ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានឯកភាព និងចុះហត្ថលេខារួចស្រេចអស់ហើយ ដើម្បីបង្កើតមានឲ្យមានជើងហោះហើរត្រង់ពីជប៉ុន មកកាន់កម្ពុជា។ បើតាម លោក Akihiro Ohta រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៥ ខែសីហា នៅវិមានសន្តិភាព បានឲ្យដឹងថា តាមរយៈការចុះហត្ថលេខា រវាងអាកាសចរណ៍ ស៊ីវិលកម្ពុជា និងជប៉ុន នឹងមាន ការហោះហើរត្រង់ ពីទីក្រុងណារីតា មកភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខ ព្រមជាមួយ ការហោះហើរត្រង់ពីព្រលានយន្ត ហោះណារីតា មកកាន់ព្រលាន យន្តហោះខេត្តសៀមរាប នៅខែតុលា ខាងមុខ ក៏នឹងមានផងដែរ។ នេះបើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

បើតាមការឲ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ថា នៅថ្ងៃទី០១ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងបើកការហោះហើរត្រង់ពីទីក្រុងណារីតា មកកាន់រាជធានីភ្នំពេញ ៣ដងក្នុងមួយសប្ដាហ៍ និងជើងហោះហើរ ពី ណារីតា មកខេត្តសៀមរាប នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ តាមរយៈការហោះហើរ ៤ដង ក្នុងមួយសប្ដាហ៍។

លោកថា «ការបើកជើងហោះហើរត្រង់នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីប្រទេសជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត» ។ លោកបានបន្ថែមថា «ភ្ញៀវទេសចរជប៉ុន ភាគច្រើនគឺជាទេសចរមានវ័យចំណាស់ ពួកគាត់មិនចូលចិត្តការហោះហើរ ដោយផ្លាស់ប្ដូរជើងយន្តហោះនោះទេ មិនចង់ដូរជើងយន្តហោះ»។ គួររំលឹកថា ក្រុមហ៊ុនអាកាចរណ៍កូរ៉េខាងត្បូង ស្កាយវីងអេស៊ាអ៊ែឡាញ ៣២០ មួយគ្រឿងបានបើកការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប និងបន្ត ដំណើរ ដោយនាំអ្នកដំណើរចម្រុះជាតិសាសន៍ ១៧២នាក់ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ។

ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ ២លាន ២សែន ដោយបានកើនឡើង ៦ ភាគរយធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ ។ ជាគោលដៅផែនការយុទ្ធសាស្ត្រ ក្រសួទេសចរណ៍ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ អន្តរជាតិ ឲ្យបាន ៤លាន ៦សែន សម្រាប់ឆ្នាំ២០១៥ សង្ឃឹម ៥លាន នាក់ ២០២០អាចទទួលបានពី ៧ ទៅ ៨ លាននាក់ ។

ក្នុងជំនួបកាលជាមួយ សម្តេចតេជោ នោះដែរ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា៖ លោក Akihiro បន្តថា ក្រោយពីមាន ជំនួបរវាងសម្តេចតេជោ និង លោក នាយករដ្ឋមន្ត្រីជប៉ុន ហ្សីនហ្សូ អាបេ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន គឺកាន់តែជិតស្និទ ។ លោក Akihiro Ohta មានប្រសាសន៍ថា ជប៉ុនគឺចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ ផ្លូវដែលមានល្បឿនលឿន បញ្ហាទឹកស្អាត និងបញ្ហាអាកាសចរណ៍ស៊ីវិល ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រផ្តល់ជំនួយដល់កម្ពុជា។ សម្តេចបានសំដែង នូវការរីករាយ ចំពោះព័ត៌មានដែលថា ជប៉ុននឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ។ សម្តេចតេជោ ក៏បានយកឱកាសនេះ ស្នើដល់ ភាគីជប៉ុន ពិចារណាជួយ ជួសជុលស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដែលមានអាយុកាល ជាងកន្លះសតវត្ស និងមានការទ្រុឌទ្រោមទៅហើយនោះ។

លោក Akihiro Ohta បានជម្រាបជូនសម្តេចផងដែរថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន គឺជាស្ពាន ដែលបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពដ៏សំខាន់ហើយ លោកនឹងពិនិត្យ មើលលើបញ្ហានេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល