ភ្នំពេញ៖ កន្លងមក មានបណ្តាញសារព័ត៌មានក្នុងស្រុក និងវិទ្យុបរទេសផ្សាយ ជាខេមរភា សា បានចុះផ្សាយពីសក្តិ ដោយ បានលើកឡើង ជាចម្ងល់ថាហេតុអ្វី បានជាឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក មិនព្រមពាក់អាវ ដែលត្រូវបានដំឡើង ឋាន្តនរស័ក្តិ ជានាយឧត្តមសេនីយ៍ផ្កាយមាសបួន។

ដោយសារតែមិនអាចទ្រាំ នឹងទង្វើសារព័ត៌មានខាងលើបាន ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃនេះ បានធ្វើការស្រាយបំភ្លឺ ទៅបណ្តាញសារព័ត៌មានទាំងនោះ តាមរយៈ បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា វិទ្យុ អាស៊ីសេរី ប៉ុន្មានថ្ងៃមុនបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០១៣ បានផ្សាយព័ត៌មានមួយ ដែលថាលោក ត្រូវបានដំឡើង ជានាយឧត្តមសេនីយ៍ផ្កាយមាសបួន។ ពេលថ្មីៗនេះសារព័ត៌មានដើមត្នោត បានផ្សាយព័ត៌មានម្តងហើយម្តងទៀត ទាក់ទងនឹងការពាក់ស័ក្តិរបស់លោក ដោយអ្នកសរសេរ បានខិតខំស្រាវជ្រាវ រកឯកសារតែងតាំង ពីក្រសួងការពារជាតិមកបង្ហាញ។

លោកបានបន្តថាទៀតថា « មូលហេតុដែលខ្ញុំបានលើកឡើងនេះ មិនមែនជាការកង្វល់របស់ខ្ញុំទេ ប៉ុន្តែអ្នកសារព័ត៌មានទាំងនោះគួរ ចាប់អារម្មណ៍ខ្លាំង លើរឿងការងាររបស់ខ្ញុំ លោកគួរបង្វែរអារម្មណ៍ ថាតើថ្ងៃនេះ ហ៊ុន ម៉ាណែត មានពាក់ផ្កាយប៉ុន្មាននៅលើស្មា ទៅសួរថាតើ ហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះ ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ជាមេបញ្ជា ការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនា ធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលនេះជាការងារ ដែលខ្ញុំផ្តោតអារម្មណ៍ នាពេលបច្ចុប្បន្នខ្លាំង»។

លោកបានបន្ថែមថា «សូមស្រាវជ្រាវមើលថាតើហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះដើម្បីចូលរួម ក្នុងការកសាង សមត្ថភាពកម្លាំងជាតិ ប្រឆាំងភេរវកម្មចាប់ផ្តើមតាំងពីចំណុចសូន្យ ៦ឆ្នាំមុន ដែលពេលនោះ កម្ពុជាមិនទាន់មានកម្លាំងជំនាញ ប្រឆាំងភេរវកម្ម ឲ្យក្លាយកម្លាំងមួយ ដែលបណ្តាថ្នាក់ដឹកនាំកងទ័ពបរទេស បានវាយតម្លៃ ថាជាកម្លាំងលំដាប់ទីមួយនៅក្នុងតំបន់ ដោយផ្អែក លើសមត្ថភាពជំនាញ ប្រឆាំងភេរវកម្ម និងជាកម្លាំងមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយ យថាហេតុផ្សេងៗ ដើម្បីធានាសន្តិសុខ ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំជាតិ និងអន្តរជាតិសំខាន់ៗនាពេលកន្លងមក»។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែតបន្ថែមថា «សូមស្រាវជ្រាវមើលផងដែរថាតើ ខ្ញុំបាន បំពេញតួនាទីរបស់ខ្ញុំ ជានាយរង សេនាធិការចម្រុះ និងមេបញ្ជាការរងកងទ័ពជើងគោក ចូលរួមចំណែកអ្វីខ្លះជាមួយថ្នាក់ដឹកនាំកងទ័ព ក្នុងការដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រ ការពារជាតិសម្រាប់អនាគត ជាពិសេសទាក់ទងនឹងការកសាង ប្រៀបដូចជា ការពារជាតិ ការពង្រឹងនាយទាហានវ័យក្មេងសម្រាប់ការបន្តវេនការពារជាតិ នាពេលអនាគត ការលើកស្ទួយកំរិតជីវភាព រស់នៅ របស់កងទ័ពនិងគ្រួសារទ័ព ការយកចិត្តទុកដាក់ទៅលើយោធិន ចូលសោធននិវត្តន៍ ពលី មរណ: និងការងារមួយ ចំនួនផ្សេងទៀត»។

លោកបានឲ្យដឹទៀតថា បើការស្រាវជ្រាវរបស់អ្នកសារព័ត៌មាន រកឃើញនូវចំណុចខ្វះខាតរបស់លោក ក្នុងការបំពេញតួនាទី និងភារកិច្ច សូមមេត្តាប្រាប់មកចុះ ហើយបើអាច ផ្តល់ជាមតិ យោបល់ ទាក់ទងការកែលំអចំណុចខ្សោយទាំងនោះ លោក កាន់តែអរគុណច្រើន។

លោក ហ៊ុន ម៉ាណែត ក៏សូមសំណូមពផងដែរ ចំពោះបងប្អូនអ្នកសារព័ត៌មានមួយចំនួន ឈប់រំខានថ្នាក់ដឹកនាំ របស់លោក ទៀត ទាក់ទងរឿងស័ក្តិរបស់លោក ព្រោះគាត់មានភារកិច្ច ច្រើនផ្សេងទៀតដែលត្រូវធ្វើ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល