ភ្នំពេញៈ កញ្ញា ពេជ្រ សោភា ជាតារាចម្រៀងស្រី ល្បីឈ្មោះ ក្នុងផលិតកម្ម ហង្សមាស បានបង្ហើបឲ្យដឹងថា ឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ សន្ទុះការងារ របស់នាង មានភាពលេចធ្លោខ្លាំង មិនចាញ់ឆ្នាំចាស់ទេ។ ពិសេសក្រោយពី បុណ្យចូលឆ្នាំនេះចប់ នាងក៏ត្រូវរៀប ចំខោអាវដាក់វ៉ាលី អូសឡើងយន្តហោះ ចេញទៅសម្តែង នៅប្រទេសកូរ៉េ ។

ជួបជាមួយ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងថ្គាមខ្លា រូបស្រស់ ពេជ្រ សោភា បានបង្ហើបឲ្យដឹងថា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិឆ្នាំនេះ នាងមានការមមាញឹក ជាមួយការងារ គ្មានពេលទំនេរទេ ដោយនាងត្រូវឡើង ច្រៀងក្នុងកម្មវិធី ប្រគំតន្រ្តី នៅខេត្តព្រះសីហនុ ជាប់ៗគ្នា ។ បន្ទាប់ពីបញ្ចប់នាង ក៏មានគម្រោង ត្រូវបន្តការងារ នៅក្រៅប្រទេសទៀត គឺអត់មានពេលទំនេរទេ ។

ស្រីស្អាតសម្បុរ ស្រអែមស្រស់ ពេជ្រ សោភា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ មិនមែនជារឿងចម្លែកទេ ដែលមានពិធីបុណ្យទានម្តងៗ អ្នកសិល្បៈមានការ មមាញឹកនោះ។ ជាក់ស្តែងដូចជាខ្ញុំ ត្រូវឡើងខនសឺត បន្តមិនដាច់គ្មានពេលទំនេរ សម្រាប់គ្រួសារទេ ។ ក្រោយពីបុណ្យ ចូលឆ្នាំខ្មែរចប់ នៅថ្ងៃទី១៨ ខែមេសា ខ្ញុំក៏ត្រូវចេញទៅសម្តែងបន្ត នៅប្រទេសកូរ៉េ ក្នុងរយៈពេលខ្លី តាមការអញ្ជើញ ពីបងប្អូនខ្មែរ និងប្រជាពលរដ្ឋ រស់នៅលើទឹកដីនោះ និងមានការងារច្រើនទៀត ” ។

ជាមួយគ្នានោះ ពេជ្រ សោភាក៏បានបង្ហើបឲ្យដឹងទៀតថា “ បើទោះជាការងាររបស់ខ្ញុំ រវល់កម្រិតណា ក៏ដោយ តែខ្ញុំមិនដែលភ្លេចក្នុងការ ផ្តល់ពេលវេលា សម្រាប់គ្រួសារទេ ។ ជាក់ស្តែងដូចជាពេលខ្ញុំ មានការឡើង ខនសឺត នៅខេត្តព្រះសីហនុ តែខ្ញុំក៏បាននាំគ្រួសារទៅជាមួយ ដើម្បីឆ្លៀតពេលដើរលេងជុំគ្រួសារ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ប្រពៃណី ជាតិនេះ ក្នុងបំណងចង់ ផ្តល់ភាពកក់ក្តៅ ឲ្យគ្រួសារមិនថា ក្នុងឱកាសណានោះទេ ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល