សហរដ្ឋអាមេរិក បានដកប្រទេសចិនចេញពីការចូលរួមធ្វើសមយុទ្ធយោធាជើងទឹកចម្រុះជាតិសាសន៍ ដែលគ្រោងនឹងធ្វើឡើង នៅរដូវក្តៅនេះ ដោយធ្វើឱ្យកើនឡើងភាពតានតឹង ជាមួយក្រុងប៉េកាំង ដែលក្រុងនេះ បានពង្រីកវិស័យពាណិជ្ជកម្មទៅកាន់ប្រទេសកូរ៉េខាងជើង រហូតដល់វិស័យយោធា។

មន្ទីរប៉ង់តាហ្គោនបានលើកឡើងពីការបង្កើនកម្លាំងយោធារបស់ចិន នៅលើកោះ ដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង ឆ្លើយតបនឹងការដកក្រុងប៉េកាំងចេញពីការចូលរួមធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលគេឱ្យឈ្មោះថា Rim of the Pacific ឬ RimPac ។ ក្រុមមន្រ្តីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ចិនក្នុងការដាក់ប្រព័ន្ធមីស៊ីលពីលើដីតម្រង់ទៅអាកាស និងអាវុធជាតិផ្ទុះដទៃទៀត នៅលើកោះនោះ បានជំរុញឱ្យមានការផ្លាស់ប្តូរ។

ការធ្វើឱ្យចិនអាម៉ាស់មុខក្នុងវិស័យយោធានេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានស្នើយោបល់ថា ចិនអាចនឹងមានឥទ្ធិពលលើកិច្ចពិភាក្សារបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ដែលអាចធ្វើឱ្យកូរ៉េខាងជើងលុបចោលកិច្ចប្រជុំកំពូលជាមួយអាមេរិក នៅថ្ងៃទី ១២ ខែមិថុនា ដើម្បីពិភាក្សាពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរក្រុងព្យុងយ៉ាង ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក៏កំពុងប្រយុទ្ធគ្នាលើវិស័យពាណិជ្ជកម្មដ៏ធំផងដែរ ដែលជាផ្នែកមួយនៃការប្រយុទ្ធគ្នាដ៏យូរអង្វែងលើការកាន់កាប់ទីផ្សារ និងគោលនយោបាយបច្ចេកវិទ្យា។

ជម្លោះលើការបង្កើនយោធារបស់ចិន នៅកោះដែលមានជម្លោះ រិតតែបង្កើនភាពតានតឹងខ្លាំងឡើង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ។

លោក Christopher Logan អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានភ័ស្តុតាងយ៉ាងរឹងមាំថា ចិនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹក ប្រព័ន្ធមីស៊ីលពីលើដីទៅអាកាស ព្រមទាំងឧបករណ៍ចង្វាក់អេឡិចត្រូនិកក្នុងលក្ខណៈពិសេស នៅតំបន់កោះ Spratly នៃសមុទ្រចិនខាងត្បូង»។

លោកបានបន្ថែមថា៖ "ការចុះចតយន្តហោះទម្លាក់គ្រាប់បែករបស់ចិន នៅឯកោះវ៉ូដឺ ក៏បានបង្កើនភាពតានតឹងផងដែរ" ។ “វាជាលើកទីមួយហើយ ដែលប្រទេសចិន ត្រូវបានគេដកចេញពីការធ្វើសមយុទ្ធយោធា RimPac “។

យោធូបនីយកម្ម របស់ក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងហ្វ៊ីលីពីន គឺជាប្រភពបង្កឱ្យកើតមានភាពតានតឹង។

នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោកត្រាំ បានហៅលោក បារ៉ាក់ អូបាម៉ាថា ជាមនុស្សទន់ខ្សោយក្នុងការការពារដែនសមុទ្រអន្តរជាតិ នៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលទីក្រុងប៉េកាំង បានចាប់ផ្តើមបង្កើតយោធាយ៉ាងមុតមាំដើម្បីដណ្ដើមយកដី សាងសង់ផ្លូវយន្ដហោះ និងបំពាក់ឧបករណ៍ដឹកជញ្ជូនទៅលើថ្មប៉ប្រះទឹក ដែលប្រទេសនេះអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ អ្នកជំនួយការរបស់លោក Trump ជាច្រើនរូប បានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ត្រូវរារាំងចិនកុំឱ្យចូលកាន់កាប់កោះសិប្បនិម្មិតនេះ។

សេរីភាពនៃការធ្វើនាវាចរនាវាចរ ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកដើម្បីប្រកួតប្រជែងនឹងការអះអាងរបស់ចិន ចំពោះកោះនោះ នៅតែបន្ត។ ក្រុមមន្រ្តីកំពូលៗនៃមន្ទីរបញ្ចកោណ បានច្រានចោលសំណើបី ដែលធ្វើឡើងដោយកងទ័ពជើងទឹក ដើម្បីធ្វើការល្បាតក្នុងការធ្វើនាវាចរក្នុងខែដំបូងនៃការឡើងកាន់តំណែងរបស់លោក ត្រាំ មុនពេលបន្តធ្វើជាថ្មីម្តងទៀត កាលពីឆ្នាំមុន ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ nytimes