សេចក្ដីសម្រេចស្ដីពីគោលនយោបាយអន្ដោរប្រវេស្ដន៍នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និង ប្រទេស លីប៊ី បានបណ្ដាលឱ្យមនុស្សស្លាប់ជាបន្ដបន្ទាប់ នៅតាមច្រកផ្លូវ សមុទ្រមេឌីទែរ៉ាណេកណ្ដាល ។ នេះបើយោងតាមរបាយការណ៍មួយ ចេញផ្សាយដោយឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃពុធ ។

របាយការណ៍នោះ បានសង្កត់ធ្ងន់លើរយៈពេលចន្លោះពី ខែមករា ឆ្នាំ ២០១៩ ដល់ខែធ្នូ ឆ្នាំ ២០២០ ។ របាយការណ៍នេះផងដែរ បានចេញផ្សាយ ដោយយោងតាមលទ្ធផលបឋមនៃការធ្វើបទសម្ភាសន៍ជាមួយជនធ្វើចំណាកស្រុក មន្រ្ដីរដ្ឋាភិបាល និងអ្នកជំនាញ ដែលពាក់ព័ន្ធ ។ យ៉ាងហោច ជនធ្វើចំណាកស្រុកចំនួន ២,២៣៩ នាក់ បានស្លាប់បាត់បង់ជីវិត នៅចន្លោះពេលខាងលើ អំឡុងពេលឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេកណ្ដាល ពីប្រទេសលីប៊ី ទៅបណ្ដាប្រទេសអឺរ៉ុប ។ គិតត្រឹមឆ្នាំ២០២១ នេះ មនុស្សយ៉ាងតិច ៦៣២ នាក់បានស្លាប់ នៅតាមច្រកផ្លូវសមុទ្រនេះ ។

យោងតាមរបាយការណ៍ខាងលើ មរណភាព និងក្ដីអន្ដរាយ នៅតាមច្រកផ្លូវ សមុទ្រមេឌីទែរ៉ាណេកណ្ដាល ពុំមែនជា “ភាពមិនប្រក្រតីដែលនាំឱ្យកើតសោកនាដកម្មនោះទេ ហើយវាគឺជាកត្ដា ដែលអាចការពារបញ្ចៀសបាន ។ កង្វះខាត កិច្ចការពារសិទ្ធិមនុស្សសម្រាប់ជនចំណាកស្រុក អំឡុងការធ្វើដំណើររបស់ពួកគេ គឺជាហេតុផលនៃគ្រោះថ្នាក់ ដែលបង្កើតដោយ “កិច្ចអនុវត្ដ និងសេចក្ដីសម្រេចស្ដីពីគោលនយោបាយអន្ដោប្រវេស្ដន៍ដ៏តឹងរឹង” របស់រដ្ឋាភិបាលលីប៊ី សហភាពអឺរ៉ុប និងសមាជិករបស់ខ្លួន ព្រមទាំងភាគីដទៃទៀត ។

របាយការណ៍នេះ បានបញ្ជាក់ថា សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន បានកាត់បន្ថយការរុករកផ្នែកនាវាចរណ៍ និងសមត្ថភាពជួយសង្រ្គោះ (SAR) ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។ លើសពីនេះទៀត បណ្ដាអង្គការមនុស្សធម៌ជាច្រើន ត្រូវបានបង្ខំឱ្យផ្អាក ឬកាត់បន្ថយប្រតិបត្ដិការណ៍ផ្ដល់ជំនួយរបស់ខ្លួន ។ ក្នុងពេលដំណាលគ្នានេះ ការគម្រាម រុញច្រាន ការស្ទាក់ចាប់ ឬការបង្ខំឱ្យត្រឡប់ក្រោយ ដោយកងនាវាយាមឆ្នេរសមុទ្រ បានបង្កើនកាន់តែខ្លាំងជាងមុន ។ បើត្រឡប់ទៅលីប៊ីវិញ ជនចំណាកស្រុក ប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្ដដោយ កងកម្លាំងរដ្ឋ និងកងកម្លាំង ដែលមិនមែនរដ្ឋ ។

របាយការណ៍ បានលើកសំណើថា បណ្ដារដ្ឋក្នុងតំបន់ ភ្នាក់ងារយាមឆ្នេរសមុទ្រ និងព្រំដែនសហភាពអឺរ៉ុប កងកម្លាំងនាវាសហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុប និងភាគីដទៃទៀត គួរធ្វើកំណែទម្រង់ភ្លាមៗ លើកិច្ចអនុវត្ដ និងគោលនយោបាយ SAR ការផ្ដល់មូលនិធិ និងកិច្ចសហប្រតិបត្ដិការ ដើម្បីលើកកម្ពស់អភិបាលកិច្ចទេសន្ដរប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគោលការណ៍ច្បាស់លាស់ ដែលផ្ដោតអាទិភាពទៅលើកិច្ចការពារជនចំណាកស្រុក និងឱ្យស្របនឹងធម្មនិយាមនៃនីតិអន្ដរជាតិ ។

ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet ទទូចស្នើឱ្យរដ្ឋាភិបាលលីប៊ី និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ត្រូវធ្វើការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនដល់ជនចំណាកស្រុក ។ នាពេលថ្មីៗនេះ អ្នកស្រី Bachelet បានចាត់ទុក វិបត្ដិនៅសមុទ្រ មេឌីទែរ៉ាណេនេះថា ជា “ការធ្វេសប្រហែស ដែលបណ្ដាលឱ្យស្លាប់ អាយុជីវិត ពលរដ្ឋទន់ខ្សោយ” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist