បាងកក៖ កាលពីថ្ងៃពុធ ម្សិលមិញនេះ មេបញ្ជាការកងទ័ព ជើងគោកលោក ប្រាយុទ្ធ ចាងអ៊ូឆា បាននិយាយថា កងប្រដាប់អាវុធ មានសមត្ថកិច្ច បានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើ អន្ដរាគមន៍ ប្រសិនបើ ស្ថានភាពនយោបាយ ឈានទៅរកអំពើហិង្សា។

នៅថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០១៤ នេះទីភ្នាក់ងារ សារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ បានចេញផ្សាយ ដោយយោងតាមលោក ប្រាយុទ្ធ បាននិយាយថា “នៅពេលណាក៏ ដោយឲ្យតែ ជម្លោះឈាន ទៅដល់ការប្រើប្រាស់ អំពើហិង្សា និងមិនអាច ដោះស្រាយបាន នោះកងកម្លាំង ប្រដាប់អាវុធ មានតួនាទីក្នុងការដោះស្រាយបញ្ហាទាំងនោះ។ យើងនឹងខិតខំ ប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បី ការពារជាតិ និងប្រើនូវវិធីសាស្រ្ត ណាដែលត្រឹមត្រូវ។

លោកបានព្រមានថា ក្រុមខ្លះកំពុងធ្វើនូវ អំពើខុសច្បាប់ និងប្រើប្រាស់វិធីសាស្រ្ត ហិង្សាដើម្បី មកដោះស្រាយបញ្ហា ប៉ុន្ដែវានឹងមិនទទួលបាន ជោគជ័យនោះទេ។លោកប្រាយុទ្ធ បានបញ្ជាក់ ច្បាស់ថា “ខ្ញុំនឹងថ្កោលទោស ចំពោះមនុស្សទាំងនោះ ហើយខ្ញុំមានព័ត៌មាន អំពីពួកគេថាតើពួក គេជានរណា។ខ្ញុំសុំធ្វើការប្រមាន ម្ដងទៀតថា ពួកគេមិនត្រូវប្រើ អំពើហិង្សាជាថ្មី នោះទេ។ យើងកំពុងប្រមូល ភស្ដុតាងដូច្នេះ ហើយមន្រ្តីប៉ូលីសអាចបញ្ចេញ សកម្មភាពដែល ស្របច្បាប់ បាន”។ លោកដឹងថាមាន ក្រុមបាតុករមួយក្រុម តូចកំពុងធ្វើសកម្មភាព ដាក់សម្ពាធលើអាជ្ញាធរ ប៉ុន្ដែលោកបាន និយាយថាវា មិនមានន័យថាពួកគេជាក្រុម ដែលប្រើអំពើ ហិង្សានោះទេ។

លោកប្រាយុទ្ធ បានបន្ថែមទៀតថា មានមនុស្សជាច្រើន ក្រុមកំពុងនិយាយ បង្ខិតបង្ខំទៅលើ ស្ថានីយ៍វិទ្យុ ជាការគំរាមកំហែង លើការិយាល័យ រដ្ឋាភិបាល និងកំពុងបំផុស ចលនាប្រជាជន របស់ពួកគេ ដើម្បីបង្កឲ្យ មានការប៉ះទង្គិចគ្នា។ លោកគិតថាសកម្មភាព ទាំងនោះជាអំពើខុស ច្បាប់ និងបានទាមទារ ឲ្យរដ្ឋាភិបាល បញ្ចេញសកម្មភាព ប្រឆាំងនឹងក្រុមទាំងនោះ។ លោក ប្រាយុទ្ធ ចាងអ៊ូឆា បាននិយាយថាមន្រ្តីយោធា កំពុងព្យាយាមគ្រប់វិធី ដើម្បីទប់ស្កាត់មិនឲ្យ មានអំពើហិង្សា កើតមានឡើងនោះទេ។

មេបញ្ជាការកងទ័ព មិនបានបញ្ចេញមតិ សំខាន់អ្វីទៅលើសេចក្ដី សម្រេចរបស់ រដ្ឋាភិបាលក្នុង ការចេញ សេចក្ដីប្រកាសដាក់ច្បាប់គ្រា មានអាសន្នក្នុងទីក្រុងបាងកក និងតាមបណ្ដាខេត្តមួយ ចំនួននៅជិតទីក្រុង បាងកកនោះទេ ដើម្បីទប់ស្កាត់ ជាមួយក្រុមបាតុករ។ លោកបាននិយាយថា រដ្ឋាភិបាលបានចេញ សេចក្ដីសម្រេច រួចទៅហើយ, ហើយ មេបញ្ជាការប៉ូលីសជាតិ បានបន្តការ ចោទប្រកាន់ដើម្បីធ្វើការឆ្ លើយតបទៅនឹងបាតុករ ហើយកងទ័ពបានត្រឹមតែ ដើរតួនាទីជាអ្នក គាំទ្រតែមួយគត់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល