ភ្នំពេញ ៖ ដោយតែតូចចិត្ត ប្តីមានស្រីថ្មី បានបង្ខំឲ្យ ស្រីវ័យ៣០ឆ្នាំម្នាក់ បានសម្រេចចិត្ត ជិះម៉ូតូដឹក កូនតូចៗ ចំនួន២នាក់ មកលោតទឹក សម្លាប់ខ្លួន ពីលើស្ពាន ជ្រោយចង្វារ តែមិនបានសម្រេច នោះទេ ដោយសារតែត្រូវ កម្លាំងនគរបាល ប្រចាំគោលដៅ ស្ពានជ្រោយចង្វា ជួយឃាត់ទាន់ពេល កាលពីវេលា ម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៣ ។

ប្រភព័ត៌មាន ពីសមត្ថកិច្ច យាមប្រចាំការ នៅគោលដៅ ស្ពានជ្រោយចង្វារ ដែលបានសួរនាំ ស្រ្តីរងគ្រោះ បាននិយាយថា ជនរងគ្រោះរូបនេះ ឈ្មោះ ចាន់ សាប អាយុ៣០ឆ្នាំ និងមានប្តីឈ្មោះ ប៊ុន ធូ អាយុ៣០ឆ្នាំ មុខរបរជាង កាត់កញ្ចក់ មានកូន២នាក់ កូនប្រុសបង អាយុ៦ឆ្នាំ និងកូនស្រី អាយុ២ឆ្នាំ រស់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេល កើតហេតុ ស្រ្តីដែលមានវិបត្តិរូបនេះ បានជិះម៉ូតូម៉ាក សង់ប៊ិច ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BL-7217 មកដល់ពាក់ កណ្តាល ស្ពានជ្រោយចង្វារ ។

ពេលនោះ ស្រ្តីរងគ្រោះ បានឈប់ម៉ូតូ ឈរកាន់ដៃកូនទាំង២ យំសស្រាក់ ដោយមានបំណង លោតពីលើស្ពាន ឲ្យស្លាប់ចោលប្តីតែម្តង ។ សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ដោយឃើញ ស្ថានភាពស្រ្តីរងគ្រោះ បែបនេះ កើតមានការសង្ស័យ ក៏ទៅនាំទើបដឹងថា នាងចង់លោត ទឹកសម្លាប់ខ្លួន ដោយសារ មានវិបត្តិធងន់ធ្ងរ មិនអាចដោះស្រាយបាន ។

ក្រោយពី នគរបាល គោលដៅទី៣ ស្ពានជ្រោយចង្វា សួរនាំ ស្រ្តីរងគ្រោះ បាននិយាយថា មូលហេតុដែល សម្រេចចិត្តមក បញ្ចប់ជីវិតនោះគឺមកពី នាងតូចចិត្ត នឹងប្តីបែកចិត្ត ទៅមានស្រីថ្មី ទើបមិនចង់រស់។ ក្រោយការសួរនាំ សមត្ថកិច្ចបាន ធ្វើការអប់រំរួច ឱ្យត្រឡប់ទៅផ្ទះវិញ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល