ភ្នំពេញ ៖ សកម្មភាព នៃការបាញ់ប្លន់ ហាក់ដូចជាមានភាពកក្រើកឡើងវិញ នៅក្នុងរាជធានីភ្នំពេញ ពិេសសក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដែលក្នុងសង្កាត់ស្ទឹងមានជ័យ ជាតំបន់ស្មុគស្មាញជាងគេ ។ ក្រុមចោរប្លន់បានធ្វើសកម្មភាព បាញ់ប្លន់ផ្ទួនៗគ្នា នៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យ ចន្លោះពេលប្រហែលជាង ១០នាទីប៉ុណ្ណោះ ក្រុមជនល្មើសបានធ្វើសកម្មភាព បាញ់ ប្លន់យ៉ាងសាហាវយកខ្សែក និងម៉ូតូហើយបាញ់ ឲ្យរបួសម្ចាស់សម្ភារម្នាក់ថែមទៀត ។

ករណីទី១-ជនរងគ្រោះ២ នាក់ប្តីប្រពន្ធ ត្រូវជនសង្ស័យមានគ្នា២នាក់ដែរ បានធ្វើសកម្មភាពបាញ់ចំនួន ២គ្រាប់ កាលពីវេលា ម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បណ្តោយផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មិនមានរងរបួសទេ គ្រាន់តែត្រូវក្រុមចោរបាញ់គំរាម ចំនួន២គ្រាប់ ប៉ុនប៉ងយកម៉ូតូ តែយក មិនបាន ហើយជនសង្ស័យ បានយកទូរស័ព្ទម៉ាកសាំស៊ុង និងខ្សែ កមួយខ្សែ របស់ស្ត្រីជាប្រពន្ធ តែជាខ្សែកកាឡៃ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះទាំង២នាក់ប្តីពន្ធ មាន ឈ្មោះ សយ សាឡែន អាយុ២៣ឆ្នាំ មានទីលំនៅជិតកន្លែងកើតហេតុ បានជិះម៉ូតូជាមួយប្តីម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ឡើងតែម ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-7863 បើកក្នុងទិស ដៅចុះពីស្ពានដែកមុខពេទ្យរុស្ស៊ី ទៅតាមផ្លូវបេតុង ។ ពេលទៅដល់ កន្លែងស្ងាត់ក៏មានជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ មិនស្គាល់ស្លាកលេខបានទៅកៀរ ជនរងគ្រោះ ឲ្យ ឈប់ ។ ពេលឃើញសភាពការណ៍ មិនស្រួលបុរសជាប្តី ដែលឌុបប្រពន្ធ បានកាច់សោម៉ូតូ ហើយបោះ កូនសោចោល គ្រា នោះជនសង្ស័យម្នាក់ បានកាំភ្លើងភ្ជង់សួររកកូនសោម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូប្រាប់ថា ជ្រុះបាត់ហើយ ហើយជនសង្ស័យ បានយកទូរស័ព្ទដៃ និងខ្សែកពីប្រពន្ធ ហើយបាញ់គំរាមចំនួន២គ្រាប់ រួចគេចខ្លួនបាត់តែម្តង ។

ដោយឡែកករណីទី២-គ្រាន់តែរំលងរយៈពេលត្រឹម តែ១០នាទីប៉ុណ្ណោះ ក្រុមជនសង្ស័យសកម្មភាព ប្លន់បាញ់ប្រហារមួយ ទៀត បានកើតឡើង នៅ វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវកែងក្រុមទី៣ ភូមិទ្រា១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសចំចង្កេះខាងឆ្វេងមួយគ្រាប់ យកម៉ូតូស៊េរីឆ្នាំ ២០១៤ មួយគ្រឿងជិះគេចដោយសុវត្ថិភាព ។

ជនរងគ្រោះមានឈ្មោះ មី លីសាឡន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅ ផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ម៉ូតូដែលចោរប្លន់បាញ់ប្រហារ ហើយជិះគេចដោយសុវត្ថិ ភាពម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-1264 ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីប្លន់លើកទី២នេះ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ ម៉ាកស្គូពី ពណ៌ស មិនស្គាល់ស្លាកលេខ បានមកកៀរជនរងគ្រោះ ឲ្យឈប់ រួចធ្វើសកម្មភាពដកកាំភ្លើង បាញ់សំដៅជនរងគ្រោះតែម្តង ចំចង្កេះ ខាងឆ្វេងមួយគ្រាប់ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យកាល់ម៉ែត ហើយជនសង្ស័យបានយកម៉ូតូជិះ គេចដោយសុវត្ថិភាព ។

សកម្មភាព បាញ់ប្លន់យ៉ាងសាហាវ កើតឡើងសាជាថ្មី និងផ្ទួនៗគ្នាតែម្តង ក្នុងភូមិ សាស្ត្រសង្កាត់ស្ទឹងមានជ័យ ដែលជា តំបន់ស្មុគស្មាញ ជាងសង្កាត់នានានៅ ក្នុងខណ្ឌមានជ័យ ហើយសកម្មភាពថ្មីនេះ ក៏ជាការពញាក់ស្មារតីដល់អាជ្ញាធរ សមត្ថកិច្ចខណ្ឌ ទាំងមូល ឈានទៅទប់ស្កាត់កុំឲ្យកើតមានតទៅទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល