ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងឲ្យដឹងថា លោក សប្បាយចិត្ត និង អបអរសាទរ ដែលក្រុមហ៊ុន AZ Investment បន្តមិនយកកម្រៃពីម្ចាស់រថយន្ត ដឹកកម្មករតាមបណ្តោយផ្លូវជាតិ លេខ៤ ពីខេត្តកំពង់ស្ពឺទៅព្រះសីហនុ។

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ក្រុមហ៊ុន AZ Investment ដែលទទួលបានសិទ្ធិថែទាំ និងជួសជុលផ្លូវជាតិលេខ ៤ ដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ច ដ៏ចម្បងរបស់កម្ពុជា បានបន្តគោលការណ៍ មិនយកប្រាក់ សម្រាប់រថយន្ត ដឹកកម្ម កររោងចក្រ។

នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុមានរោងចក្រជាច្រើន ហើយ ផ្លូវជាតិនេះក៏បានជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់កំពង់ផែខេត្តព្រះសីហនុ យ៉ាងមាន ប្រសិទ្ធភាព។

លោក ប៉ាវ ស៊ីណាបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិលនៅថ្ងៃទី២៧ សីហា ថា ការមិនបន្តយក ប្រាក់ពីម្ចាស់រថយន្តនេះ បានធ្វើឲ្យទាំងម្ចាស់រថយន្ត និងកម្មករទទួលបានផលប្រយោជន៍ទាំងសងខាង ព្រោះ កម្មករបានចំណេញថវិកាមួយកម្រិតថែមទៀត ដោយមិនចាំបាច់ចំណាយថវិកាលើករណីនេះទៀត។

លោកបន្តថា “ខ្ញុំសាទរ ខ្ញុំមើលឃើញថា ប្រសិនបើក្រុមហ៊ុននៅតែបន្តយកថ្លៃក្នុងការដឹកជញ្ជូនពីការឆ្លងផ្លូវ ដែល ធ្វើឲ្យគាត់ពិបាកក្នុងការចំណាយប្រចាំថ្ងៃនោះ ពួកគាត់នឹងតំឡើងតម្លៃពីក្រុមកម្មករ”។

បើយោងតាមតំណាង ក្រុមហ៊ុន ជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ក៏មានរថយន្តដឹកកម្មករប្រមាណជា ១៥០ គ្រឿង ឆ្លងកាត់បញ្ជរបង់ប្រាក់របស់ខ្លួន លើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងតំបន់អូរចំណារ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន AZ បានឲ្យដឹងថា នៅឯបញ្ជរបង់ប្រាក់កំបូលជិតក្រុងភ្នំពេញវិញ រថយន្តដឹកកម្មកររោងចក្រប្រមាណ ២០០ គ្រឿងបានទទួលស្ទីគ័រលើកលែងថ្លៃឈ្នួលរួចហើយចាប់តាំងពីដើមខែសីហា។ ជារៀងរាល់ឆ្នាំ រថយន្តដឹក កម្មកររោងចក្រដែលឆ្លងកាត់បញ្ជរបង់ប្រាក់កំបូល និងអូរចំណារ មានប្រមាណជា ១០ ម៉ឺនជើងដែលក្រុមហ៊ុន AZ បានលើកលែងមិនឲ្យមានការបង់ប្រាក់។

លើសពីនេះក៏មានរថយន្តអាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលធ្វើដំណើរឆ្លងកាត់ស្ថានីយ បង់ប្រាក់ ញឹកញាប់ ក៏ត្រូវបានអនុគ្រោះតម្លៃផងដែរ ដោយអនុលោមទៅតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០០៥ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល