបីមិនបានជួបជុំគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ កាលពីពេលថ្មីៗកន្លងទៅក៏ដោយ ។

ជាលទ្ធផលនៃការប្រកួតរយៈពេល ១០ថ្ងៃ សម្រាប់កីឡាប៉េតង់កម្ពុជា គឺដណ្ដើមបានមេដាយសរុប ៧វិញ្ញាសា ក្នុងនោះមេដាយមាស៣ រកបានពីវិញ្ញាសាជាក្រុមបុរស និងក្រុមនារី រួមទាំងវិញ្ញាសាវាយយកពិន្ទុបុរស ។ រីឯមេដាយប្រាក់១ រកបានដោយកីឡាការិនី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ ខណៈមេដាយប្រាក់៣ គឺដណ្ដើមបានលើវិញ្ញាសាវាយឯកត្តជនបុរស និងវាយគូបុរស និងនារី ។

ចំណែកកីឡាវ៉ូវីណាម រកបានមេដាយសរុប ៧វិញ្ញាសាដូចគ្នា ដោយមេដាយមាស២ ដណ្ដើមបានលើវិញ្ញាសាសម្ដែងស្នៀតការពារខ្លួន និងសម្ដែងដោយប្រើអាវុធ រួមទាំងមេដាយប្រាក់១ ដណ្ដើមបានលើវិញ្ញាសាសម្ដែងជាក្រុមបុរស គ្រាដែលមេដាយសំរឹទ្ធ៣ ដណ្ដើមបានលើវិញ្ញាសាសម្ដែងបុរស-នារី សម្ដែងបុរស ២នាក់ និងសម្ដែងនារី ២នាក់ ។

ដោយឡែកកីឡាល្បុក្កតោវិញ ក៏ដណ្ដើមបានមេដាយសរុប ៧វិញ្ញាសាផងដែរ ក្នុងនោះមានមេដាយមាស១ រកបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍ទម្ងន់ក្រោម ៦០គីឡូក្រាម ដោយកីឡាការិនី ទ្រី សុថាវី ។ ចំណែកមេដាយប្រាក់៤ ដណ្ដើមបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍ទម្ងន់ក្រោម ៦៥គីឡូក្រាម, ទម្ងន់ក្រោម ៥៦គីឡូក្រាម, ទម្ងន់ ៤៨គីឡូក្រាម និងទម្ងន់សេរី រួមទាំងមេដាយសំរឹទ្ធ២ ដណ្ដើមបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍ទម្ងន់ក្រោម ៦០គីឡូក្រាម និងទម្ងន់ក្រោម ៥២គីឡក្រាម ។

សរុបមកមានតែកីឡាចំបាប់ និងកីឡាបាល់ទះឆ្នេរខ្សាច់ប៉ុណ្ណោះ ដែលមិនទទួលបានមេដាយ ប៉ុន្ដែយ៉ាងណាកម្ពុជា ក៏បានបង្កើតប្រវត្តិសាស្ដ្រថ្មីមួយហើយ សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី ជាលើកទី៥ ដែលដណ្ដើមបានមេដាយរហូតដល់ទៅ ២១គ្រឿង ស្មើនឹង ៤២គ្រឿង ដើម្បីឈរចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៤៥ប្រទេសនៃទ្វីបអាស៊ី ខណៈក្រុមកីឡាម្ចាស់ផ្ទះវៀតណាម ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១៣៩វិញ្ញាសា ក្នុងនោះមានមេដាយមាស៥២ ប្រាក់៤៤ និងសំរឹទ្ធ៤៣ ហើយក្រុមអត្តពលិកថៃឈរលេខ២ ដណ្ដើមបានមេដាយសរុប ៩០វិញ្ញាសា រួមមានមេដាយមាស៣៦ ប្រាក់២៤ និងសំរឹទ្ធ៣០ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង