ព័ត៌មានអន្តរជាតិ ៖ C-17 យន្តហោះយោធា របស់ប្រទេសអូស្រ្តាលី បានហោះទៅកាន់ប្រទេស ហូឡង់ ហើយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ក្នុងប្រតិបត្តិការ ទៅដឹកត្រលប់មកវិញនូវសាកសពជនជាតិរបស់ ខ្លួនដែលបានស្លាប់នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ ម៉ាឡេស៊ី ជើងហោះហើរ MH17នេះបើតាមការ អោយដឹងពីទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។

យ៉ាងណាមិញ ភ្នាក់ងារ សារព័ត៌មានក្នុងស្រុក Fairfax Media បញ្ជាក់អោយដឹងថា យន្តហោះ ធុនធ្ងន់ យោធាខាងលើ បានហោះចាកចេញពីមូលដ្ឋានទ័ព ក្នុងស្រុក ប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់ទីក្រុង Eindhoven ប្រទេសហូឡង់ ជាទីក្រុង ដែលមាន អាកាសយានដ្ឋានដ៏ធំទីពីរ របស់ប្រទេសតាំងនៅ ។

គួរបញ្ជាក់ថា បណ្តាសាកសពជនរងគ្រោះទាំងអស់ ដែលត្រូវបានគេរកឃើញនៅកន្លែងកើតហេតុធ្លាក់ យន្តហោះ ត្រូវបានគេបញ្ជូនបន្ត តាមរយៈផ្លូវដែក នៃខ្សែរថភ្លើង ដោយ រក្សាទុក នៅក្នុង ទូរបង្កក រួច បញ្ជូនទៅកាន់ ប្រទេសហូឡង់ ដើម្បីកំណត់អត្តសញ្ញាណ ដោយបញ្ជូនចេញពីទីក្រុង Kharkivប្រទេស អ៊ុយក្រែន ។

សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានបរទេស មួយចំនួនអោយដឹងថាសាកសពជនរងគ្រោះ២៨២ នាក់ត្រូវបានក្រុមជួយសង្គ្រោះរកឃើញ ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់ទាំងអស់ មានចំនួន ដល់ទៅ ២៩៨ នាក់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ មានកម្មវិធីផ្លូវការមួយត្រូវបានគេធ្វើឡើង នៅឯវិមានសភា ប្រទេស អូស្រ្តាលី ពោលជាកម្មវិធី ចុះហត្ថលេខា សៀវភៅរំលែកទុក្ខ ដោយនៅក្នុងនោះ មានការចូល រួមជាពិសេស ពីសំណាក់ លោក Tony Abbott នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី ក៏ដូចជា អ្នកតំណាង កាទូត ប្រទេសសម្ព័ន្ធមិត្តមួយចំនួនផ្សេងៗទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ