ភ្នំពេញៈ តារាសម្តែងស្រីស្រស់កូនកាត់ចិន សាងកេរ្តិ៍ឈ្មោះ តាមរយៈការសម្តែង ឈុតខារ៉ាអូខេក្នុងបទ “ខ្លាចគេមិនគិតដូចអូន” នឹងត្រូវមហាជនស្គាល់ច្បាស់តាមរយៈការពោលពាក្យថា"ចេះស៊ីអារម្មណ៍" កញ្ញា សុទ្ធ ពេញបរមី បាន បង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ នាងបានផ្អាកមិនទទួលការងារសិល្បៈ ដូចពេលមុនទេ ព្រោះថា នាងបានសម្រេចចិត្តដកខ្លួន ចេញពីសិល្បៈទាំងស្រុងហើយ ។

តារាសម្តែងពន្លកថ្មី ទើបតែចូលប្រឡូកសិល្បៈ បានប្រមាណជិត២ឆ្នាំ កញ្ញា សុទ្ធ ពេញបរមី បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះថា មួយរយៈពេលចុងក្រោយនេះ នាងបានផ្អាកមិនទទួលការងារ ច្រើនណាស់ ដោយសារតែនាង មានបំណងចង់ដកខ្លួន ចេញពីសិល្បៈ។ ដូច្នេះនាង គ្មានហេតុផលអី ត្រូវទទួលការងារ សាងកេរ្តិ៍ឈ្មោះទៀតទេ ព្រោះពេលនេះ នាងធីបចោល ការងារទៅស្រវ៉ាការសិក្សាវិញ ។

តារាវ័យ ២៣ឆ្នាំ មានឈ្មោះល្បីតាមរយៈ ការនិយាយពាក្យថា “ស៊ីអារម្មណ៍” រូបនេះ បានប្រាប់ឲ្យដឹងថា "ដំបូងឡើយពេលខ្ញុំចូលសិល្បៈ ខ្ញុំបានផ្អាកការសិក្សា ទៅស្រវ៉ាសិល្បៈមួយប្រាវ។ តែពេលនេះខ្ញុំគិតថា ខ្ញុំនឹងត្រឡប់ទៅ ចាប់យក ការសិក្សាផ្អាកសិល្បៈទាំងស្រុង ហើយខ្ញុំក៏មិនមានការ ស្តាយស្រណោះ និងភាពល្បីល្បាញ ឬក៏ខ្លាចកេរ្តិ៍ឈ្មោះ សាបរលាបដែរ ព្រោះប្រជាប្រិយភាពប៉ុននេះ វាគ្រប់គ្រាន់ហើយ សម្រាប់ខ្ញុំ "។

ស្រីស្រស់សោភា សក់វែងពណ៌ទង់ដែង ស័ក្តិសមនឹងសាច់ស ម៉ដ្ឋរលោង កែវភ្នែក សម្បូរមន្តស្នេហ៍ កញ្ញា សុទ្ធ ពេញបរមី បានប្រាប់ឲ្យដឹង បន្ថែមទៀតថា សម្រាប់នាងការងារសិល្បៈ មិនអាចនៅស្ថិតស្ថេរ ជាមួយនាងរហូតទេ អ្វីដែលសំខាន់ នាងចង់រៀនឲ្យបានច្រើន ជាពិសេស ស្វែងរកការងារធ្វើឲ្យមានលំនឹងល្អ ។ តែដោយឡែកការងារ សិល្បៈ គឺម្តងមានម្តងអត់ មិនទៀង ហេតុដូច្នេះនាងមិនអាច ស្រវ៉ាការងារនេះ ជាប់រហូតបានទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល