អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានថ្លែង កាលពីថ្ងៃសុក្រថា ក្មេងស្រីជំទង់ មានផ្ទៃពោះនិងរៀបការរួច រាប់លាននាក់ នៅទូទាំងទ្វីបអាហ្រ្វិក កំពុងត្រូវបានបដិសេធមិនឱ្យទទួលបានការសិក្សាវែងឆ្ងាយបន្ដទៀត ដោយគោលនយោបាយរើសអើងនានា។ ក្មេងស្រីជាង ៤៩ លាននាក់ នៅអនុតំបន់សាហារ៉ាអាហ្រ្វិក បានឈប់រៀនត្រឹមថ្នាក់បឋមសិក្សា ឬមធ្យមសិក្សា និងក្មេងស្រី ៣១ លាននាក់ផ្សេងទៀត បានឈប់រៀន ត្រឹមថ្នាក់ក្រោយមធ្យមសិក្សា។

ការរៀបអាពាហ៍ពិពាហ៍នៅអាយុក្មេងពេក និងការមានផ្ទៃពោះ នៅវ័យជំទង់ គឺជាកត្តានាំមុខគេ ដែលបណ្ដាលឱ្យក្មេងស្រី បោះបង់ការសិក្សាចោល។ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក ក្មេងស្រីចំនួន ៤០ ភាគរយ បានរៀបការមុនអាយុ ១៨ ឆ្នាំ ហើយនៅក្នុងបណ្ដាប្រទេស អនុតំបន់សាហារ៉ាចំនួន ១៤ ប្រទេស ក្មេងស្រីចំនួន ៣០ ទៅ ៥១ ភាគរយ បានសម្រាលកូន មុនឈានចូលអាយុ ១៨ ឆ្នាំ។

យោងតាមលោក Elin Martinez អ្នកស្រាវជ្រាវសិទ្ធិកុមារ នៅអង្គការឃ្លាំមើលសិទ្ធិមនុស្សឱ្យដឹងថា នៅទ្វីបអាហ្រ្វិក មានអត្រាមានផ្ទៃពោះរបស់ក្មេងស្រីជំទង់ខ្ពស់បំផុតក្នុងពិភពលោក ប៉ុន្ដែរដ្ឋាភិបាលភាគច្រើន នៅតែបន្ដដោះស្រាយបញ្ហាសង្គម និងសុខភាពសាធារណៈនេះ តាមរយៈការដាក់ទណ្ឌកម្មលើក្មេងស្រី និងបង្កភាពអន្ដរាយដល់អនាគតរបស់ពួកគេ..... រដ្ឋាភិបាលគួរតែផ្តោតការយកចិត្ដទុកដាក់លើការជួយក្មេងស្រី ឱ្យអាចការពារការមានផ្ទៃពោះដោយអចេតនា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ដការសិក្សារៀនសូត្ររបស់ពួកគេ"។

នៅក្នុងបណ្តាប្រទេសអនុតំបន់សាហារ៉ា ក្មេងស្រីត្រូវបានបណ្តេញចេញពីសាលារៀន ដោយសារតែនាងមានផ្ទៃពោះ។ នៅប្រទេសតង់ហ្សានី មន្រ្តីបម្រើការនៅសាលារៀន បានធ្វើតេស្តផ្ទៃពោះ ដើម្បីកំណត់ថា តើក្មេងស្រីម្នាក់ណា ដែលគួរតែបណ្ដេញចេញពីសាលា សម្រាប់ការមានផ្ទៃពោះ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសអាហ្រ្វិក គួរតែផ្ដល់ការគាំពារដល់ម្តាយវ័យក្មេង និងផ្តល់ការអប់រំស្ដីពីសុខភាពផ្លូវភេទដល់កុមារ ព្រមទាំងសេវាសុខភាព ដែលងាយស្រួលសម្រាប់យុវជន។

ការការពារសិទ្ធិមនុស្ស និងការគោរពសិទ្ធិស្មើគ្នារបស់ស្ត្រី នៅតែបន្តជាកង្វល់របស់អន្តរជាតិ។ ក្នុងខែមិថុនា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានប្រគល់របាយការណ៍មួយទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យរដ្ឋាភិបាល បន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយអំពើហឹង្សាប្រឆាំងនឹងស្រ្ដី និងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា (LGBTQI )។

នៅខែមីនា អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានផ្ញើលិខិត និងអនុស្សរណៈមួយ ដល់ប្រធានសភាអ៊ីរ៉ាក់ ដោយភ្ជាប់ជាមួយនឹងអនុសាសន៍ ស្នើសុំឱ្យធ្វើវិសោធនកម្មលើសេចក្ដីព្រៀងច្បាប់ ស្ដីពីអំពើហិង្សាក្នុងគ្រួសារ។ កាលពីខែមីនា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សាលើស្ត្រី បានជំរុញឱ្យរដ្ឋាភិបាលអូស្រ្តាលី ដាក់បញ្ចូលស្ត្រីទាំងអស់ ចូលទៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist