ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ បានបញ្ជាឲ្យកងកម្លាំង មានសមត្ថកិច្ចចេញប្រតិបត្តិការ ចាប់ខ្លួនលោក ឈូក បណ្ឌិត និងអ្នកពាក់ព័ន្ធអំពើហិង្សា ក្បែរទីលានប្រជាធិបតេយ្យថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នេះគឺជាដំណឹងល្អ សម្រាប់កម្មការិនីទាំង៣នាក់ ដែលបានរងគ្រោះគ្រាប់កាំភ្លើង របស់អតីតអភិបាលក្រុងរូបនេះ ក្នុងអំឡុងពេល ដែលក្រុមកម្មករបម្រើការងារ នៅរោងចក្រកៅវ៉េ បានធ្វើបាតុកម្ម កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១២។

ថ្លែងក្នុងពិធីសម្ពោធ ស្ពានមិត្តភាពចិន-កម្ពុជាឆ្លងទន្លេបាសាក់តាខ្មៅ នៅព្រឹកថ្ងៃទី៣ សីហា ថា “រឿងឈូក បណ្ឌិត បើអត់ចាប់ខ្លួន គឺប៉ូលីសខុស ហើយប៉ូលិសអាំងទែប៉ូលតាមចាប់ខ្លួនផងដែរ”។

ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៦ កក្កដា ក្រុមកម្មការិនីទាំង៣នាក់ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ឲ្យពួកគេ ដូចករណីកញ្ញា សាសា អតីតពិធិការិនី CTN ដែលត្រូវលោក សុខ ប៊ុន វាយយ៉ាងដំណំ។

ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានស្នើឲ្យបញ្ចប់វប្បធម៌លាបពណ៌គ្នាផងដែរ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ អ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី១៥ កក្កដា ដែលចូលពាក់ព័ន្ធវ៉ៃជាមួយគេដែរ កុំឲ្យគេតាមចាប់ខ្លួនចេញមកឲ្យរហ័ស ហើយកុំថារឿងនេះ ជារឿងនយោបាយ ។ មើលកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤។ អត់មានកិច្ចព្រមព្រៀងណា ទៅត្រួតត្រាអាបទល្មើសព្រហ្មទណ្ឌបានទេ វាខុសពីកិច្ចព្រមព្រៀងទីក្រុងបារីស”។

សម្តេចថា វប្បធម៌សន្ទនាគឺនៅរក្សាដដែល ប៉ុន្តែបទល្មើសព្រហ្មទណ្ឌ អត់មានសន្ទនាជាមួយគ្នាទេ គឺបិទផ្លូវតវ៉ា។

សម្តេចនាយករដ្ឋមន្រ្តី បន្តថា “បញ្ជាតាមចាប់ខ្លួន។ នៅតែចាប់ខ្លួនរឿងព្រហ្មទណ្ឌប៉ូលិស អត់ចាប់ខ្លួនគឺខុសច្បាប់ ។ ក្នុងព្រឹត្តិការណ៍វ៉ៃហ្នឹង មានស្រីម្នាក់វ៉ៃទាត់ធាក់ដូចកីឡាកាសអីចឹង។ អីចឹងតាមចាប់ខ្លួនមីស្រីហ្នឹង ឲ្យបានមើល អានេះគេមិនហៅស្រ្តីទេ គឺហៅញីនិងមីស្រី វាជាការហួសពេក”។

សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ត្រូវតុលាការកម្ពុជា សម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ២០ឆ្នាំ និងបក្ខពួកផ្សេងទៀត៧ទៅ៨ឆ្នាំ ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី១៥កក្កដា។ បន្ទាប់បានមួយថ្ងៃលោក សម រង្ស៊ី ក៏បានចេញទៅប្រទេសបារាំងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល