កំពង់ស្ពឺ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាននឹងកំពុង តាមចាប់ខ្លួន មន្ដ្រីយោធា ផ្កាយពីរម្នាក់ ដោយសង្ស័យ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ទៅលើប្រពន្ធចុង និងកូនម្នាក់ អាយុជាង៣ខួប ហើយយកសពជនរងគ្រោះទាំងពីរនាក់ ទៅបោះទម្លាក់ចោលនៅជ្រោះពេជ្រនិល កាលពីអំឡុងខែមីនា ឆ្នាំ២០១៤កន្លងទៅ។

ការតាមចាប់ខ្លួនមន្ដ្រីយោធា ពាក់ផ្កាយ ពីរ ដែលសមត្ថកិច្ចមិនទាន់បង្ហាញពីអត្ដ សញ្ញាណនោះ បាន កើតឡើងក្រោយពី បុរសម្នាក់ជាកូនប្រសារបស់យោធាផ្កាយពីរ រូបនេះ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធនិងរួមគំនិតជាមួយឪពុកក្មេក ដោយយកសពជនរងគ្រោះទាំងពីរ នាក់ម្ដាយកូនទៅបោះចោលនៅជ្រោះពេជ្រនិល ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យដែលជាកូនប្រសារ របស់មន្ដ្រីយោធាផ្កាយពីររូបនេះ បានសារភាពថា រូបគេជាអ្នកយកសពជនរងគ្រោះទាំងម្ដាយនិងកូនចេញពីបន្ទប់ឪពុកក្មេក ហើយខ្ចប់នៅ ក្នុងថង់បា្លស្ទិចយកទៅបោះចោល នៅជ្រោះពេជ្រនិល ត្រូវបានអ្នកកាប់អុសប្រទះឃើញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ។

ដំបូងឡើយ គេស្មានថា ជនសង្ស័យជា កូនប្រសារឈ្មោះជា សុខសំណាង អាយុ ៤៥ឆ្នាំ គឺជាជនដៃដល់ ហើយត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ។

យោងតាមចម្លើយសារភាពរបស់ជា សុខ សំណាង បានបង្ហាញយ៉ាងច្បាស់ថា មន្ដ្រីយោធា ពាក់ផ្កាយពីរ ដែលជាឪពុកក្មេក គឺជាជនដៃដល់ ក្នុងអំពើឃាតកម្ម សម្លាប់ប្រពន្ធចុងនិងកូនរបស់នាង នៅក្នុងបន្ទប់ ប៉ុន្ដែមិនដឹងថា ផ្ដើម ចេញពីមូលហេតុអ្វីនោះឡើយ ។

គួររំឮកថា សពស្ត្រីជាម្តាយ និងកូន ត្រូវបានគេសម្លាប់ច្រកថង់ យកទៅបោះចោលនៅពេជ្រនិល ហើយត្រូវបាន អ្នកកាប់អុសបានប្រទះឃើញ នៅក្នុងជ្រោះពេជ្រនិល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា យោងតាម អត្ដសញ្ញាណប័ណ្ណ២សន្លឹក ដែលនៅជាប់នឹង សពស្ដ្រីរងគ្រោះ គឺមានឈ្មោះ ប៉ាវ ដារី ភេទស្រី កើតនៅ ក្នុងឆ្នាំ១៩៨៤ មានទីលំនៅក្នុងភូមិក្រាំងក្រង ឃុំស្វាយ ស្រុកចំការលើ ខេត្ដកំពង់ចាម និង ២-ឈ្មោះ វ៉ា ដារី ភេទស្រី កើតឆ្នាំ១៩៨៧ មានស្រុកកំណើតជាមួយគ្នា ។ ក៏ប៉ុន្តែគេពុំដឹងពិតប្រាកដថា សពស្រ្តីរងនេះ គឺមានឈ្មោះ មួយណានោះទេ។ ចំណែក ឯក្មេងស្រីដែលស្លាប់ រុំនៅក្នុងថង់ប្លាស្ទីកនោះ ក៏មិនត្រូវស្គាល់ អត្ដសញ្ញាណនោះដែរ ប៉ុន្តែសមត្ថកិច្ច សន្និដ្ឋានថា ជាកូនរបស់ស្ដ្រីរងគ្រោះ មានអាយុ ប្រហែល ៣ឆ្នាំប៉ុណ្ណោះ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពម្ដាយនិងកូនតូចនេះ អាចជាករណីគំនុំ ពីព្រោះស្ដ្រីរងគ្រោះនិងកូនត្រូវ ឃាតករ រឹតកសម្លាប់ ហើយសពមាន សភាពហើមរលួយទៅហើយ៕

- អាន ៖ ចាប់ខ្លួន មន្ត្រីយោធាផ្កាយ២ម្នាក់ ពាក់ព័ន្ធនឹង ករណីសម្លាប់ ម្តាយនិងកូន រួចយកសព ទៅបោះចោល នៅពេជ្រនិល

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល