ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងសញ្ញាប ត្រមធ្យមសិក្សាទុតិយភូមិលើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅ តែតឹងរឹងដដែល គ្មានការបន្ធូរបន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួងត្រូវតែរក្សានូវការរឹតបន្តឹង ដើម្បីចម្រាញ់ យកធនធានពិត។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយជាផ្លូវការនូវ «គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ សម្តេចតេជោ ហ៊ុន សែន បានហៅកំណែទម្រង់ នៃការប្រឡងនាឆ្នាំ២០១៤ថា ជាការចម្រាញ់ទឹក១០ យកទឹក១។

សម្តេចតេជោ បានអំពាវនាវ ដល់សិស្សានុសិស្ស ដែលត្រូវប្រឡងលើកទី២ត្រូវប្រឹងប្រែងរៀនសូត្រ ឬត្រូវរៀនបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងលើកទី២នេះ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ការប្រឡងលើកទី២ គ្មានទេការបន្ធូរបន្ថយដាក់ឲ្យពិន្ទុជាប់ ហើយលោកគ្រូ អ្នក គ្រូ ក្រសួង ក៏មិនបន្ធូរឲ្យប្រឡងលើកទី២ជាប់ទេ មានន័យថា នៅតែតឹងដូចប្រឡងលើកទី១។ ប្រសិនបើយើង ចេះតែឲ្យជាប់ ជាប់មានចំនួនច្រើន ទីបំផុតពេលបញ្ចប់ការសិក្សាទៅធ្វើការងារគេអត់កើត ចឹងទេគុណភាពអប់រំ ត្រូវដើរតួនាទីសំខាន់ ដើម្បីឲ្យធនធានមនុស្សយើងចេញទៅ ធ្វើការងារឲ្យគេបាន ធ្វើការតាមក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ គឺគេព្រមទទួលយកយើង ព្រោះសមត្ថភាពយើងអាចទទួលយកបាន»។

លោកនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ក្រសួងអប់រំផងដែរថា កំណែទម្រង់មិនអាចធ្វើសម្រាប់តែពេលប្រឡង បាក់ឌុបនោះទេ ត្រូវតែធ្វើតាំងពីរថ្នាក់បឋម រហូតដល់ធម្យមសិក្សា មិនមែនការខិតខំតែនៅថ្នាក់ទី១២ ធ្វើឲ្យប្រឡង ជាប់នោះឡើយ។

សម្តេចតេជោ បានជំរុញឲ្យអណាព្យាបាលទាំងអស់ ត្រូវខិតខំជួយជំរុញកូនៗបន្ថែម។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល