ភ្នំពេញ៖ បន្ទាប់ពី មានហេតុការណ៍ កាប់ចាក់គ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅក្នុង រោងអាពាហ៍ពិពាហ៍មួយកន្លែង ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ កាលពីយប់មិញនេះ សមត្ថកិច្ច បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៩នាក់ ដែលជាសាច់ញាតិខាងកូនកំលោះ ដោយសារគេសង្កេតឃើញ ថា ក្រោយពីមានហេតុការណ៍កើតឡើង កូនកំលោះបានរត់ចោលរោងការ ។

ទាក់ទិននឹងករណីនេះ ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ដើម្បីវែកមុខជនដៃដល់ ដែលវាយសម្លាប់ ជនរងគ្រោះ ។ មូលហេតុដែលសមត្ថកិច្ច សម្រេច ឃាត់ខ្លួនជនសង្ស័យទាំង៩នាក់នេះ ព្រោះដោយសារ ក្រោយពីមានករណីវាយកាប់ចាក់គ្នា បណ្តាល ឲ្យស្លាប់និងរបួសគឺ កូនកំលោះបានរត់ចោលរោងការ មិននៅទទួលខុសត្រូវ និងដោះស្រាយបញ្ហានោះទេ ហេតុនេះហើយ សមត្ថកិច្ចសង្ស័យថា ភាគីជនបង្ក គឺក្រុមបក្ខពួកកូនកំលោះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះសុខ ភក្តី ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅ ភូមិហង្សបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ(របួសធ្ងន់)។ ចំណែកជនរងគ្រោះម្នាក់ទៀត មានឈ្មោះគាំ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ(ស្លាប់) ហើយ ជនរងគ្រោះពីរនាក់ ខាងលើនេះ មានមុខរបរជាងផ្សារដែក ស្នាក់នៅក្នុងឃ្លាំងដាក់អេត ចាយក្បែរកន្លែង កើតហេតុ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា ៣នាក់ បាននាំគ្នា ដើរចេញពីឃ្លាំង ដាក់អេតចាយ ចម្ងាយពីរោងការប្រហែល ២០០ម៉ែត្រថា ទៅរកទិញទឹកអំពៅហូប ក្រោយមកក្រុមជនរងគ្រោះ ក៏នាំគ្នាដើរ ទៅមើលគេរាំធុងបាស ក្នុងពិធីអាពាហ៏ពិពាហ៏នោះ រួចហើយភ្ញៀវខាងកូនកំលោះ ធ្លាប់មានទំនាស់គ្នា និងក្រុម ជនរងគ្រោះ ពេលនោះគេចេះតែឌឺដងដាក់គ្នា ដល់អីចឹងភ្ញៀវខាងកូនប្រុសម្នាក់ ក្នុងចំណោម៩នាក់ ដែល សមត្ថកិច្ចយើងឃាត់ខ្លួន បានទាត់គូទជនរងគ្រោះម្នាក់ ឈ្មោះសុខ ភក្តី ហៅតឿ ១ជើង ពេលនោះ ក៏កើតមាន ទំនាស់គ្នាមួយប្រាវ ហើយមេភូមិ ក៏បានហៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍យើងមក ពេលមកដល់ឃើញស្ងប់ស្ងាត់ហើយ ក៏ប៉ុន្តែមេភូមិអត់បានដឹងថា ពួកគេដេញវាយជនរងគ្រោះស្លាប់ក្នុងដីឡូត៍ ក្បែរឃ្លាំងដាក់អេតចាយម្នាក់ និង ម្នាក់ទៀតរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា សពត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ ៩នាក់ ដែលឃាត់ខ្លួនគឺ កំពុងបន្តសាកសួរ ហើយអ្នកដែលពាក់ព័ន្ធ ត្រូវកសាងសំណុំរឿង បញ្ជូនខ្លួនទៅ តុលាការ ចំណែកអ្នកដែលមិនពាក់ព័ន្ធត្រូវធ្វើការអប់រំ ។ លើសពីនេះរោងការខាងលើនេះ គឺគ្មានច្បាប់អនុញ្ញត នោះទេ ដោយភាគីកូនកំលោះ កូនក្រមុំ សុខចិត្តមករៀបអាពាហ៍ពិពាហ៍នៅផ្ទះកូនកំលោះ ព្រោះដោយ សារពួកគេស្គាល់គ្នា និងរស់នៅជាមួយគ្នា រហូតភាគីខាងស្រីមានផ្ទៃ៣ខែ ទើបខ្មាសញាតិ ក៏សម្រេចរៀប មង្គលការ នៅទីតាំងកើតហេតុនោះតែម្តងទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល