ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ដោយឧត្តមសេនីយ៍ផ្កាយ ២ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ ក្រុងភ្នំពេញ ចាប់បានជនសង្ស័យ ផ្ញើកាដូគ្រាប់បែក នៅម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ នៅក្នុងហាងផ្ទេរប្រាក់ Wing ក្នុងសាខាខណ្ឌសែនសុខ។

ជនសង្ស័យផ្ញើកាដូគ្រាប់បែក ទៅម្ចាស់ហាងកាហ្វេ Prime ដើម្បីជម្រិត និងគំរាមទារប្រាក់ ដែលកម្លាំងអាវុធហត្ថរាជធានី ភ្នំពេញចាប់បាននោះ មានឈ្មោះ ថៃ សុភាព អាយុ២២ឆ្នាំ ជានិសិត្សឆ្នាំទី៣ ផែ្នកពេទ្យ នៅសាកលវិទ្យាល័យ PPIU ។ តាមការឲ្យដឹងពី ជនសង្ស័យបានសារភាពថា ខ្លួនគេបានយកផ្ញើគ្រាប់បែក ផ្លែទៀប គំរាម និងជំរិតទារប្រាក់ ពីម្ចាស់ហាងកាហេ្វ Prime នៅទួលគោក និងបានគំរាមបំផ្ទុះគ្រាប់បែក ៣កន្លែងទៀត ដោយ ២កន្លែងនៅហាង ដែលជាកម្មសិទ្ធរបស់ម្ចាស់កាហ្វេ Prime និងមួយកន្លែងទៀត នៅផ្ទះរបស់ម្ចាស់ហាងតែម្តង ៕

ពាក់ព័ន្ធនឹងករណីផ្ញើគ្រាប់បែកគំរាម និង ជំរិតទារប្រាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានី ភ្នំពេញបានតាមដាន និងស៊ើបអង្កេត ចាប់តាំងពីថ្ងៃកើតហេតុមកម៉្លេះ ហើយត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ជនសង្ស័យត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ដោយដឹកនាំបញ្ជាផ្ទាល់ ដោយ ឧត្តមសេនីយ៍ផ្កាយ ២ រ័ត្ន ស្រ៊ាង ចាប់ឃាត់ខ្លួនបាននៅ ហាងផ្ទេរប្រាក់ Wing សាខាខណ្ឌសែនសុខ នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ នេះ។

សូមជំរាបថា កាដូគ្រាប់បែកផ្លែទៀបមួយគ្រាប់ ត្រូវបានជនមិនស្គាល់មុខ ផ្ញើជូនបុគ្គលិក នៅហាងកាហ្វេមួយកន្លែងឈ្មោះ ព្រីម តាមផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក តាមរយៈសន្តិសុខដែលយាមនៅខាងមុខ ។ ករណីនេះកើតឡើងនៅម៉ោង ១១៖៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ ហើយសន្តិសុខដែលទទួល គ្រាប់បែកនោះឈ្មោះ សឿន ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល