ភ្នំពេញ៖ ចោរឆក់ខ្សែក ប្រជាពលរដ្ឋ នៅតាមដងផ្លូវម្នាក់ ត្រូវបានកម្លាំង នគរបាល ខណ្ឌដូនពេញ ចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាព នៅខាងត្បូង ផ្សារសូរិយា ក្នុង សង្កាត់ផ្សារថ្មីទី៣ កាលពីវេលាម៉ោង ១១៖១៥នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ត្រូវចាប់ខ្លួន បានភ្លាមៗ ព្រមទាំងដកហូត ម៉ូតូម៉ាកនិច និងខ្សែក របស់ជនរង គ្រោះមកវិញ។ មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ តាមដងផ្លូវ ស្រាប់តែធ្វើ សកម្មភាពឆក់ខ្សែក ពីប្រជាពលរដ្ឋ នាំឲ្យមានការភ្ញាក់ផ្អើល ខណៈនោះកម្លាំង នគរបាល កំពុងចុះល្បាត នៅក្បែរ ក៏ដេញចាប់បានភ្លាមៗ តែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់ ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យ ដែលត្រូវ ចាប់ខ្លួនខាងលើនេះមាន ឈ្មោះ នួន ដារ៉ា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខជួលលេខ៧៣ ផ្លូវលេខ០៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឡែកជនរងគ្រោះមានឈ្មោះ ញ៉ុង ម៉ាស ភេទស្រី អាយុ៥១ឆ្នាំ រស់នៅខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ក្រោយពីមានណែនាំ និងបទបញ្ជា ពីសំណាក់ ស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ ស្តីអំពីការ ពង្រឹងសន្តិសុខ តាម មូលដ្ឋាននោះ កម្លាំងនគរបាល ព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាប៉ុស្តិ៍ បានចុះល្បាត ជាប្រចាំ ដើម្បីជួយអន្តរាគមន៍ ទាន់ពេលវេលា នៅពេលមាន បទល្មើសអ្វី មួយកើតឡើង ជាក់ស្តែង ដូចករណី ខាងលើនេះតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល