ព្រះសីហនុៈ បុរសម្នាក់ ត្រូវរថភ្លើងកិនដាច់ក្បាល និងដៃម្ខាងចេញពីដងខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនិង កន្លែងកើតហេតុ ។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោង២៣និង៣០ នាទីយប់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតនៅតំបន់ទំនប់រលក ក្នុងក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ប្រាក់ ពុទ្ធា នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ១ បានអោយដឹងថាជនរងគ្រោះជាបុរស ពោះម៉ាយ មានឈ្មោះ ចេង វិរៈភេទប្រុស អាយុ៤៨ឆ្នាំ ជាកម្មករស៊ីឈ្នួលលីសែងតាមផែ ស្នាក់នៅកន្លែង កើតហេតុ ហើយមានស្រុកកំណើតនៅស្រុកពាមរខេត្តព្រៃវែង មានកូនចំនួន៨នាក់ប្រុស៤នាក់ ស្រី៤ និងកូនបង គេអាយុជាង២០ឆ្នាំ និងពៅគេអាយុ៧ឆ្នាំ ដោយអ្នកខ្លះធ្វើកម្មករ និងអ្នកខ្លះទៀតដើររើសអេតចាយ ប្រពន្ឋស្លាប់ ចោលជាច្រើនឆ្នាំមកហើយ។

ប្រភពពីសាក្សីបានអោយដឹងថា បុរសរងគ្រោះនេះតែងតែហូបស្រា ជាប្រចាំមិនលោះថ្ងៃណានោះទេ ហើយនៅ ថ្ងៃកើតហេតុនេះក្រោយពីហូបគ្រឿងស្រវឹង ហើយបានទៅដេកលើផ្លូវរទេះភ្លើងនេះចំនួន២ដងមកហើយ តែត្រូវ បានបងប្អូនប្រជាពលរដ្ឋឃើញជួយលើកគាត់ចេញរហូត តែលើកចុងក្រោយនេះមិនមាននរណាដឹងក៏ត្រូវ រទេះ ភ្លើងកិនស្លាប់តែម្តងទៅ ។ ហើយការទៅដេកនៅលើផ្លូវរថភ្លើងនេះ ប្រហែលជាគាត់នឹកស្មានថា គ្មានរថភ្លើងធ្វើ ចរាចរណ៍ព្រោះសព្វមួយដងរថភ្លើង កម្រនិងធ្វើចរាចរណ៍នៅម៉ោងកើតហេតុខាងលើនេះណាស់ ។ ម្យ៉ាងទៀត រថភ្លើងពេលធ្វើដំណើរមកដល់ជិតកន្លែងកើតហេតុទើប បានស៊ីផ្លេរទើបកើតរឿងបែបនេះព្រោះថា នៅចំណុចនេះមាន ប្រជាពលរដ្ឋរស់នៅច្រើនជាប់និងផ្លូវរថភ្លើង។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានធ្វើរិះគន់ខាងរថភ្លើងថា ចំពោះជនរងគ្រោះមកដេកនៅលើផ្លូវនេះ វាពិតជាខុស ហើយព្រោះនេះ ជាទីកន្លែងអទិភាពរបស់រថភ្លើង ក៏ប៉ុន្តែភាគីរថភ្លើងគួរណាស់តែស៊ីផ្លេរ អោយបានមុនយ៉ាង តិច៥០០ម៉ែត្រមិនអាចមកដល់គៀកហើយទើបស៊ីផ្លេរ នោះទេព្រោះទីកន្លែងកើតហេតុជាភូមិប្រជាពលរដ្ឋ រស់នៅច្រើន។

ក្រោយកើតហេតុបំណែកសាកសពត្រូវបានបងប្អូនអ្នកភូមិអូសចេញ ពីរថភ្លើងមកទុកនៅផ្ទះកូនជនរងគ្រោះ ទាំងពុំមានលុយសំរាប់ធ្វើបុណ្យ ឯរថភ្លើងបានធ្វើដំណើរទៅភ្នំពេញបន្តទៀតដើម្បីទម្លាក់ទំនិញ ឯការដោះស្រាយ យ៉ាងណានោះនៅពុំទាន់ដឹងនៅឡើយទេ? ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល