ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិត ហង់ ជួនណារ៉ុន ក៏ដូចជាថ្នាក់ដឹកនាំកីឡាកម្ពុជា ដែលមានលោក ថោង ខុន ជាប្រធាន NOCC កំពុងតែពិចារណាលើ គម្រោងរៀបចំពិធីដង្ហែ ម្ចាស់មេដាយមាស កីឡាអាស៊ី ស៊ន សៀវម៉ី ជាក្បួនលើមហាវិថី ក្នុងរាជធានីភ្នំពេញ ក្រោយមានការសំណូមពរ ពីប្រជាពលរដ្ឋកម្ពុជា ជាច្រើន ។

ថ្លែងនៅក្នុងសន្នីសិទសាព័ត៌មាន ស្ដីពីការអបអរសាទរ ការឈ្នះមេដាយមាស ពីព្រឹត្តិការណ៍ Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណៈកូរ៉េ ក្នុងទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី០៦ ខែតុលានេះ លោក វ៉ាន់ ចំរើន បានឲ្យដឹងថា ការណ្ដើមបានមេដាយមាស កីឡាអាស៊ី របស់កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ មានមោទនៈភាព ជាខ្លាំងក្នុងប្រវត្តិសាស្ដ្រ នៃការចូលរួមព្រឹត្តិការណ៍ ប្រចាំទ្វីបអាស៊ី អស់រយៈពេល ៦០ឆ្នាំកន្លងទៅនេះ ។

លោកបន្ដថា តាមរយៈជ័យលាភី ដែលមិនអាចកាត់ថ្លៃ បាននេះហើយ ទើបធ្វើឲ្យកេរិ៍្ដឈ្មោះកីឡា ក៏ដូចជាប្រទេសកម្ពុជា មានភាពល្បីល្បាញនៅ លើឆាកអន្ដរជាតិ និងពិភពលោក ។ ដូច្នេះហើយទើបមានសំណើរ ពីប្រជាពលរដ្ឋខ្មែរ ចង់ឲ្យសហព័ន្ធ និងស្ថាប័នថ្នាក់ដឹកនាំ កីឡាទាំងអស់ រៀបចំជាក្បួនដង្ហែ បង្ហាញវត្ដមានកីឡាការិនី ស៊ន សៀវម៉ី នៅក្នុងទីក្រុងភ្នំពេញ ព្រោះពួកគាត់ចង់ឃើញមុខវីរនារីខ្មែរ ដ៏ឆ្នើមរូបនេះផ្ទាល់តែម្ដង ។

អគ្គលេខាធិការ NOCC រូបនេះ បានបញ្ជាក់ថា «ជុំវិញសំណើរ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីលើកទឹកចិត្ត ដល់កីឡាការិនី ដែលកសាងប្រវត្តិសាស្ដ្រ ជូនកម្ពុជា សម្រាប់ការខកខាន មិនដណ្ដើមបានមេដាយ កីឡាអាស៊ីអស់ រយៈពេលជាង ៤០ឆ្នាំមកនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កំពុងពិភាក្សា លើរឿងនេះ ហើយលទ្ធផលនឹងដឹង ក្នុងពេលឆាប់ៗខាងមុខ ។ ប៉ុន្ដែយើងត្រូវសិក្សាច្រើន ទៅលើចរាចរណ៍ ជាពិសេសគឺបើយើង រៀបចំក្បួនដង្ហែនោះ ខ្ញុំជឿថា នឹងមានមនុស្សរាប់ម៉ឺននាក់ ចូលរួមជាមិនខាន» ។

សូមរំឮកថា កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្ដរជាតិ ផ្ដិតយករូបភាព ទៅផ្សព្វផ្សាយ យ៉ាងគគ្រិកគគ្រេង តាមរយៈការដណ្ដើម មេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាតេក្វាន់ដូ ប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡា Asian Games កាលពីថ្ងៃទី០៣ តុលាកន្លងទៅថ្មីៗនេះ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល