មានបក្សីមួយប្រភេទត្រូវបានគេចាត់ទុកជា"អ្នកចំរៀងសំលេងមាស" នៅក្នុងពិភពសត្វបក្សី
នៅលើផែនដីយើងនេះ។ សត្វបក្សីទាំងនោះមានរោមដ៏ស្រស់ស្អាត មានពណ៌ដ៏ល្អឆើតនិង
ទាក់ទាញបំផុត...។
មានរឿងព្រេងនិទានដំណាលថា បក្សីសួគ៌គឺជាសត្វបក្សីរបស់អាទិទេព រស់នៅឯឋានសួគ៌
បរិភោគតែទឹកដមបុប្ផា និងផឹកតែទឹកសន្សើមប៉ុណ្ណោះ។ នៅពេលដែលបក្សីនេះរាំវាបញ្ចេញ
នូវសំលេងតន្ត្រីយ៉ាងពិរោះរណ្តំចិត្តទៀតផង។ មនុស្សទូទៅហៅឈ្មោះរបស់វាផ្សេងៗគ្នាដូច
ជា៖ បក្សីបរមសុខ បក្សីព្រះអាទិត្យ រឺ សត្វក្ងោកជាដើម...។
មួយភាគធំនៃប្រភេទសត្វបក្សីសួគ៌នេះត្រូវបានគេរកឃើញនៅតំបន់ព្រៃត្រូពិចនៃកោះ Papua
New Guinea និងមួយភាគទៀតឃើញរស់នៅលើកោះ Moluccas ក្នុងប្រទេស ឥណ្ឌូនេស៊ី និង
ភាគខាងកើតប្រទេសអូស្រ្តាលី ។ សត្វបក្សីសួគ៌នេះមានទាំងអស់ប្រមាណជា ៤០ប្រភេទនិង
ទូទៅគេស្គាល់បក្សីឈ្មោលច្រើនជាងដោយសារតែរោមដ៏វែងនិងស្រស់ស្អាតរបស់វា ដែលដុះ
ចេញពីចំពុះ ស្លាប រឺក្បាល។
ក្បាលរបស់បក្សីសួគ៌មានពណ៌លឿង និងមានរោមដ៏ស្រស់ស្អាត ពិសេសគឺនៅត្រង់កន្ទុយ
មានរោមវែងស្រស់ឆើតឆាយ ,ជើងរបស់វាមានប្រវែងខ្លីដូច្នេះហើយពេលដែលវាហើរយើង
មិនអាចមើលឃើញជើងរបស់វានោះទេ។
នៅពេលដែលបក្សីសួគ៌ពណ៌ខៀវ ហៅគូរស្នេហ៍របស់វា ជាធម្មតាវាតែងតែងើយក្បាលឡើង
ទៅលើ បង្កោងខ្នង បញ្ចេញរោមពណ៌មាសនៅត្រង់គល់ស្លាប រឺទុំនៅលើមែកឈើរួចសំយ៉ុង
ក្បាលចុះក្រោមដើម្បីបញ្ចេញរោមដ៏ស្រស់ស្អាតរបស់ខ្លួនបង្អួតទៅគូរស្នេហ៍របស់វា។ ប្រភេទ
សត្វបក្សីដែលជាស្រឡាយនៃបក្សីសួគ៌គឺជាប្រភេទបក្សីមួយក្នុងចំណោមបក្សីដែលមានដើម
កំណើតតាំងពីយូរលង់ណាស់មកហើយ និងយំមានសំលេងពិរោះបំផុត។
សត្វបក្សីសួគ៌គឺជានិមិត្តសញ្ញារបស់ Papua New Guinea ទាំងលើទង់ជាតិ និង សញ្ញាជាតិ ,
អាកាសចរណ៍ និងបណ្តាវត្ថុអនុស្សាវរីយ៍ទាំងឡាយ គឺសុទ្ធតែឃើញមានរូបសត្វបក្សីសួគ៌
ទាំងអស់៕
ប្រភព៖ MM
ដោយ៖ រស្មី