(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចាប់វាយខ្នោះ និងបញ្ជូនបុរសវ័យចំណាស់ជាគ្រូថ្នាំខ្មែរម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រី អនីតិជនវ័យ១៦ឆ្នាំ ដែលត្រូវជាចៅស្រីចុងរហូតមានផ្ទៃពោះ៦ខែ។

កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីមានការបែកធ្លាយអាថ៌កំបាំង «រំលោភចៅរហូតមានផ្ទៃពោះ៦ខែ»។ រឿងនេះបានធ្លាយនៅពេល មានការលើកឡើងពីក្រុមប្រឹក្សាឃុំ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា គា អាយុ៧៣ឆ្នាំ មានមុខរបរជាគ្រូថ្នំាខ្មែរ រស់នៅក្នុងភូមិតាសោម ឃុំស្វាយជ្រៈ ស្រុកស្នួល ជាឪពុកចុងរបស់ម្តាយក្មេងស្រីរងគ្រោះ និងក៏ជាជីតាចុងរបស់នាងផងដែរ។

សម្រាប់ករណីរំលោភនេះ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះមិនបានប្តឹងទេ តែក្រុមប្រឹក្សាឃុំទៅវិញជាអ្នកប្តឹង ដោយសារតែក្មេងស្រីរងគ្រោះ ជាកូនទោកំព្រាឪពុក និងសព្វថ្ងៃរស់នៅជាមួយម្តាយ ដែលមានមិនមានការយកចិត្តទុកដាក់លើនាង។ មិនតែប៉ុណ្ណោះជនសង្ស័យ តែងតែគំរាមដោយប្រើពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ មកលើនាងទៀតផងនោះ។

នគរបាលស្រុកស្នួល បានឲ្យដឹងថា បន្ទាប់ពីមានការលើកឡើងពី សមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រះ នៅក្នុងកិច្ចប្រជុំមួយ នៅសាលាស្រុកស្នួល កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ថាមានករណីរំលោភសេពសន្ថវៈ លើចៅស្រីចុងរហូតមានផ្ទៃពោះទើប កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះឃាត់ខ្លួន ជនសង្ស័យវ័យចំណាស់មកសាកសួរទាំងគ្មានពាក្យបណ្តឹង។

នគរបាលដដែលបានបន្តទៀតថា ក្រោយការនាំខ្លួនបុរសសង្ស័យវ័យចំណាស់ ព្រមទាំងក្មេងស្រីរងគ្រោះមកសាកសួរ និងទទួលបានចម្លើយសារភាព ទើបនគរបាលសម្រេចឃាត់ខ្លួនបុរស សង្ស័យវ័យចំណាស់ រូបនេះពាក់ព័ន្ធ និងករណីរំលោភសេពសន្ថវៈ។

បើតាមការសម្រង់ចម្លើយរបស់ក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំរូបនេះ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សង្ស័យបានបបួល នាងដើរមើលជម្ងឺឲ្យគេតាមភូមិ។ ដោយក្នុងមួយកន្លែងត្រូវដេកផ្លូវ២ ទៅ៣យប់ទើបត្រឡប់មកផ្ទះវិញ។

ការដើរមើលជម្ងឺព្យាបាលឲ្យគេ ជាមួយនិងបុរសជាប់ចោទជាជីតារូបនេះ បានធ្វើឡើងជាច្រើនកន្លែង។ រហូតដល់ថ្ងៃមួយទៀត គាត់បានបបួលនាងមកព្យាបាលជម្ងឺឲ្យគេនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល និងបានសម្រាកនៅទីនោះ រយៈពេល៣យប់។ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤ទាបភ្លឺ ដែលបុរសជាប់ចោទវ័យចំណាស់រូបនេះ បានល្បួងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។

ក្រោយការល្បួងចាប់រំលោភ បានសម្រេចជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំ មានផ្ទៃពោះចំនួន៦ខែ។ តែយ៉ាងណា នាងក៏មិនហ៊ានប្តឹងប្តល់ជនសង្ស័យជាជីតារូបនេះទេ ក៏ព្រោះតែកន្លងមក ជនសង្ស័យរូបនេះ បានគំរាមនាងដោយបង្គាប់នាងឲ្យដើរប្តឹង ថា ទោះជាប្តឹងដល់ទីណាក៏គាត់មិនខ្លាចដែរ។

លោក កែវ ចន្ធី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនបានរំលោភលើជនរងគ្រោះមែន ដោយសម្រេចចំនួន៣ដងពិតមែន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី