-ភ្លើងដាច់ស្ទើរជារៀងរាល់ថ្ងៃ អ្នករស់នៅក្នុងបូរីឡាយ គង់ ធុញទ្រាន់យ៉ាងខ្លាំង

ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងបូរីឡាយគង់ ក្នុងភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើការរិះគន់ យ៉ាងធ្ងន់ធ្ងរ ចំពោះបញ្ហាសន្តិសុខ នៅក្នុងបូរីទាំងមូល ដោយសារតែក្នុង រយៈពេលចុងក្រោយនេះ បាត់រយន្តជាបន្តបន្ទាប់ នៅក្នុងបូរី ហើយសមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជា ម្ចាស់បូរីផ្ទាល់តែម្តង មិនបានយកចិត្តទុកដាក់ និងអើពើ ចំពោះបញ្ហាសុវត្ថិភាព និងសន្តិសុខរបស់បូរីខ្លួនឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីនេះ បានសម្តែងការខកចិត្តជាខ្លាំងចំពោះបញ្ហាសន្តិសុខ ក្រោយពីពួកគាត់ បានចំណាយលុយរាប់ម៉ឺនដុល្លារ ទិញផ្ទះនៅក្នុងបូរី សង្ឃឹមថារស់នៅក្នុងបូរីមានសុវត្ថិភាព មានសន្តិសុខល្អ ប៉ុន្តែធាតុពិតគឺ ទ្រព្យសម្បត្តិដែលមានតម្លៃ ដូចជារថយន្តនោះត្រូវបានចោរ លួចជាបន្តបន្ទាប់។

ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ អ្នករស់នៅក្នុងបូរីឡាយគង់ តាមផ្លូវលេខ៥ បានបាត់ រថយន្តកាមរីឆ្លាមមួយគ្រឿង ប៉ុន្តែពេលប្តឹងទៅសមត្ថកិច្ច និងប្រាប់ទៅម្ចាស់បូរីនោះ គឺពុំមានការអើពើ អី្វសោះឡើយ ពោលគឺទុកតាមយថាកម្មតែប៉ុណ្ណោះ ។ ហើយប្រជាពលរដ្ឋក៏សុំអំពាវនាវ ដល់ថ្នាក់ដឹកនាំ ខណ្ឌដង្កោ ក៏ដូចជាសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ជួយពិនិត្យមើលសន្តិសុខ នៅក្នុងបូរីនេះផង ពីព្រោះបទល្មើស លួចរថយន្តដែលមាន តម្លៃ គឺបានកើតឡើងជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ។

បើតាមប្រជាពលរដ្ឋដែលរស់ នៅក្នុងបូរីឡាយគង់ បាននិយាយថា រថយន្តជិត១០គ្រឿងត្រូវបានចោរលួច ដូច្នេះប្រជាពលរដ្ឋ ដែលមានរថយន្តផ្សេងនោះ សម្តែងការព្រួយបារម្ភខ្លាំងឡើងៗ ចំពោះបទល្មើសទាំងនេះ ។

ដោយឡែកបញ្ហាអគ្គិសនីវិញ មានភាពរអាក់រអួលជារៀងរាល់ថ្ងៃ ពោលគឺភ្លើងដាច់ជារៀងរាល់ថ្ងៃ ដោយម្ចាស់បូរី ក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធមិនបានរាយការណ៍ជួនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបូរីនេះឡើយ ។ ប្រជាពលរដ្ឋបានសម្តែងការធុញទ្រាន់ យ៉ាងខ្លាំង នៅពេលដែលភ្លើងដាច់ម្តង ពោលគឺមិនអាចធ្វើអ្វីបាននោះទេ ហើយដូចដាច់ម្តងៗ គឺយូរទៀត។ ដូចច្នេះប្រជាពលរដ្ឋសូមឲ្យម្ចាស់បូរី ក៏ដូចជាអាជ្ញាធរ នៅក្នុងខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ជួយពិនិត្យបញ្ហានេះផង។

សូមបញ្ជាក់ថា រហូតមកដល់យប់ ម៉ោង៨ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ ចរន្តអគ្គិសនីនៅក្នុងបូរី បានដាច់អស់ជាច្រើនម៉ោងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានកិច្ចអន្តរាគមណាឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងបូរីកើតចិត្តក្តៅក្រហាយគ្រប់ៗគ្នា ចំពោះ ក៏ដូចជាការរស់នៅ ៕

ទិដ្ឋភាពដាច់ភ្លើងនៅក្នុងបូរីឡាយគង់

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល