- លោក អ៊ៀ គឹមខេង ហៅគាំង ម្ចាស់ក្រុមហ៊ុនបុរី សុភមង្គល អះអាងថា អស់លុយសង់ មានលុយសង់បន្ត!

ភ្នំពេញ៖ អតិថិជន ដែលបានទិញផ្ទះល្វែងនៅក្នុងផ្សារយ៉ាំង របស់ក្រុមហ៊ុនបុរីសុភមង្គល បាន សម្តែងការខកចិត្ត ជាពន់ពេក បន្ទាប់ពីទិញផ្ទះអស់រយៈពេលជិត ៨ឆ្នាំហើយមិនទាន់បានចូល ស្នាក់នៅ។ អ្វីដែលធ្វើឲ្យអតិថិជនខក ចិត្តកាន់តែខ្លាំងស្ទើរធ្លាក់ថ្លើមនោះ នៅពេលសួរទៅម្ចាស់ បុរី ត្រូវបានម្ចាស់បុរីឆ្លើយយ៉ាងខ្លី និងហាក់មិនទទួលខុស ត្រូវថា ក្រុមហ៊ុនអស់លុយ ពេលមាន លុយទើបសាងសង់បន្ត។

ផ្ទះល្វែង ដែលក្រុមហ៊ុនប្រកាសសាងសង់ និងលក់គម្រោងឲ្យអតិថិជនតាំងពីឆ្នាំ២០០៦ រហូត មកដល់ឆ្នាំ ២០ ១៤ ពោលមានរយៈពេលជិត ៨ឆ្នាំទៅហើយ មិនទាន់រួចរាល់នាំឲ្យអតិថិជនខក និងឆ្អែតចិត្តនិយាយលែងចេញ នេះ ស្ថិតនៅខាងក្រោយផ្សារទំនើបយ៉ាំងក្នុងបុរីសុភមង្គល របស់ លោក អ៊ៀ គឹមខេង ហៅគាំង នៅតាមបណ្តោយ ផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌ ឬស្សីកែវ ចម្ងាយពីស្ពានជ្រោយចង្វាប្រមាណជា ៤០០-៥០០ម៉ែត្រ។

ក្រុមអតិថិជន ដែលបានទិញផ្ទះល្វែងក្នុងទីតាំងខាងលើ បានរៀមរាប់លាយឡំជាមួយការរអ៊ូរទាំ ថា ពួកគាត់បាន ទិញផ្ទះនេះ តាំងពីឆ្នាំ២០០៦ ហើយរហូតមកដល់ឆ្នាំ២០១៤ ផ្ទះខាងលើសាង សង់មិនទាន់រួចទៀត ខណៈពួក គាត់បានបង់លុយកក់អស់ពាក់កណ្តាលទៅហើយ។

អតិថិជនទិញផ្ទះល្វែងខាងលើម្នាក់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាល ពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមករា ឆ្នាំ២០១៤ ដោយសូមមិនបញ្ចេញឈ្មោះថា ផ្ទះរបស់គាត់សាង សង់ហើយតែសម្បកក្រៅ រីឯខាង ក្នុងវិញមិនទាន់មានសាងសង់អ្វីនោះទេ។ មិនតែប៉ុណ្ណោះ ផ្ទះត្រូវបានផ្អាកការសាងសង់ទាំងស្រុងនៅអំឡុង២-៣ ឆ្នាំចុងក្រោយនេះ។

អតិថិជនរូបនេះ បានបន្តថា «ខ្ញុំពិបាកចិត្តណាស់ទិញផ្ទះអស់ជាច្រើនឆ្នាំមកហើយ ហើយបង់ លុយអស់ពាក់ កណ្តាលទៀត តែបែរជាមកអង្គុយចាំចូលនៅផ្ទះថ្មីទាំងអន្ទះសារបែបនេះ។ កាន់តែខកចិត្តទៀត ពេលខ្ញុំទៅសួរ គាត់ (លោក អ៊ៀ គឹមខេង ម្ចាស់បុរី) គាត់បែរជាឆ្លើយថា អស់លុយសាងសង់ ពេលមានលុយទើបសាងសង់ បន្ត»។

អតិថិជនសុំលាក់អត្តសញ្ញាណបានបន្តឲ្យដឹងផងដែរថា ដោយសារតែចង់បានចូលនៅផ្ទះថ្មី អតិថិជនជាច្រើន សុខចិត្តសុំបង់លុយផ្តាច់ ដើម្បីឲ្យក្រុមហ៊ុនបន្តសាងសង់ផ្ទះបញ្ចប់ ក៏ក្រុម ហ៊ុនមិនព្រម ហើយអតិថិជនសុំចូលខ្លួន សាងសង់ផ្ទះ ដោយខ្លួនឯង ក៏ម្ចាស់បុរីមិនអនុញ្ញាត នោះដែរ។ «ខ្ញុំខកចិត្តខ្លាំងណាស់ មិនដឹងម្ចាស់បុរីគាត់ចង់គិត យ៉ាងម៉េចទិញផ្ទះ ៧-៨ឆ្នាំហើយ មិនទាន់បានចូលនៅទៀត»។

មិនត្រឹមតែត្អូញត្អែរពីការខកចិត្តក្រោយទិញផ្ទះល្វែងក្នុងបុរីលោក អ៊ៀ គឹមខេង ប៉ុណ្ណោះទេ ក្រុម អតិថិជន ដែល យកលុយរាប់ម៉ឺនដុល្លារទៅកប់ចោលក្នុងគម្រោងទិញផ្ទះល្វែងនេះ បានអំពាវនាវ ដល់អតិថិជនដទៃទៀត បើសិន មានគម្រោងចង់ទៅទិញផ្ទះល្វែង និងផ្សារផ្សេងៗទៀត ដែល កំពុងដំណើរការសាងសង់នោះ ត្រូវគិតពិចារណាឲ្យ បានច្បាស់លាស់ ចៀសវាងការខក ចិត្តស្អិត ទ្រូងដូចពួកគាត់ជាអតិថិជនចាស់ៗទៀត។ ក្រុមអតិថិជនដែលខកចិត្ត ទាំងអស់នោះ នៅបាន ហៅម្ចាស់បុរីថា ជាជនក្រឡិចក្រឡុចមិនគោរពពាក្យសន្យានោះទេ។

ឆ្លើយតបការចោទប្រកាន់ខាងលើនេះ លោក អ៊ៀ គឹមខេង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា គម្រោងសាងសង់ផ្ទះនោះ មាន៣ដំណាក់កាល។ ដំណាក់កាលទី១ គឺសាងសង់ ផ្សារទំនើបយ៉ាំង ឥឡូវផ្សារនេះ បានសាងសង់រួចរាល់ហើយ ហើយលោកនឹងបន្តសាង សង់ផ្ទះ ល្វែងក្នុងពេលឆាប់ៗខាងមុខទៀត។

ពាក់ព័ន្ធនឹងចម្លើយដែលរូបលោក ឆ្លើយទៅកាន់អតិថិជនពីបញ្ហាខ្វះខាតថវិកានោះ លោក អ៊ៀ គឹមខេង ក៏បាន ទទួលស្គាល់ថា មានបញ្ហាលុយកាក់បន្តិចបន្តួច ព្រោះក្រុមហ៊ុនរបស់លោកជា ក្រុមហ៊ុនឯកជនវិនិយោគរកស៊ីម្នាក់ ឯង តែលោកនឹងព្យាយាមដោះស្រាយ ហើយបន្តការសាង សង់សំណង់ជូនអតិថិជនឲ្យបានរួចរាល់ជាស្ថាពរក្នុង ពេលឆាប់ៗខាងមុខនេះ។

លោកនៅបានបញ្ជាក់ទៀតថា ការខកខានសាងសង់មិនទាន់ផែនការ រូបលោកនឹងបង់លុយ សាងសង់ជូនទៅអតិ ថិជនវិញ តាមកិច្ចសន្យា។

ដោយឡែកមេការបុរីខាងលើ លោក កែវ សុវណ្ណ បានថ្លែងថា ការផ្អាកការសាងសង់ផ្ទះល្វែង ខាងលើ ដោយសារ គម្រោងផ្ទះល្វែងនៅទីនោះ មានការពាក់ព័ន្ធគ្នាច្រើន ដែលទាមទារធ្វើឲ្យ ហើយដំណាលគ្នាចៀសវាងការប៉ះពាល់ ដល់អគារផ្សេងទៀត។

បើតាម លោក កែវ សុវណ្ណ គម្រោងផ្ទះខាងលើ ក្រុមហ៊ុនគ្រោងនឹងសាងសង់បញ្ចប់នៅចុង ឆ្នាំ២០១៤។

សូមបញ្ជាក់ការផ្ទុះឡើងនូវការត្អូញត្អែររបស់អតិថិជនផ្ទះល្វែងខាងលើនេះ មិនមែនទើបកើតមាន នៅឆ្នាំ២០១៤ នេះទេ គឺកើតមានជាច្រើនដងមកហើយ តែគេសង្កេតឃើញថា ក្រុមហ៊ុនបុរីសុភ មង្គលហាក់មិនទាន់ដំណោះ ស្រាយសមរម្យណាមួយឆ្លើយតបទៅអតិថិជន ឲ្យពួកគាត់អស់ មន្ទិលសង្ស័យក្នុងចិត្តនោះឡើយ៕

អគារសំណង់ផ្ទះល្វែង ដែលសាងសង់ជិត១០ឆ្នាំ មិនទាន់រួចរាល់

ផ្សារទំនើបយ៉ាំងរបស់ក្រុមហ៊ុនបុរីសុភមង្គល ស្ថិតនៅពីមុខផ្ទះល្វែង ដែលសាងសង់មិនទាន់រួចរាល់ជូនអតិថិជន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល