ភ្នំពេញៈ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ថ្មីៗនេះ មានប្រភពមួយ ទម្លាយឲ្យដឹងថា នាងកំពុងតែមានគម្រោង ដើរចេញពីសង្វៀនសិល្បៈស្ងាត់ៗ ដោយគ្មានស្តាយស្រណោះ ទៅសម្ងំបើកហាងលក់ពេជ្រ និងធ្វើជាថៅកែស្រី ដោយមិនខ្វល់ពីការងា សិល្បៈទៀតនោះទេ ខណៈដែលកន្លង មក ធ្លាប់លេចឮថា នាងមានទំនាក់ទំនងជាមួយ ថៅកែលក់ពេជ្រ ដ៏មានស្កុកស្ដម្ភម្នាក់ ក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា តារាស្រីរាងតូចច្រឡឹង មានទម្រង់មុខកូនកាត់ បបូរមាត់សិចស៊ី កញ្ញា តូតា កំពុងតែត្រៀម ខ្លួនបាយៗពីសិល្បៈ ទាំងស្រុងហើយ ។ ប៉ុន្តែការដកខ្លួនឃ្លាតឆ្ងាយ ពីសិល្បៈនេះ មិនមែនដោយសារនាង ត្រូវរៀបការ មានគ្រួសារចេញទៅរស់នៅក្រៅប្រទេស ជាមួយ ស្វាមីជាអណិកជន ដូចជាតារាសម្តែង នាង គឹម លីហ្សា ឬក៏ សារ៉ាយ សក្ខណា ទេ ធាតុពិតទៅការផ្តាច់ខ្លួន ពីអាជីពសិល្បៈ ដែលនាង ស្រលាញ់នេះ គឺដោយសារប្រុសកំពូលស្នេហ៍របស់នាង បានចំណាយទុន រាប់ម៉ឺនដុល្លារ បើកហាងលក់ពេជ្រ ទ្រង់ទ្រាយសមរម្យមួយ ឲ្យនាង រកស៊ីធ្វើជាថៅកែស្រី ដោយមិនចាំបាច់ខ្វល់ពី ការថតក្រោមកម្តៅ ថ្ងៃសន្សំប្រាក់ល្អិត ដូចពេលមុនៗទៀតទេ ។

បើតាមប្រភពព័ត៌មានលេចឮ ពីអ្នកសិល្បៈបានបង្ហើបឲ្យដឹងទៀតថា បើទោះជាពេលនេះ កញ្ញា តូតា កំពុងតែក្ដោបបាន ប្រជាប្រិយភាពលេចធ្លោ និងមានយ៊ីអុនឡើង ប្រៀបដូចជា កាំជណ្តើរស្ទើរតែ គ្មានពេលសម្រាកក៏ដោយ តែនាងហាក់ដូចជា មិនសូវ អើពើខ្វល់ខ្វាយលើការងារសិល្បៈ ដូចពេលមុនៗទេ ព្រោះថាពេលនេះ តូតា បានរកឃើញ ម្ចាស់គ្រងបេះដូង ដែលអាចមើលថែរក្សាជីវិតឲ្យរស់នៅសុខស្រួល មិនខ្វល់នឹង ការចេញសម្តែង រកប្រាក់ ដោយខ្លួនឯងដូចមុនៗទេ ពោលគឺពេលនេះអាចសម្ងំបន្ទុំសាច់ ធ្វើជាថៅកែស្រីលក់ពេជ្រ យ៉ាងរំភើយ មានគម្រោង បើកដំណើរការ ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងជំនួបដាច់ដោយឡែក ជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ តារាសម្តែងសម្បុរស្រអែម កញ្ញា តូតា បានប្រាប់ដោយសំឡេងល្វើយៗថា “ អត់មានទេបង ខ្ញុំមិនមានគម្រោងឈប់ ពីសិល្បៈដូចការលើកឡើងទេ ហើយខ្ញុំក៏គ្មានសមត្ថភាពអី យកលុយទៅបើកហាង លក់ពេជ្រដែរ...! បងដឹងស្រាប់ហើយថា ហាងពេជ្រមួយៗ មិនមែនចាយទុនតិចទេ..!” ។

តារាបង្ហាញម៉ូដ និងជាតារាសម្តែង ស្រីល្បីឈ្មោះ កញ្ញា តូតា បានប្រាប់ឲ្យដឹងទៀតថា មួយរយៈពេលនេះ នាងទទួលស្គាល់សន្ទុះ ការងារមានភាព រីកចម្រើនច្រើន មិនសូវមានពេលទំនេរទេ ចុះហេតុអីបានមានព័ត៌មានថា នាងមានបំណងចង់ឈប់ ពីសិល្បៈទៅវិញ ទាំងរាល់ថ្ងៃនាង កំពុង តែ ញាប់ដៃញាប់ជើង ស្ទើរគ្មានពេលសម្រាកទៅហើយនោះ ?

តារាស្រី ម៉ាក សែនសូនីតា បានប្រាប់ ដោយទទួលស្គាល់ទៀតថា “ តាមពិតទៅ ខ្ញុំបង្ហើបតិចចុះ ខ្ញុំពិតជាមានបំណងចង់បើកជំនួញរកស៊ីមួយមែន ប៉ុន្តែមិនមែនជាហាងលក់ពេជ្រទេ ព្រោះសមត្ថភាពខ្ញុំ ឈោងមិនដល់ ប៉ុន្តែទោះជាយ៉ាងណា ហាងដែលខ្ញុំមានគម្រោងបើកនេះ ក៏មិនតូចដែរ ហើយសម្រាប់ចំនួនទឹកប្រាក់ ក្នុងការចំណាយគឺ ខ្ញុំសូមរក្សាសិទ្ធិមិននិយាយនោះទេ ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល