Nokia នឹងធ្វើការតាំងបង្ហាញវត្តមានឧបករណ៍ Tablet ជាផលិតផលថ្មីមួយទៀតរបស់ខ្លួន
ដំណើរការដោយ Windows 8 នៅក្នុងខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ,ដែលនេះឆ្លុះ
បញ្ចាំងអោយឃើញច្បាស់ផងដែរពីជំហ៊ានឆ្ពោះទៅមុខមួយទៀតរវាងក្រុមហ៊ុន Nokia និង
ក្រុមហ៊ុន Microsoft ។
Lumia 800 គឺជាសមិទ្ធិផលរួមគ្នាដំបូងរវាង Nokia និង Microsoft
ពត៌មានខាងលើនេះផ្តល់ជូនដោយនាយកក្រុមហ៊ុន Nokia សាខាក្នុងប្រទេសបារាំងឈ្មោះ
លោក Paul Amsellem ដែលបានធ្វើកិច្ចសម្ភាសជាមួយទស្សនាវដ្តីជាភាសាបារាំងឈ្មោះ
LesEchos ។ ក្នុងកិច្ចសម្ភាសនោះលោក Amsellem បានអោយដឹងថាឧបករណ៍ Tablet
ដែលដំណើរការដោយ Windows 8 នេះក៏នឹងមានលំនាំយីហោរបស់ Lumia ផងដែរ និងវា
គឺជាអ្នកត្រួសត្រាយផ្លូវមុនដំបូងគេរបស់ Nokia ទៀតផង ។
Amsellem អោយដឹងថាឧបករណ៍ Tablet ប្រើប្រាស់ Windows 8 របស់ Nokia នេះនឹងបង្ហាញ
វត្តមាននៅក្នុងខែ មិថុនាឆ្នាំ ២០១២ ខាងមុខនេះ ហើយដំណឹងនេះក៏ជាផ្នែកមួយដែលធ្វើការ
ប្រកាសបា្រប់ពីដំណឹងនៃការចេញផ្សាយជាផ្លូវការរបស់ប្រព័ន្ធប្រតិបត្តិការ Windows 8 នេះ
ផងដែរ ដែលនឹងបង្ហាញនៅក្នុងកំឡុងខែមិថុនា ២០១២ ដូចគ្នា។ មិនតែប៉ុណ្ណោះដំណឹងនេះ
ក៏បានឆ្លុះបញ្ចាំងអោយឃើញថា Windows 8 គឺជាប្រព័ន្ធប្រតិបត្តិការដ៏សមស្របនឹងល្អបំផុត
ទាំងនៅលើ PC និងឧបករណ៍ Tablet រឺ Smartphone ។
Amsellem មិនបានធ្វើការបរិយាយបន្ថែមលំអិតពីពត៌មានដែលទាក់ទងនឹងផលិតផលថ្មីនេះ
ទេ។ ប៉ុន្តែកិច្ចសម្ពាសផ្តល់ដំណឹងនេះបានឆ្លុះបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏ប្រសើរ
រវាង Nokia និង Microsoft នៅតែមានការវិវឌ្ឍន៍ឆ្ពោះទៅមុខបានយ៉ាងល្អជានិច្ច។ ជាក់ស្តែង
មិនថាពេលណានោះទេគឺនៅពេលដែល Microsoft បញ្ចេញនូវកំណែប្រព័ន្ធប្រតិបត្តិការថ្មី
ដំបូងរបស់ខ្លួន មិនថាសំរាប់លើ smartphone រឺក៏សំរាប់ឧបករណ៍ Tablet គឺ Nokia តែងតែជា
មនុស្សត្រួសត្រាយដំបូងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មីនោះ ៕
ប្រភព៖ Mashable
ដោយ៖ រស្មី