កំពង់ចាម ៖ ដើម្បីលើកទឹកចិត្តដល់ សិស្សពូកែ ប្រចាំខេត្តកំពង់ចាម ដែលទទួលនិន្ទេសល្អប្រសើរ គឺនិន្ទេស A នោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានប្រកាសផ្តល់ រង្វាន់ដល់ កញ្ញា អិត ស្រីពៅ ដែលទទួលបាន និន្ទេសមួយនេះ សម្រាប់ការ ប្រឡងបាក់ឌុប ប្រចាំឆ្នាំ២០១៤ ដែលជាឆ្នាំ នៃកំណែទម្រង់ស៊ីជំរៅ ប្រព័ន្ធអប់រំ នៅក្នុងកម្ពុជា។

លោកស្នងការ បែន រ័ត្ន បានថ្លែងថា នៅពេលនេះ លោកបានឲ្យមន្រ្តី នគរបាល របស់លោក ទាក់ទងនៅកញ្ញា អិត ស្រីពៅ និងក្រុមគ្រួសារ ដើម្បីជួបនៅចុងសប្តាហ៍នេះ ក្នុងការផ្តល់រង្វាន់ ជូននាង ជាការលើកទឹកចិត្ត សម្រាប់សិស្សដែលរៀនពូកែ ប្រចាំខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ មិនទាន់បានបញ្ជាក់ថា តើនឹងផ្តល់រង្វាន់ យ៉ាងដូចម្តេច នោះទេ ប៉ុន្តែបើតាមការលួចបង្ហើបអាចថា នឹងផ្តល់ប្រាក់ ឫការឧបត្ថម្ភ កម្រិតណា ក្នុងការបន្តរៀន នៅសាកលវិទ្យាល័យនោះ ។

នេះជាការយកចិត្តទុកដាក់ និងគិតគូ មួយរបស់ ស្នងការខេត្តកំពង់ចាម ដល់សិស្សដែលរៀនពូកែ ដូច្នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំ តាមបណ្តាខេត្ត ផ្សេងទៀតនោះ នឹងអាចជួយការឧបត្ថម្ភ ឫរង្វាន់លើកទឹកចិត្តដល់ សិស្សដែលទទួលបាននិន្ទេសល្អប្រសើរ សម្រាប់ការប្រឡងបាក់ឌុបនា ឆ្នាំនេះ ក្នុងគោលបំណងឲ្យសិស្សជំនាន់ក្រោយ ខិតខំរៀនសូត្រតាម។

សូមបញ្ជាក់ថា កញ្ញា អិត ស្រីពៅ ជាសិស្សពូកែម្នាក់ ក្នុងចំណោមសិស្សពូកែទាំង១១នាក់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបាននិន្ទេស ល្អប្រសើរ គឺនិន្ទេស A សម្រាប់ការប្រឡងបាក់ឌុប នាឆ្នាំ២០១៤នេះ។

អិត ស្រីពៅ ជាសិស្សរៀននៅវិទ្យាល័យ សម្តេច ជួន ណាត ក្នុងខេត្តកំពង់ចាម និងជាសិស្សពូកែ ធ្លាប់ចូលរួមប្រឡង ថ្នាក់ជាតិផងដែរ ។ នាងរស់នៅក្នុងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយមានបងប្អូន៨នាក់ (ប្រុស៧ស្រី១)៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល