ភ្នំពេញ ៖ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា នេះបានធ្វើពិធី ក្រុងពាលីបើកការដ្ឋានសាងសង់ អគារបម្រើការងារថ្មី នៅទីតាំងថ្មី លើផ្ទៃដី ៣ពាន់ម៉ែត្រការ៉េ ទល់មុខមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ក្រោមអធិបតីភាព លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ អគារក្រសួងបរិស្ថានថ្មីនេះ ត្រូវបាន គេប្រសិទ្ធនាមថា «អគារមរតកតេជោ»។

លោក សៅ សុភាព អ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងឲ្យដឹង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ថា ការសាងសង់អគារក្រសួងបរិស្ថានថ្មី ត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដែលមានទឹកប្រាក់ចំនួន ៨លាន ដុល្លារ ។ លោកថា « ទីតាំងថ្មីរបស់ក្រសួងបរិស្ថាន ត្រូវបានផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដូច្នេះហើយទើបក្រសួងសម្រេចដាក់ឈ្មោះ អគារមរតកតេជោ ដើម្បីបញ្ជាក់ ពីការដឹងគុណមិនអាចកាត់ថ្លៃបាន»។

បើតាមការឲ្យដឹង របស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានចាស់នឹង ប្រគល់ទៅឲ្យម្ចាស់ដើមវិញ ។

លោក ជួន វិចិត្រសិលា អគ្គនាយករង ក្រុមហ៊ុនដូចពេញសំណង់ ដែលជាក្រុមហ៊ុន ទទួលម៉ៅការ សំណង់ បានថ្លែងឲ្យដឹងថា ក្រសួងបរិស្ថានថ្មីសាងសង់លើផ្ទៃដី ៣ពាន់ម៉ែត្រការ៉េ ដែលមានទំហំអគារ ទាំងអស់ មានចំនួន១០.០៥០ម៉ែត្រការ៉េ។ លោកបន្តថា «ទាំងអស់មានជាន់ក្រោមដី សម្រាប់ចំណត រថយន្ត ហើយមានបន្ទប់ជាការិយាល័យចំនួន ៥ជាន់»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានក្នុងជំនាន់លោក ម៉ុក ម៉ារ៉េត ជារដ្ឋមន្រ្តី ធ្លាប់បានសាងសង់អគារក្រសួង បរិស្ថានថ្មីមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ចម្ងាយមិន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្មាននោះទេ ។ គ្រាដែលអគារក្រសួង ដំណើរការសាងសង់ ស្ទើរតែរួចរាល់ជា ស្ថាពរហើយនោះ ស្រាប់តែផ្អាកដំណើរការទៅវិញ ហើយបន្សល់គ្រោងអគារទុកចោល រហូតដល់ បច្ចុប្បន្ន។

បើតាមប្រភពព័ត៌មានមួយចំនួន បានបញ្ជាក់ថា ការផ្អាកដំណើរការសាងសង់អគារនៅទីតាំងថ្មីនេះ ដោយសារមានមន្រ្តីបម្រើការក្នុងក្រសួងបរិស្ថានមួយចំនួនធំ នាំគ្នាតវ៉ាបដិសេធ មិនព្រមទៅបម្រើការ នៅទីនោះ ដោយពួកគិតថា មានចម្ងាយឆ្ងាយពីលំនៅដ្ឋានពិបាកធ្វើដំណើរទៅបម្រើការងារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល