(ភ្នំពេញ)៖ សំណុំរឿងលួចប្រាក់ធនាគារកាណាឌីណា ចំនួន២លាន៧សែនដុល្លារសហរដ្ឋអាមេរិក បានបន្តដល់តុលាការកំពូល បន្ទាប់ពីជនជាប់ចោទម្នាក់ ជាអតីតបុគ្គលិកធនាគារនេះ មិនសុខចិត្តការសម្រេចរបស់តុលាការថ្នាក់ក្រោម។

មន្ត្រីតុលាការកំពូល ថ្លែងថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ សំណុំរឿងនេះនឹងត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះសាជាថ្មី ដោយមានលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ជាតំណាងមហាអយ្យការ។

គួររំលឹកថា លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤កន្លងទៅ បានសម្រេចផ្តន្ទាទោសក្រុមជនជាប់ចោទ៦នាក់ ដាក់ពន្ធនាគារចាប់ពី២ឆ្នាំ ដល់៥ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ដល់ធនាគារកាណាឌីយ៉ា ចំនួន២លាន៧សែនដុល្លារ ព្រមទាំងជំងឺចិត្ត២០ម៉ឺនដុល្លារ ក្រោមការចោទប្រកាន់ពីបទក្លែងលិខិតឯកជន បទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល និងសមគំនិត តាមមាត្រា៦២៦, ៦២៧, ៣៩៣, ២៩ នៃក្រមព្រហ្មទណ្ឌ។

លោកចៅក្រមបានផ្តន្ទាទោស ឈ្មោះ យ៉េត សុភ័ត្រា ភេទស្រី អាយុ៣០ឆ្នាំ អតីតបុគ្គលិកធនាគារកាណាឌីយ៉ា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ពីបទក្លែងលិខិតឯកជន និងបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល។ ផ្តន្ទាទោសឈ្មោះ ស៊ន សៅរ៍នីន ភេទប្រុស អាយុ៣៣ឆ្នាំ អតីតមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ឈ្មោះ ឡេង ស៊ុនគ្រី (អ្នកប្តឹងឧទ្ឋរណ៍) ភេទប្រុស អាយុ៣២ឆ្នាំ អតីតបុគ្គលិកធនាគារកាណាឌីយ៉ា និងឈ្មោះ ទេព វិនចាន់នី ភេទស្រី ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ និងពិន័យ៤លានរៀល ពីបទសមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល។ ផ្តន្ទាទោសឈ្មោះ ចក់ គឹមឡេង អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ៣ខែ និង១២ថ្ងៃប៉ុណ្ណោះ។ ក្នុងសាលក្រមដដែលនេះ ចៅក្រមក៏បានចេញដីកាចាប់ខ្លួនឈ្មោះ ទេព វិនចាន់នី ផងដែរ។

ហេតុការណ៍លួចប្រាក់ធនាគារកាណាឌីយ៉ានេះ កើតឡើងកាលពីអំឡុងខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៣ នៅធនាគារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី