(ភ្នំពេញ)៖ ស្រ្តីម្នាក់បានបីសពកូនប្រុសរបស់ខ្លួន មករករឿងពេទ្យគ្លីនិក យីហោវត្តភ្នំ បន្ទាប់ពីពេទ្យរបស់គ្លីនិក បានចាក់ថ្នាំមួយម្ជុល បណ្តាលឲ្យកូនប្រុសជាទីស្រឡាញ់របស់គាត់ ដាច់ខ្យល់ស្លាប់បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចគ្លីនិក (វត្តភ្នំ) មានទីតាំងផ្ទះលេខ១៦Eo ក្រុម១៤៤ ស្ថិតខាងកើតមន្ទីរពេទ្យគន្ធបុប្ផា៤ ផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយរបស់សពកូនប្រុសនោះ មានឈ្មោះ សួន ចរិយា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកហាង មានប្តីជាប្រធានសន្តិសុខនៅផ្សារផេនសល ស្នាក់នៅផ្ទះលេខ០៤Eo ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ហើយកូនប្រុសដែលស្លាប់នោះ ឈ្មោះ ហន សុវណ្ណសីហៈ អាយុ១ឆ្នាំ៧ខែ។ ចំណែកម្ចាស់គ្លីនិកយីហោវត្តភ្នំ ដែលបង្កឱ្យក្មេងប្រុសស្លាប់នោះ ឈ្មោះ ជួន ម៉ារ៉ា ស្នាក់នៅគ្លីនិកកើតហេតុខាងលើ។

ម្តាយរបស់ក្មេងប្រុសដែលស្លាប់នោះបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ កូនប្រុសរបស់គាត់ មានអាការៈមិនស្រួលខ្លួន គាត់ក៏បាននាំកូនមកមន្ទីរពេទ្យពេទ្យគន្ធបុប្ផា៤ ដោយពេទ្យពិនិត្យ និងបានឲ្យថ្នាំ លេប មិនព្រមយកទៅសង្គ្រោះនោះទេ ហើយដេញឲ្យចេញមកវិញ។

ដោយកូនគាត់ក្តៅខ្លួនខ្លាំងពេក ទន់ខ្លួនបាត់មាត់បាត់ក គាត់ក៏បាននាំកូនចេញពីមន្ទីរពេទ្យគន្ធបុប្ផាវិញ នៅវេលាម៉ោង១២ជាង រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨មិថុនា ខណៈនោះ គាត់ឃើញគ្លីនិកយីហោវត្តភ្នំ (បើក២៤ម៉ោង) ដែលមានទីតាំងស្ថិតខាងកើតមន្ទីរពេទ្យគន្ធបុប្ផា៤នោះ គាត់ក៏នាំកូនគាត់ចូលទៅពិនិត្យនៅទីនោះតែម្តង។

ស្រ្តីជាម្តាយបានរៀបរាប់បណ្តើរយំបណ្តើរថា «ខណៈនោះគ្រូពេទ្យ បានពិនិត្យកូនប្រុសខ្ញុំ រួចប្រាប់ថារលាកបំពង់កហើយគ្រូពេទ្យ ក៏បានចាក់ថ្នាំមួយម្ជុលឲ្យកូនខ្ញុំហើយ ខ្ញុំក៏នាំកូនចេញពីគ្លីនិកនោះ វិលត្រឡប់ទៅសម្រាកនៅផ្ទះវិញ លុះដល់វេលាម៉ោង៤ព្រឹក ទើបដឹងថាកូនប្រុសដំបូងរបស់ខ្ញុំ បានស្លាប់បាត់ទៅហើយ ហើយខ្ញុំក៏បីសពកូន មកគ្លីនិកនេះ តែម្តង»។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីស្លាប់ក្មេងប្រុសម្នាក់នេះ ខាងគ្លីនិកយីហោវត្តភ្នំ ដោយមានការសម្របសម្រួលគ្នា ហើយខាងជនរងគ្រោះគេអត់ប្តឹងផ្តល់នោះ ទើបខាងម្ចាស់គ្លីនិកនោះ បានជួយជាថវិកាដល់ម្តាយក្មេងប្រុសដែលស្លាប់នោះ ចំនួន២លានរៀល ដើម្បីជួយសម្រួល ធ្វើបុណ្យសពកូនបញ្ចប់បញ្ហាផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី