(ភ្នំពេញ)៖ តារាចម្រៀង ទិត្យ វិច្ឆិកា អ្នកដឹកនាំកម្មវិធី «តន្រ្តីសប្បុរសធម៌ កម្លាំងចិត្តសិល្បករខ្មែរជួយខ្មែរ» បានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទមួយ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា ការស្វែងរកថវិកា តាមរយៈការប្រគំតន្រ្តី សប្បុរសដ៏ធំមួយនេះ មិនអាចស្វះស្វែងរកថវិកា គ្រប់ចំនួនដើម្បីកសាងសាលា និងស្ពាន ស្ថិតនៅក្នុងស្រុកថ្មបាំង ក្នុងខេត្តកោះកុង តាមការគ្រោងទុក បាននោះឡើយ ខណៈដែលម្ចាស់ស្ពន់ស៊័រ ជាច្រើនមិនបានចូលរួម ពេលកម្មវិធីប្រគំតន្រ្តីចាប់ផ្ដើម ពោលហាក់មិនបានគោរព តាមការសន្យា កាលពីមុនចាប់ផ្ដើមប្រគំតន្រ្តី នោះទេ។

លោក ទិត្យ វិច្ឆិកា បានលើកឡើងថា កម្មវិធីប្រគំតន្រ្តី សប្បុរសធម៌ កម្លាំងចិត្តសិល្បករខ្មែរជួយខ្មែរ ដែលបានធ្វើឡើងរយៈពេល៤ ថ្ងៃកន្លងទៅនេះ គឺប្រមូលបានថវិកា សរុបប្រមាណជា ២៦,៤០០,០០០រៀល ខណៈដែលថវិកាដែលត្រូវចំណាយ កសាងសាលាមួយខ្នង (៣បន្ទប់) និងស្ពានឈើមួយខ្សែ (ប្រវែង៣០ម៉ែត្រ) នៅក្នុងភូមិជាំស្លា ឃុំជីហាត ស្រុកថ្មបាំង ខេត្តកោះកុង គឺគ្រោងនឹងចំណាយថវិកាអស់ប្រមាណ ជាង៣ម៉ឺនដុល្លារអាមេរិក។

លោកបញ្ជាក់ទៀតថា មូលហេតុដែលកម្មវិធីប្រគំតន្រ្តី សប្បុរសធម៌នេះ មិនទទួលបានថវិកាគ្រប់ចំនួន តាមការគ្រោងទុកនោះ គឺដោយសារតែកម្មវិធីបានជួបប្រទះ នូវបញ្ហាមួយចំនួន ដូចជាបញ្ហាអាកាសធាតុ (មានភ្លៀង) ធ្វើឲ្យអ្នកឧបត្ថម្ភកម្មវិធីជាច្រើន បានដកខ្លួនចេញ មិនចូលរួមដូចដែលបានសន្យាគ្នា មុនពេលប្រគំតន្រ្តី។ ជាពិសេសម្ចាស់ស្ដង់លក់ទំនិញ ដែលប្រកាសថា នឹងចូលរួមដាក់ស្ដង់បង្ហាញផលិតផលរបស់ខ្លួន ក៏អាក់ខាន មិនបានមកដាក់លក់ផលិតផល តាមបណ្ដាក្រុមហ៊ុននានា នោះដែរ។

ទោះបីជាកម្មវិធីប្រគំតន្រ្តី មិនបានឆ្លើយតប តាមតម្រូវការក្ដី ប៉ុន្តែលោក ទិត្យ វិច្ឆិកា នឹងនៅតែបង្ហាញឆន្ទៈយ៉ាងមោះមុត ដើម្បីនាំយកថវិកា ដែលប្រមូលបានទាំងអស់នោះ ទៅកសាងសាលាជូន ដល់សិស្សក្រីក្រទាំងនោះដដែល ហើយលោកនឹងអំពាវនាវដល់សប្បុរសជន ទាំងអស់ឲ្យជួយឧបត្ថម្ភបន្ថែមទៀត លុះត្រាតែគម្រោងនេះត្រូវរួចរាល់ និងទទួលបានជោគជ័យ។ យ៉ាងណាមិញ លោក ទិត្យ វិច្ឆិកា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់កិត្តិយសចូលរួម និងផ្ដល់នូវថវិកាផ្ទាល់ខ្លួន ដល់កម្មវិធីសប្បុរធម៌ កសាងសាលានេះផងដែរ។

ជាមួយគ្នានេះ លោក ទិត្យ វិច្ឆិកា ក៏អរគុណដល់អាជ្ញាធរដែនដី អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌពោធិសែនជ័យ ដែលបានផ្ដល់កម្លាំងការពារសុវត្ថិភាព ម្ចាស់បុរីញូវថោន ដែលបានផ្ដល់ទីតាំង ក៏ដូចជាសិល្បករ-សិល្បការិនីទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្ម ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាពិសេសជួយដល់ជនក្រីក្រ នៅក្នុងប្រទេសយើង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង