នៅក្នុងព្រឹត្ដិការណ៍ថ្មីមួយ សហភាពអ៊ឺរ៉ុប (EU) កាលពីថ្ងៃទី ១ ធ្នូរ បានសម្រេចដាក់ទណ្ឌកម្ម
បន្ថែមថ្មីចំពោះ មន្ដ្រី និងក្រុមហ៊ុនមួយចំនួនរបស់ អ៊ីរ៉ង់ ទាក់ទឹននឹងកម្មវិធីអាវុធនុយក្លេអែរ
ដែលកំពុងក្លាយជាបញ្ហាធំរបស់ពិភពលោក។
សហភាពអ៊ឺរ៉ុប ប្ដេជ្ញាប្រឆាំង អ៊ីរ៉ង់
មន្ដ្រីអ៊ីរ៉ង់ ចំនួន ៣៩រូប និងក្រុមហ៊ុនចំនួន ១១៤ ដែលត្រូវទទួលការដាក់ទណ្ឌកម្មនេះនឹង
ត្រូវបានបិទគណនីនៅធនាគារ ព្រមទាំងហាមមិនអោយធ្វើដំណើរទៅអ៊ឺរ៉ុបផងដែរ។
ប៉ុន្ដែ សហភាពអ៊ឺរ៉ុប មិនទាន់សម្រេចក្នុងការហាមនាំចេញប្រេងទៅកាន់អ៊ឺរ៉ុង របស់ អ៊ីរ៉ង់
ព្រោះថា ប្រទេសមួយចំនួនរបស់ EU កំពុងអាស្រ័យលើប្រភពប្រេងរបស់ប្រទេសនេះ។
ក្រុមរដ្ឋមន្ដ្រី ដែលបានប្រជុំនៅ Brussels បានយល់ព្រមថា នឹងពិភាក្សាអំពីវិធានការដទៃ
ដើម្បីសំដៅទៅលើវិស័យថាមពល ដែលជាវិស័យសំខាន់កំពូលរបស់ អ៊ីរ៉ង់ ។
ការយល់ព្រមក្នុងការដាក់ទណ្ឌកម្មនេះ ត្រូវបានគេលើកឡើងបន្ទាប់ពីអង្គការសហប្រជា
ជាតិបញ្ចេញរបាយការណ៍មួយដែលថា ប្រទេស អ៊ីរ៉ង់ កំពុងធ្វើការពិសោធសំងាត់ក្នុងគោល
បំណងផលិតអាវុធ នុយក្លេអែរ ជាការចោទប្រកាន់មួយដែល អ៊ីរ៉ង់ ធ្លាប់បានទាត់ចោលជា
ញឹកញាប់។
បាតុករវាយបំផ្លាញស្ថានទូត អង់គ្លេស នៅក្រុង Tehran
ការយល់ព្រមដាក់ទណ្ឌកម្មនេះត្រូវបានគេលើកឡើង បន្ទាប់ពីក្រុមបាតុករ អ៊ីរ៉ង់ បានវាយ
បំផ្លាញស្ថានទូត អង់គ្លេស នៅក្នុង Tehran ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ដ្រី នៃ
សហភាពអ៊ឺរ៉ុប បានអះអាងថា ការដាក់ទណ្ឌកម្មនេះមិនទាក់ទឹននឹងការវាយបំផ្លាញស្ថាន
ទូត អង់គ្លេស នោះឡើយ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ mail