(តូក្យូ)៖ សត្វដំរីមួយក្បាលដែលត្រូវបានគេទទួលស្គាល់ថា មានអាយុចាស់ជាងគេលើលោកនោះ បានបាត់បង់ជីវិតហើយ នៅក្នុងសួនសត្វតូចមួយរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

ដំរីខាងលើនេះមានឈ្មោះថា Hanako ដែលមានន័យថា «ក្មេងផ្កា» ត្រូវបានអ្នកថែទាំងសួនសត្វ ប្រទះឃើញដេកសម្ងំនៅឯសួនសត្វ Inokashira ជាយទីក្រុងតូក្យូ តាំងពីល្ងាចថ្ងៃព្រហស្បតិ៍មកម្ល៉េះ។ បន្ទាប់ពីបានដឹងរឿងនេះ ពេទ្យសត្វបានព្យាយាមជួយសង្គ្រោះនាងអស់ជាច្រើនម៉ោង ប៉ុន្តែគួរឲ្យអាសូរ ណាស់ ដំរីញីវ័យ ៦៩ឆ្នាំនេះ បានដល់ពេលត្រូវលាចាកលោកនេះទៅហើយ។

គួរបញ្ជាក់ថា Hanako ត្រូវបានអង្គការគាំទ្រសិទ្ធិសត្វព្រៃពិភពលោក ចាត់ទុកជាដំរីក៏កម្សត់ និងឯកោបំផុត ព្រោះមុននឹងនាងបានមករស់នៅសួនសត្វនេះ នាងធ្លាប់ត្រូវបានគេឃុំខ្លួននៅក្នុង ទ្រុងសង់ពីបេតុង ដ៏តូចចង្អៀតមួយ ដែលគ្រាន់តែនិយាយបែបនេះ គ្រប់គ្នាអាចដឹងថា ស្ទើរមួយជីវិតរបស់នាង ប្រៀបដូចសត្វជាប់ទ្រុង ដែលឯកោគ្មាននរណាអាចសង្គ្រោះទាន់ពេលវេលា។

ដោយហេតុនេះហើយ ទើប Hanako បានក្លាយជាកម្លាំងរុញច្រានមួយ ឲ្យអង្គការខាងលើនេះធ្វើការ សង្គ្រោះប្រភេទសត្វដំរី ដែលត្រូវបានគេឃុំឃាំង ឬធ្វើទារុណ្ឌកម្ម។ គ្រាន់តែបានដឹងរឿងនេះភ្លាម ស្ថានទូតថៃប្រចាំទីក្រុងតូក្យូ ក៏បានបញ្ជូនសារសម្តែងក្តីសោកស្តាយមួយផងដែរថា ការបាត់បង់ Hanako នេះជារឿងមួយដ៏គួរឲ្យសោកស្តាយបំផុតសម្រាប់ប្រជាជនថៃ ដែលស្រឡាញ់សត្វដំរី និង ប្រជាជនជប៉ុនព្យាយាមអភិរក្ស៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី