ក្មេងស្រីសិស្សសាលា រៀនថ្នាក់ទី៨ ម្នាក់នៅសហរដ្ឋអាមេរិច ត្រូវបានគេដឹកបញ្ជូនទៅមជ្ឈ មណ្ឌល សុខាភិបាលភ្លាមៗ ដើម្បីព្យាបាលរបួស បន្ទាប់ពី iPhone នៅក្នុងហោប៉ៅខោរបស់នាង ត្រូវបានផ្ទុះ ឆេះ បណ្តាលឲ្យនាងរងរបួសរលាកធ្ងន់ធ្ងរ។ បើយោងតាមការឲ្យដឹងពីអ្នកនៅកន្លែង កើតហេតុ គេបានឮសម្លេងផ្ទុះ ចេញពីស្មាតហ្វូន iPhone 5C របស់ជនរងគ្រោះ មុនពេល មាន ផ្សែង និងផ្កាភ្លើង លេចចេញមក។

ភ្លាមៗនោះ ក្មេងស្រីរងគ្រោះបានដឹងថា ខោរបស់នាងកំពុងត្រូវបានឆេះ ពីទូរស័ព្ទដែលកំពុងផ្ទុះ ឆេះនៅក្នុងខោ ហើយក៏ប្រញាប់ស្រាត ដោះខោដែលកំពុងឆេះនោះចេញ ទន្ទឹមនឹងនោះ មិត្តភក្តិ ស្រីៗក្នុងថ្នាក់ជាមួយគ្នានោះ ក៏ប្រាប់ឲ្យសិស្សប្រុសៗចេញទៅក្រៅ និងស្រែកឲ្យគ្រូម្នាក់នៅក្រៅ បន្ទប់ក្បែរ នោះមកជួយ។

iPhone 5C ដំបូងឡើយគឺមានពណ៌បៃតង ពេលនេះឆេះទៅជាពណ៌ខ្មៅ ដូចធ្យូង

បន្ទាប់ពីពន្លត់ភ្លើងដែលកំពុងឆេះ នៅលើទូរស័ព្ទ និងខោក្មេងស្រីនោះមក បុគ្គលិកពេទ្យ ក៏បាន មកដល់ ហើយក៏បាននាំក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យ ព្យាបាលរបួស។ វេជ្ជបណ្ឌិត បានឲ្យដឹង ថា ក្មេងស្រីរងគ្រោះ ត្រូវបានរលាកក្នុងកំរិតទី២។

នេះមិនបានជាលើកដំបូងទេ ដែល iPhone បានធ្វើឲ្យអ្នកប្រើប្រាស់ មានការភ័យខ្លាច ព្រោះតែ នៅសុខៗ ក៏ផ្ទុះឆេះដូច្នេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ អតិថិជនម្នាក់ ក៏បានជួបប្រទះ នឹងការ ភ័យខ្លាចមួយ ពេលដែលឃើញមានផ្សេង និងផ្កាភ្លើង លេចចេញពីស្មាតហ្វូនរបស់ Apple។ បើទោះជាដូច្នេះ មកដល់ពេលនេះ នៅមិនទាន់មានការស្រាយបញ្ជាក់ណាមួយ ស្តីពីមូលហេតុ ពិតប្រាកដ បណ្តាលមានការផ្ទុះឆេះ នៅលើ iPhone នោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing