ភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ ត្រូវបានក្រុមគ្រួសារ ជានារីរងគ្រោះចាប់បញ្ជូន ឲ្យនគរបាលខណ្ឌទួលគោក ចាត់ការទៅ តាមច្បាប់ដោយចោទប្រកាន់ ពីបទចាប់រំលោភបានសម្រេច និងបង្ខំឲ្យកោរសក់ ធ្វើឡើងនៅក្នុងផ្ទះសំណាក់ស្រែយើង សង្កាត់ទឹកល្អក់៣។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ លី លឹមហេង ភេទ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩EO ផ្លូវ ១៣៥ សង្កាត់ទួល ទំពួង១ ខណ្ឌចំការមន ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះ ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី០៥ ខែសីហា វេលាម៉ោង ១៤និង៣០នាទីរសៀល នៅចំណុចផ្ទះលេខ ៦៨EO ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស ទ ព ភេទ ស្រី អាយុ ១៨ឆ្នាំ ជាជានិស្សិត ស្នាក់នៅ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនេះគឺ យុវជនសង្ស័យខាងលើនេះ បានយករូបអាក្រាតកាយរបស់នារី រងគ្រោះ មកបង្ហោះតាម Facebook និងបានគម្រាមមកជនរងគ្រោះឲ្យកោរសក់ ទើបឈប់បង្ហោះរូបភាព អាក្រាតនេះទៀត ។

លុះមកដល់ថ្ងៃទី៣១ ខែកក្កដា ជនសង្ស័យបានបើកបររថយន្ត មកយកជនរងគ្រោះដល់ផ្ទះ ដើម្បីទៅហូបអីនៅខាងក្រៅ ហើយក្រោយមកជនសង្ស័យ ក៏បាននាំជនរងគ្រោះ ចូលក្នុងផ្ទះសំណាក់ស្រែយើង រួចចាប់នារីរងគ្រោះវាយ ធាក់ ទាត់ ព្រម ទាំងយកដៃចងភ្ជាប់នឹងដងខ្លួន ហើយចាប់រំលោភសេពសន្ថវៈបានសម្រេច ទើបជូននារីរងគ្រោះត្រឡប់មកផ្ទះវិញ។

មន្ត្រីដដែលបន្តថា រហូតមកដល់ថ្ងៃទី០៥ ខែសីហា វេលាម៉ោង ១១ និង៣០នាទី ជនសង្ស័យបានទូរស័ព្ទមកណាត់ ជនរងគ្រោះម្តងទៀត ដោយនិយាយថា ដើម្បីជួបគ្នាជជែកពីការចែកផ្លូវគ្នា ក្រោយពេលជួបគ្នាហើយជនសង្ស័យ ក៏បាននាំ ជនរងគ្រោះទៅផ្ទះសំណាក់ស្រែយើងម្តងទៀត ។ តែលើកចុងក្រោយនេះ ពេលជូននារីរងគ្រោះដល់ផ្ទះ ក៏ត្រូវបានក្រុមគ្រួសារ ជានារីរងគ្រោះចាប់បញ្ជូនឲ្យនគរបាលទួលគោក ចាត់ការទៅតាមច្បាប់តែម្តង ដោយចោទប្រកាន់ពីបទបង្ខំរំលោភ សេពសន្ថវៈបានសម្រេច និងបង្ខំឲ្យកោរសក់។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី ប៉ុន្តែក្នុង ករណីនេះនគរបាល ហាក់មិនទំលាយឲ្យដឹងនោះទេ គឺមានការលាក់លៀមច្រើន ចំណែករូបភាពជនសង្ស័យ ក៏ក្រុមអ្នកយក ព័ត៌មានមិនអាចផ្តិតយករូបភាពបាននោះដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល