គេហទំព័របច្ចេកវិទ្យាកូរ៉េខាងត្បូង Moveplayer ទើបតែបង្ហើបឲ្យដឹង រួមជាមួយនឹងរូបភាពស្តីពី គំរូស្មាតហ្វូន Samsung ZEQ 9000។ វាត្រូវបានគេចាត់ទុកថាជា គំរូស្មាតហ្វូនដំបូងគេ ដែលប្រើ Tizen OS ជាមួយនឹងលក្ខណៈសម្បត្តិអេក្រង់ 4,8 inch កំរិតរីសូលុយហ្សិន 720p រួមនឹង CPU Snapdragon 800 2,3GHz។

បើតាម PhoneArena, Status Bar នៅផ្នែកខាងលើ គឺដូចជាមួយនឹងរូបភាពស្តីពី Tizen OS ដែល បានចចាមអារាម កាលពីចុងឆ្នាំមុន។ បើសិនជាឈ្មោះ ZEQ 9000 ពិតជានឹងមានមែននោះ វាពិតជានឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកុម្ភះ ខាងមុខនេះ នៅទីក្រុង បាសេឡូណា ប្រទេស អេស្បាញ។

រូបភាពស្មាតហ្វូន Samsung ZEQ 9000 ទើបតែចចាមអារាម (រូបភាព៖ BGR)

អ្វីដែលចាប់អារម្មណ៍ជាជំហានដំបូងនៅលើ ZEQ 9000 គឺវាមានការរចនាម៉ូត ដូចទៅនឹងស្មាត ហ្វូន Galaxy S3 និង Samsung Ativ S ជាមួយនឹងគែមទាំងបួនជ្រុង រាងមូលៗ និងប៊ូតុង Home ប្រចាំត្រកូល។ បណ្តាស្មាតហ្វូនដែលប្រើ ប្រព័ន្ធប្រតិបត្តិការ Tizen អាចនឹងមានឈ្មោះថ្មី ជាត្រកូល ZEQ។

Samsung ZEQ 9000 ត្រូវបានគេរំពឹងទុកថា នឹងមានពីរវើហ្សិន គឺវើហ្សិនប្រើស៊ីមមួយ និងប្រើ ស៊ីមពីរ ទៅតាមទីផ្សារផ្សេងៗគ្នា។ ការប៉ាន់ស្មានជាច្រើន បានឲ្យដឹងថា Samsung អាចនឹង បង្ហាញណែនាំគំរូស្មាតហ្វូនទាំងនេះ នៅតាមបណ្តា ទីផ្សារប្រទេសចិន និងឥណ្ឌា ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing