កំពង់ចាម៖ ផ្តើមចេញពីពាក្យសំដី លេងសើច បានក្លាយជាទំនាស់ ធ្វើឲ្យបុរសម្នាក់ មានតួនាទីជាអនុប្រធាន ភូមិប៉ប្រក់ បានយកឈើជ្រុង វាយសម្លាប់បុរសម្នាក់ទៀត ជាមិត្តភ័ក្ររបស់ខ្លួនយ៉ាងអាណោចអធម្ម ជាទីបំផុត ហើយករណីនេះ សមត្ថកិច្ចនគរបាលកំពុងតាមស្រាវជ្រាវ រកចាប់ខ្លួនជនដៃដល់នោះ។ អំពើឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ជនរងគ្រោះ ក្នុងអំពើឃាតកម្មនោះ មានឈ្មោះ សារី សារុន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកជនដៃដល់ មានឈ្មោះ កាន់ វណ្ណា អាយុ៤៧ឆ្នាំ មានតួនាទីជា អនុប្រធានភូមិប៉ប្រក់ ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា កាលពី៥ថ្ងៃមុនកើតហេតុ បុរសទាំងពីរនាក់នោះ ធ្លាប់មានទំនាស់ ពាក្យសំដី ថ្នាំងថ្នាក់គ្នាម្តងរួចមកហើយ ។ លុះនៅថ្ងៃកើតហេតុ ពួកគេទាំងពីរ បានជួបគ្នា និងបាននិយាយ គ្នាជាធម្មតា ។ ប៉ុន្តែ នៅខណៈនោះ អ្នកទាំងពីរក៏មានពាក្យសំដីខ្វែងគំនិតម្តងទៀត បានធ្វើឲ្យបុរសជាអនុភូមិ ខឹងរហូតបានយកឈើជ្រុង វាយទៅលើជនរងគ្រោះ ចំកញ្ចឹងក ខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនដៃដល់បានរត់គេចខ្លួនបាត់ទៅ។

មន្ត្រីនគរបាលបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះ ក្រោយពីរបួស ត្រូវបានសាច់ញាតិដឹកយកទៅ សង្គ្រោះនៅមន្ទីរ ពេទ្យរុស្ស៊ី ភ្នំពេញ ប៉ុន្តែ ដោយអាការៈជំងឺ មានសភាពធ្ងន់ធ្ងរ ជនរងគ្រោះ ក៏បានស្លាប់ និងដឹកយកមកផ្ទះវិញ នៅល្ងាច ថ្ងៃទី២១ ខែតុលានេះ ។ ដោយឡែក ចំពោះជនដៃដល់ បច្ចុប្បន្ន កម្លាំង នគរបាលស្រុកស្ទឹងត្រង់ កំពុងតាមរកចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល