(ភ្នំពេញ)៖ ភាពភ្ញាក់ផ្អើលជាមួយពាក្យពេចន៍រិះគន់ធ្ងន់ៗ បានលេចចេញជាហូរហែនៅលើទំព័រ Facebook ទៅលើសាកលវិទ្យាល័យ IIC បន្ទាប់ពីសាកលវិទ្យាល័យមួយនេះ បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចជូន ឧកញ៉ា ទ្រី ភាព ដែលបានសាងភាពមានបានជាមួយជំនួញឈើប្រណីត តាមរយៈការកាប់ព្រៃឈើនៅតាមបណ្តាខេត្តមួយចំនួន ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចនោះ។

សាកលវិទ្យាល័យ IIC កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ បានបង្កើតក្រុមប្រឹក្សាវាយតម្លៃផ្តល់សញ្ញាបត្រកិត្តិយសជូន ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ដើម្បីពិនិត្យលក្ខណៈសម្បត្តិប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ចជូន ឧកញ៉ា ទ្រី ភាព។ ដោយការពិនិត្យឃើញថា ឧកញ៉ា ទ្រី ភាព បានខិតខំស្រាវជ្រាវ និងចងក្រងនូវសៀវភៅ ២ក្បាល ដែលក្នុងនោះ ១ក្បាលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកភាពជោគជ័យលើវិស័យសេដ្ឋកិច្ច» និង ១ក្បាលទៀត មានចំណងជើងថា «ក្រ អាច មាន» និងបានពិនិត្យឃើញឧកញ៉ា ទ្រី ភាព បានសាងភាពមានបានពីបាតដៃទទេ នោះសាស្ត្រាចារ្យបណ្ឌិតចំនួន ១៥រូប បានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចជូន ឧកញ៉ាទ្រី ភាព តែម្តង។

ឧកញ៉ា ទ្រី ភាព មានអតីតកាលជាកូនកសិករ ជាអ្នកឡើងត្នោតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយក៏មិនទទួលបានការ អប់រំជ្រៅជ្រះនោះដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ និងសាច់ញាតិរបស់លោក។

ឧកញ៉ា ទ្រី ភាព ធ្លាប់មានជីវភាពយ៉ាប់យ៉ឺនខ្លាំង រហូតមានពេលខ្លះដាច់បាយ ក៏មានកាលពីអំឡុងឆ្នាំ២០០០ តែជីវិតរបស់លោកត្រូវបាន ប្រែក្លាយជាធូរធា និងរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាសេដ្ឋីនៅក្នុងរយៈពេលប្រមាណជាង ១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការជួយជ្រោមជ្រែង ពីមន្រ្តីជាន់ខ្ពស់មួយរូប។ ជីវិតរបស់ឧកញ៉ា ទ្រី ភាព បានក្លាយជារីកចម្រើនខ្លាំង បន្ទាប់ពីរូបលោកទទួលបាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងការស្តារឈើពីបាតអាងវារីអគ្គិសនីអាតៃ ក្នុងខេត្តពោធិ៍សាត់ ហើយក៏ជាឱកាស ដែលរូបលោកប្រមូលទិញឈើប្រណីតក្នុងខេត្តមួយនេះ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលក់ឲ្យឈ្មួញ។

ជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏ពង្រីកខ្លួនទៅកាប់ឈើនៅតាមបណ្តាខេត្តជាច្រើនទៀត ដូចជានៅរតនគិរី មណ្ឌលគិរី និង ព្រះវិហារ ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ និយាយជារួមមកជីវិតរបស់ឧកញ៉ាដ៏ល្បាញល្បី រូបនេះ បានរីកចម្រើនរហូតដល់ក្លាយជាសេដ្ឋីមានលុយរាប់រយលានដុល្លារ គឺពឹងផ្អែកទាំងស្រុងទៅជំនួញព្រៃឈើ។

ដោយមើលឃើញពីការវិវឌ្ឍន៍ នៃជីវិតរបស់ឧកញ៉ា ទ្រី ភាព ពីអ្នកក្រក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័សនេះហើយ ទើបសកលវិទ្យាល័យ IIC ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសជូនលោកឧកញ៉ា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ នាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរនៅលើបណ្តាញសង្គម Facebook។

អ្នកលេង Facebook ម្នាក់បានសរសេរថា «ចូលរួមអបអរសាទរ បណ្ឌិតបំផ្លាញព្រៃឈើ ជាធនធានកម្ពុជា ហើយកូនខ្មែរទាំងអស់ចាំថា សកលវិទ្យាល័យ IIC ក៏បានរួមចំណែកបំផ្លាញធនធានធម្មជាតិព្រៃឈើ ដែលជាសម្បត្តិ ដ៏មានតម្លៃរបស់ខ្មែរដែរ។ ខ្ញុំនិងប្រាប់បងប្អូន កូនក្មួយ និងសាច់ញាតិ ៧សន្តាន របស់ខ្ញុំ មិនឲ្យចូលសិក្សាសកលវិទ្យាល័យ IICនេះដាច់ខាត»។

អ្នកលេង Facebook ម្នាក់ទៀតបានលើកឡើងថា «មិនគួរសោះដែលលើកដំកើងជនដែលបំផ្លាញធនធានធម្មជាតិ ស្ទើរតែអស់ព្រៃឈើនៅក្នុងស្រុកខ្មែរទៅហើយនោះ មិនថាតែព្រៃឈើនៅខាងស្រុកខ្ញុំទេ គឺវាលដោយសារស្នាដៃគាត់ និងគូកនកូនចៅគាត់នឹងរលីងហើយ នៅមានមុខជាបណ្ឌិតទៀតហ្ន៎»។

អ្នកខ្លះបានលើកឡើងបែបបញ្ឆិតបញ្ឆៀងថា ចង់ប្តូរអាជីពទៅកាប់ឈើថែមទៀតផង ដើម្បីបានបណ្ឌិតហ្នឹងគេ «ហាស ហាស ហាស ... បណ្ឌិត ។ ស្អែកចង់ដូរអាជីពអ្នកកាប់ឈើ បំផ្លាញជាតិ និងគេដែរហើយ ក្រែងឡើងបណ្ឌិតហ្នឹងគេ ។ ចាំឈ្មោះសាកលវិទ្យាល័យនេះទុកសម្រាប់កូនចៅយើង»។

ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត បាននិយាយដោយបង្ហាញភាពសោកស្តាយរបស់ខ្លួនថា «ភាពពិតជាការបន្លំភ្នែក, ឡប់ឡែ ឬជាការភូតកុហក មហាជន ដើម្បីឲ្យទ្រីភាពរស់នៅសាងអំពើបំផ្លាញបន្តទៀត។ ទ្រី ភាព ជាប់ឈ្មោះជាអ្នកបំផ្លាញព្រៃឈើខ្មែរ ធើ្វមានបាន និងការលើកតម្កើង ទ្រី ភាព ជាទីប្រឹក្សា និងទទួលបានសញ្ញាបត្រកិតិ្តយស ក៏ព្រោះចង់បញ្ជាក់ថា ទ្រី ភាព ជាមនុស្ស ដែលបានកសាងសេដ្ឋកិច្ច នៃប្រទេសនេះ»។

សូមបញ្ជាក់ថា ការរិះគន់នេះ នៅមានជាច្រើនទៀត តែ Fresh News សូមដកស្រង់នូវការរិះគន់តែមួយចំនួនប៉ុណ្ណោះ, ខាងក្រោមនេះជា Comment របស់បងប្អូនប្រជាពលរដ្ឋនៅលើ Facebook៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី