ភ្នំពេញ ៖ ជនសង្ស័យ ទាំង៤នាក់ ជាអង្គរក្សរបស់ មេខ្លោងឃាតករ ឧកញ៉ាថោង សារ៉ាត់ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ បញ្ចប់ការសាកសួរហើយ កាលពីវេលាម៉ោង ៥៖៥០នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ សម្រេចធ្វើការចោទប្រកាន់ នៅឡើយទេ ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទលោក កែវ សុជាតិ ដែលកាន់សំណុំរឿងឃាតកម្ម ដ៏ធំប្រចាំចុង ឆ្នាំ២០១៤ បាន បញ្ជាក់ថា «ខ្ញុំបានបញ្ចប់ការសាកសួរ ជនសង្ស័យទាំង៤នាក់ ប៉ុន្តែខ្ញុំមិនទាន់ សម្រេចធ្វើការ ចោទប្រកាន់ពួកគេ នៅឡើយទេ ដោយរង់ចាំបន្តការងារ នៅស្អែកទៀត»។

បើទោះបីលោក កែវ សុជាតិ មិនទាន់បញ្ជាក់ អំពីបទ ចោទប្រកាន់នោះ តែមន្រ្តីតុលាការមួយរូប លួចបង្ហើបថា ជនសង្ស័យ ទាំង៤នាក់អាច នឹងត្រូវចោទ ប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ។

មន្រ្តីតុលាការដដែល បានបញ្ជាក់ទៀតថា ក្រោយការបញ្ចប់ការសួរនាំ និងធ្វើការចោទប្រកាន់នោះ សំណុំរឿងដ៏ធំមួយនេះ នឹងត្រូវបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បី ចាត់ការបន្តទៀត។

សេចក្តីរាយការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយ ព្រះរាជអាជ្ញារង កែវ សុជាតិ បញ្ចប់ការសួរនាំនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួន នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញវិញ ដើម្បីរង់ចាំ បន្តការសួរនាំ និងធ្វើការចោទប្រកាន់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ទៀត។

សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៥៥នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូនអង្គរក្សទាំង ៤នាក់របស់ ឧកញ៉ា ថោង សារ៉ាត់មកដល់ សាលាដំបូង រាជធានីភ្នំពេញ ហើយ ដើម្បី បន្ដការសួរនាំ នៅចំពោះមុខ តំណាងអយ្យការ ហើយឈានទៅដល់ ការចោទ ប្រកាន់ និងផ្ដន្ទាទោសអំពីអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ។

អង្គរក្សទាំង៤នាក់ ដែលពីរនាក់ធ្វើ សកម្មភាពផ្ទាល់ និងពីរនាក់ទៀត ជិះម៉ូតូបិទ គូទពីក្រោយ ត្រូវបាន ឃាត់ខ្លួន ពីដំបូង មានចំនួន៣នាក់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ពេលដែល ពួកគេកំពុង ជិះម៉ូតូការពារមេរបស់ខ្លួននៅមុខមន្ទីរពេទ្យរុស្សី ។

បន្ទាប់កាល ពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែធ្នូ សមត្ថកិច្ចបានបន្ដការឃាត់ខ្លួន អង្គរក្សម្នាក់ទៀត ជាអ្នកបើកម៉ូតូ ដែលចូលរួម ប្រព្រឹត្ដអំពើឃាតកម្មនេះ ។ អង្គរក្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ច អះអាងថា ជនដៃដល់ជា អ្នកបាញ់ប្រហារ ឧកញ៉ា អ៊ឹង ម៉េងជឺ ឈ្មោះសៀង វាសនា ទី២ អ្នកបើកម៉ូតូ ឈ្មោះលី សៅ ជាជនជាតិ វៀតណាម ទី៣ឈ្មោះមាស សម្បត្ដិ ជាអ្នក ជិះម៉ូតូបិទគូទ និងទី៣ ឈ្មោះកុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយមាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះ ស្លាប់ហើយឬនៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល