(ចិន)៖ ក្រុមបុរាណវិទូនៃប្រទេសចិន បានស្វែងរកឃើញ រូបគំនូរមួយដែលមានអាយុកាល ២,០០០ឆ្នាំ ត្រូវបានគូរជាប់ នៅក្នុងផ្នូរបុរាណ ស្ថិតនៅខេត្តស្វយ័ត អ៉ីណឺម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេស។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ផ្នូរខាងលើនេះ មានទីតាំងស្ថិតនៅទីវាលមួយក្បែរទីក្រុង Ordos ដែលជាកន្លែងក្រុមបុរាណវិទូចិន ធ្លាប់រកឃើញ លលាដ៏ក្បាលពីរ នៅក្នុងមឈូសពុកផុយមួយ ដែលមានផ្ទុកផងដែរ នូវគ្រឿងប្រើប្រាស់ប្រចាំថ្ងៃនានា។ នេះបើតាមការ បញ្ជាក់ថារបស់លោក Gao Xingchao អ្នកស្រាវជ្រាវមកពីសារមន្ទីរទីក្រុង Ordos។

គួរបញ្ជាក់ថា រូបគំនូរខាងលើនេះត្រូវបានគូរនៅលើជញ្ជាំង និងពិដាន ដែលមានក្រឡាផ្ទៃ ៣០ម៉ែត្រក្រឡា ហើយវា មានប្រមាណ ១០រូបភាព ដែលបង្ហាញប្រាប់អំពីជីវិត របស់នៅរបស់គ្រួសារម្ចាស់ផ្នូរ ដូចជាការធ្វើដំណើរ, ការផ្សងព្រេង, ការជួបជុំ និង ការចិញ្ចឹមសត្វផងដែរ។ បន្ថែមពីនេះទៀត វាក៏អមដោយរូបផ្កា នាគរហោះ និង ការហោះហើរនៃ បក្សាបក្សីជាច្រើនប្រភេទ ដើម្បីឲ្យជីវិតពោពេញដោយអ្វីគ្រប់យ៉ាងក្រោយពេលស្លាប់។

តាមសម្តីរបស់លោក Gao ប្រវត្តិនៃម្ចាស់ផ្នូរនេះ នៅមិនទាន់មាននរណាដឹងទេ ដោយសារតែមាន ការខ្វះខាតដានមួយ ចំនួនដើម្បីធ្វើការវិភាគ។ បើតាមការគណនាផ្នូរខាងលើនេះ ត្រូវបានសាងសង់ឡើង នៅសម័យរាជវង្សហានភាគខាង កើតចន្លោះឆ្នាំ ២៤ ដល់ ២២០ នៃគ.ស៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង