ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង -Samsung បាន
សំរេចចិត្តបោះបង់មិនបន្តធ្វើការប្តឹងផ្តល់ក្នុងកិច្ចការទប់ស្កាត់ការធ្វើចរាចរ iPhone 4S របស់
Apple នៅលើទីផ្សារក្នុងស្រុកនោះទេ ។
នេះគឺជាទង្វើមួយនៅចំពោះមុខការប្រតិកម្មប្រឆាំងយ៉ាងខ្លាំងកា្លរបស់អតិថិជនអ្នកប្រើប្រាស់
កូរ៉េខាងត្បូងខណៈពេលដែលពួកគេចង់ប្រើប្រាស់នូវផលិតផលថ្មីរបស់ Apple នេះ។
គួរបញ្ជាក់ថារយៈកាលកន្លងមក Samsung ធ្លាប់បានចេញសេចក្តីប្រកាសមួយស្តីពីគំរោងប្តឹង
លើ Apple ដើម្បីធ្វើការទប់ស្កាត់មិនអោយក្រុមហ៊ុនមួយនេះលក់ផលិតផល iPhone 4S របស់
ខ្លួននៅក្នុងប្រទេស អ៊ីតាលី បារាំង អូស្រ្តាលី និងប្រទេសជប៉ុន ។ ប៉ុន្តែ Samsung មិនប្រាកដ
ថានឹងបន្តធ្វើការប្តឹងតទៅទៀតនោះទេនៅក្នុងទីផ្សារក្នុងស្រុក ពីព្រោះតែវាអាចជះឥទ្ធិពល
អាក្រក់ដល់ទំនាក់ទំនងរបស់ក្រុមហ៊ុនជាមួយនឹងអតិថិជន ។
Apple និង Samsung បានចាប់ផ្តើមធ្វើការប្តឹងផ្តល់គ្នាទៅវិញទៅមកនៅជុំវិញពិភពលោកតាំង
ពីខែមេសាដើមឆ្នាំ ២០១១ នេះមកម្ល៉េះគឺខណៈពេលដែល Apple បានសរសេរលិខិតទៅកាន់
តុលាការអាមេរិកដើម្បីប្តឹង Samsung ក្រោមបទចោទប្រកាន់ថា Samsung បានលួចចំលង
នូវគំរូម៉ូដរចនាចំនួនពីរពីផលិតផល iPhone និង iPad របស់ខ្លួនដើម្បីបង្កើតជាទូរស័ព្ទ Galaxy
និងឧបករណ៍ Tablet Galaxy tab ។ Samsung ក៏បានធ្វើលិខិតមួយច្បាប់ដើម្បីប្តឹងតបទៅនឹង
Apple វិញដែរ ប៉ុន្តែមិនអាចដោះស្រាយអ្វីបាននោះឡើយដោយសារតែតុលាការហាក់មាន
ភាពលំអៀងទៅកាន់ Apple ។ ការប្តឹងផ្តល់នេះក៏បានរាលដាលដល់គណៈកម្មការពាណិជ្ជ
កម្មអន្តរជាតិអាមេរិកផងដែរ ដែលជាកន្លែងអាចធ្វើការរាំងមិនអោយនាំផលិតផលចូលក្នុង
ទីផ្សារអាមេរិកបាន ។
ចំពោះការកាត់ក្តីរបស់តុលាការអាមេរិកលើពាក្យបណ្តឹងរបស់ Apple និង Samsung អាចនឹង
ប្រព្រឹត្តទៅនៅក្នុងខែកក្កដាឆ្នាំក្រោយនេះ ។ ហើយប្រសិនជាយ៉ាងដូច្នោះមែនបណ្តាបុគ្គលិក
ផ្នែករចនារបស់ក្រុមហ៊ុន Apple មានដូចជាលោក Jonathan Ive និង Christopher Stringer
ជាដើមនោះត្រូវតែប្រមូលរាល់ឯកសារទាំងឡាយដែលជាលិខិតបញ្ជាក់អោយបានរួចរាល់
នៅមុនខែមករា ឆ្នាំ២០១២ ខាងមុននេះ ។
រាល់ទំនាក់ទំនងរវាង Samsung និង Apple នាពេលបច្ចុប្បន្ននេះនៅតែមានស្ថានភាពស្មុគ
ស្មាញនៅឡើយ ដោយសារ Apple នៅតែបន្តទិញ Chip ក្នុងបរិមាណមួយយ៉ាងច្រើន និង
បណ្តាគ្រឿងបន្លាស់ផ្សេងៗទៀតដែលផលិតឡើងដោយក្រុមហ៊ុន Samsung នោះ ៕
ប្រភព៖ TTCN
ដោយ៖ រស្មី