ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងការខកចិត្ត ចំពោះការខកខានមិនបាន ទទួលព័ត៌មាន និងមិនបានធ្វើការផ្តល់កម្លាំងចិត្តដល់យុវជនពិការ ៦រូប ដែលបានចូលរួមប្រកួតប្រជែងព័ត៌មាន បច្ចេកវិទ្យា (IT) នៅប្រទេសកូរ៉េខាងត្បូង ដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតដល់ ១៦គ្រឿង។

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សប្បទា ចាត់ចែងរៀបចំពិធីទទួល និងលើកកម្លាំងចិត្តជូនពួកគេឲ្យបានឆាប់។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះ ពេជ្រនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានេះ ខ្ញុំស្នើឲ្យ ក្រសួងអប់រំមើលឲ្យអស់ ហើយរឿងហ្នឹងវាពាក់ព័ន្ធនឹងក្រសួងសង្គមកិច្ចផងដែរ ហេតុអ្វីព័ត៌មានបែបហ្នឹងយើង មិនបានធ្វើអ្វីឲ្យគេ សូមធ្វើការស្រាវជ្រាវរឿងហ្នឹងឲ្យឆាប់បន្តិច»។

សម្តេចតេជោ ក៏បានស្តីបន្ទោសបន្តិចបន្តួចផងដែរ ចំពោះលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមិនបានយកចិត្តទុកដាក់ និងលើកទឹកចិត្តលើយុវជនទាំង ៦រូប។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស បានបញ្ជូនជនពិការកម្ពុជា ៦រូប ទៅចូលរួមប្រកួតប្រជែងដណ្តើម ពានរង្វាន់ IT សម្រាប់ជនពិការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតប្រជែង មានជនពិការទៅពីប្រទេស សមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយប្រកួតទៅលើវិញ្ញាសារ eDesign, eCreative, eLifeMap និង eTool។

ជាលទ្ធផលយុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ១៦ គ្រឿង។ យុវជនពិការដែលកម្ពុជា បញ្ជូនទៅនោះរួមមាន៖ ១. ឈ្មោះ កែវ ចាន់ឧត្តម ដណ្តើមបានមេដាយមាស ជើងឯក ចំនួន ១គ្រឿង មេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង, ២. ឈ្មោះ ហែម វិច្ឆិកាណុន ទទួល បានមេដាយ មាស ១គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង, ៣. ឈ្មោះ ធី ថូណា ទទួលបានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង, ៤. ឈ្មោះ ញ៉ុត សុភឿន ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង, ៥. ឈ្មោះ ញ៉ាញ់ ផានិត ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងទី៦. ឈ្មោះ ងិន សុធា ទទួលបានមេដាយ មាស ១គ្រឿង និងប្រាក់ ១គ្រឿង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល