កណ្តាល ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរស២នាក់ (ម្នាក់ទើបរៀបការ) ខណៈឪពុក របស់ពួកគេ ត្រូវឲ្យនៅក្រៅឃុំតាមរយៈការ តម្កល់ប្រាក់ចំនួន៣០០០ដុល្លារ ពាក់ព័ន្ធការប្រើអំពើហិង្សា លើក្រុមភ្លេង២នាក់ ឪពុក និងកូនបណ្តាលឲ្យ រងរបួស យ៉ាងធ្ងន់ធ្ងរ ។ សម្រាប់ពួកគេទាំង៣នាក់ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា»។ ការឃុំខ្លួនជនត្រូវ ចោទាំង២នាក់ ខាងលើនេះ បានធ្វើឲ្យនារីម្នាក់ ដែលជាប្រពន្ធរបស់ខ្លួនទើបរៀបការ ស្រែកទ្រហោយំយ៉ាងខ្លាំងនៅមុខតុលាការ ។

ចំពោះការចោទប្រកាន់ និងសម្រេចឃុំខ្លួន ជនទាំង៣នាក់នេះ ត្រូវបានសាច់ញាតិ និងមេធាវីការពារក្តី មិនអាចទទួលយក ដោយ សំអាងថា ពួកគេមិនបាន ប្រព្រឹត្តដូចការ ចោទប្រកាន់នោះឡើយ ពោលគឺក្រុមភ្ញៀវនោះទេ ដែលជាអ្នកព្រួត វាយភាគីជនរងគ្រោះ។ មេធាវីការពារក្តីរបស់ជនទាំង៣នាក់ បានស្នើសុំឲ្យ តុលាការ ធ្វើការដោះលែងឲ្យ នៅក្រៅឃុំ និងសុំឲ្យសមត្ថកិច្ច ទាំងអាវុធហត្ថ និងនគរបាល ធ្វើរបាយការណ៍ សារជាថ្មី ព្រមទាំងចាត់វិធានការណ៍ ចំពោះជនរងគ្រោះម្នាក់ជាឪពុក ប្រើកំាភ្លើងខុសច្បាប់។

សូមបញ្ជាក់ថា រឿងរ៉ាវដែលឈានទៅ ដល់ការប្រើអំពើ ហិង្សាខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះការ ខាងបុ្រស ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើឲ្យ ឪពុក និងកូន២នាក់ ជាអ្នកភ្លេង បានរងរបួសធ្ងន់ ក្រោយពីមនុស្សមួយក្រុម បាននាំគ្នាព្រួតវាយ ដោយសារឌឺដងគ្នា រឿងសុំបន្តចាក់បទចម្រៀង៤ទៅ៥បទទៀតទើបឈប់ ។

យោងតាម របាយការណ៍ របស់មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ពិធីមង្គលការនេះមាន កូនកំលោះឈ្មោះ ផាត សុគា និងកូនក្រមុំ ឈ្មោះ ផូ ស្រីភីម រីឯជនរងគ្រោះឈ្មោះ លី ម៉ន អាយុប្រហែល៥៥ឆ្នាំ ជាឪពុក និងឈ្មោះ ឈាង សុងម៉េង អាយុ៣៨ឆ្នាំមុខរបរ នាយអាវុធហត្ថលើផ្ទៃប្រទេស រងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋ ហៅឡានពេទ្យបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗ តែដោយសភាពរបួសឈ្មោះ លី ម៉ន (ឪពុក) ធ្ងន់ធ្ងរពេក ទើប ក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះនៅ ប្រទេសវៀតណាម។ របាយការណ៍បានបន្តថា កន្លែងកើតហេតុ ជាផ្ទះមង្គលការ (ខាងប្រុស) កូនកំលោះឈ្មោះ ផាត សុគា និងកូនក្រមុំ ឈ្មោះផូ ស្រីភីម ដែលម្ចាស់ផ្ទះឈ្មោះ ឡោ ផាត ជាឪពុកកូនកំលោះ បានជួលភ្លេង របស់ជនរងគ្រោះ មកចាក់កំដរ ក្នុងពិធីមង្គលការកូន លុះដល់ម៉ោង១១យប់ ដល់ពេល ត្រូវបិទភ្លេងក្រុមជនសង្ស័យ រួមនឹងកូនកំលោះ បានប្រាប់អោយម្ចាស់ភ្លេង ចាក់បន្តហូត ដល់ម៉ោងកើតហេតុ ។

នៅពេលដែលជនរងគ្រោះជាឪពុកបានបិទភ្លេង ក៏កើតជាជម្លោះ ប្រកែកពាក្យសម្តី ហើយក្រុមជនសង្ស័យគប់ដបទឹក កែវស្រា និងស្ទុះមកព្រួតវាយ ជនរងគ្រោះជាឪពុក បណ្តាលអោយរងរបួសជាទម្ងន់។ ឃើញដូច្នេះ ជនរងគ្រោះជា កូនបានដកកាំភ្លើងខ្លី បាញ់ឡើងលើ១គ្រាប់ ដើម្បីបង្អាក់សកម្មភាព ទាំងនេះតែ ត្រូវជនសង្ស័យ (បងបង្កើតកូនកំលោះ) ដណ្តើមយកកាំភ្លើងបាន ក៏វាយទៅលើ ជនរងគ្រោះ និងអាវុធខ្លីនោះ ចំណែកបក្ខពួកមានខ្លះយកកែវស្រា ដបស្រា ដំបង មកព្រួតគ្នាវាយ ទៅលើជនរងគ្រោះពីនាក់ឪពុកកូន បណ្តាលអោយរងរបួសជាទម្ងន់ រហូតដល់ សន្លប់បាត់ស្មារតី លើចិញ្ចើមផ្លូវជាតិលេខ១មុខរោងការ ហើយក្រុមជនសង្ស័យ ខ្លះនៅបន្តផឹកស៊ី ខ្លះរត់គេចចេញពីកន្លែង កើតហេតុ ខាងម្ចាស់ដើមការ នាំគ្នាចាក់សោរ ផ្ទះសង្ងំដូចគ្មាន រឿងអ្វីកើតឡើង ។

មេបញ្ជាការ មូលដ្ឋានអ.ហ ស្រុកកៀនស្វាយ រាយណ៍ ករណីនេះជូនថ្នាក់ខេត្ត គ្រប់លំដាប់ថ្នាក់ ពិសេសដោយយល់ឃើញថា បទល្មើសនេះ ជាបទល្មើស ជាក់ស្តែង មានលក្ខណៈធ្ងន់ធ្ងរ លោកបានសុំបទបញ្ជាធ្វើការ ឡោមព័ទ្ធ ទីកន្លែងផ្ទះកើតហេតុ ដើម្បីការពារក្រុមជនសង្ស័យ ខ្លាចមានការសងសឹកពីក្រុមជនរងគ្រោះ និង កុំអោយរត់គេចខ្លួន ការពារមិនអោយបាត់បង់វត្ថុតាងពីកន្លែងកើតហេតុជាដើម ។

ទន្ទឹមគ្នានេះដែរ លោកបានព្យាយាមទំនាក់ទំនងអ្នកជិតខាង ពិសេសផ្ទះមង្គលការ ដើម្បីសាកសួរព័ត៌មាន តែម្ចាស់ផ្ទះទាំងនោះពុំព្រមឡើយ។ លុះព្រឹកឡើងម៉ោង៩ ទៅហើយក៏ម្ចាស់ផ្ទះការ នៅតែពុំព្រមបើកទ្វារ អោយសមត្ថកិច្ចដដែល ទោះបីមានអាជ្ញាធរ មូលដ្ឋាន ចូលរួមក៏ដោយ រហូតដល់ម៉ោង៩.៥០នាទី នៅពេលដែលលោកព្រះរាជអាជ្ញារង ដឹកនាំមន្រ្តីជំនាញ អ.ហ ថ្នាក់ខេត្តមកដល់ ទើបក្រុមម្ចាស់ផ្ទះការបើកទ្វារចេញ មកជួប សមត្ថកិច្ចធ្វើការសួរនាំ រហូតដល់មានការនាំខ្លួនយកទៅសួរនាំ និងសម្រេចបញ្ជូន ទៅតុលាការ តែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល