ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រី ២ រូប វ័យទើបតែ ១២ ឆ្នាំ មកពីរដ្ឋ Wisconsin សហរដ្ឋអាមេរិក រងនូវ ការចោទប្រកាន់ ក៏ដូចជា ផ្តន្ទាទោស ក្រោយពួកគេបានប្រព្រឹត្តិនូវបទល្មើស ស្ទើរតែមិនគួរអោយ ជឿ នោះគឺ ចាក់មិត្តរួមថ្នាក់របស់ខ្លួន ដល់ទៅ ១៩ ដង ក៏ព្រោះតែងប់ងល់ នឹងរឿងខ្មោចខ្លាំងពេក នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ជនជាប់ចោទ ជាក្មេងស្រី វ័យ ១២ ឆ្នាំ ទាំងពីរនាក់នេះ ពួកគេ មានឈ្មោះថា Morgan Geyser និង Anissa Weier ដោយ នៅក្នុងនោះ ពួកគេប្រឈមនឹងការផ្តន្ទា ទោស ដោយអាចនឹងជាប់ពន្ធនាគារ ដល់ទៅ ៦៥ ឆ្នាំ ។

ដោយឡែក ជនរងគ្រោះ ដែលពុំទាន់បានបញ្ជាក់អត្តសញ្ញាណ ដែលត្រូវ មិត្តរួមថ្នាក់របស់ខ្លួនចាក់ ដល់ទៅ ១៩ ដង កាលពីថ្ងៃសៅរ៍កន្លងទៅនោះ នាងត្រូវបាន ជនជាប់ចោទ យកទៅចោលនៅក្នុង ព្រៃ ។ ក្មេងស្រីទាំង ២ នាក់ ជាជនជាប់ចោទ របាយការណ៍ រាយការណ៍ អោយដឹងថា ពួកគេបាន មានគម្រោង ប្រព្រឹត្តិបទឧក្រិដ្ឋ ធ្វើរឿងអាក្រក់ៗ ដើម្បីជាការឧទ្ទិស ដល់តួអង្គខ្មោច ក្នុងខ្សែភាព យន្តមួយ ខណៈពួកគេទាំងពីរនាក់ ងប់ងល់ នឹងរឿងនោះជាខ្លាំង ។

ប្រភពបន្ថែមថា ជនរងគ្រោះ វ័យ ១២ ឆ្នាំដូចគ្នា ត្រូវបានគេប្រទះឃើញឈាមស្រោចពេញខ្លួនកាល ពីថ្ងៃសៅរ៍កន្លងទៅ ក្រោយពីនាង បានព្យាយាម វារចេញពី ក្នុងព្រៃ និង ត្រូវបានប្រទះឃើញ ដោយ អ្នកជិះកង់ ។ មកទល់នឹងបច្ចុប្បន្នភាព ជនរងគ្រោះ ស្ថាន ភាពជម្ងឺ និង របួស របស់នាង ស្ថិតនៅ ក្នុងសភាពធូរស្រាល ហើយ ខណៈជន ជាប់ចោទ ទាំងពីរនាក់ ត្រូវសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន រង់ចាំ ការកាត់ទោស ទៅតាមផ្លូវច្បាប់ របស់ប្រទេសនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី