មានទីតាំងស្ថិតនៅក្នុងប្រទេស Venezuela ទឹកធ្លាក់នេះមានឈ្មោះថា Angel និងមានរយៈ
កំពស់ជិត ១.០០០ម៉ែត្រ ខ្ពស់ជាង ១៩ដងបើធៀបជាមួយនឹងទឹកធ្លាក់ Niagara ដែលជាទឹក
ធ្លាក់មានឈ្មោះល្បីបំផុតនៅភាគខាងជើងនៃទី្វបអាមេរិក។
ទឹកធ្លាក់ Angel (ឈ្មោះហៅក្នុងតំបន់គឺ Kerepakupai mer�) គឺជាទឹកធ្លាក់ធម្មជាតិដែលខ្ពស់
បំផុតក្នុងពិភពលោកមានរយៈកំពស់ ៩៧៩ម៉ែត្រ ដែលក្នុងនោះខ្សែទឹកដែលហូរចុះនិងអាច
មើលឃើញច្បាស់មានកំពស់ ៨០៧ ម៉ែត្រ។ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ
Canaima ក្នុងរដ្ឋ Bolivar ប្រទេស Venezuela ។ ដោយសារតែមានរយៈកំពស់ដ៏ខ្ពស់អស្ចារ្យ
បែបនេះហើយទើបធ្វើអោយទឹកដែលហូរចុះមកក្រោមនោះត្រូវរេរាំតាមកំលាំងខ្យល់បក់ផាត់
និងបង្កើតបានជាផ្សែងអ័ព្វរសាត់អណ្តែតនៅពាសពេញវេហាស៍។
ទឹកធ្លាក់នេះហូរចូលទៅក្នុងទន្លេ Kerep និងបានហូរបន្តចូលទៅក្នុងទន្លេ Churun ដែលជាដៃ
របស់ទន្លេ Carrao ។ ខ្សែទឹកធ្លាក់នោះជួនកាលក៏ត្រូវបានគេហៅឈ្មោះថា Churun ផងដែរ
ដែលតាមភាសា Pemon មានន័យថា" ផ្គររន្ទះ" ។
ទឹកធ្លាក់នេះត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងឆ្នាំ ១៩១២ អោយអ្នករុករកជនជាតិ
Venezuela ឈ្មោះ Ernesto Sanchez La Cruz ប៉ុន្តែអ្នករុករករូបនោះមិនបានធ្វើការប្រកាស
អោយដឹងទូលំទូលាយពីរបកគំហើញរបស់ខ្លួននោះឡើយ។ លុះក្រោយមកមានអាកាស
យានិកជនជាតិអាមេរិកម្នាក់ឈ្មោះ James "Jimmie" Crawford Angel បានបើកហោះកាត់
តំបន់នោះក្នុងដំណើរនៃការរុករកតំបន់រ៉ែ ក៏ប្រទះឃើញដោយចៃដន្យនូវទឹកធ្លាក់នោះនៅ
ថ្ងៃទី ១៦ ខែវិច្ឆិការ ឆ្នាំ ១៩៣៣ គឺពេលនោះហើយដែលពិភពលោកចាប់ផ្តើមស្គាល់ទឹកធ្លាក់
ដ៏អស្ចារ្យបំផុតមួយនេះ។
នៅពេលដែលវិលត្រឡប់មកជាលើកទី២ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៣៧ លោក Crawford
Angel បានព្យាយាមធ្វើការចុះចតយន្តហោះរបស់គាត់នៅលើកំពូលនៃកន្លែងទឹកធ្លាក់នោះ
ក្រោយមកយន្តហោះក៏ត្រូវបានខូចដោយសារតែកង់យន្តហោះបានកប់ចូលយ៉ាងជ្រៅទៅ
ក្នុងស្រទាប់ដីភក់នៅទីនោះ។ ទីបញ្ចប់លោក Crawford Angel និងប្រពន្ធរបស់គាត់ រួមនិង
អ្នករួមការពីរនាក់ផ្សេងទៀត សំរេចចិត្តស្វែងរកផ្លូវដើម្បីចុះពីលើកំពូលភ្នំវិលត្រលប់មកវិញ
ដោយពួកគេបានចំណាយពេលអស់ ១៣ថ្ងៃទើបមកដល់គេហដ្ឋាន។ ក្រោយមកដំណើរនៃ
ការរុករករបស់ពួកគេក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយទឹកធ្លាក់នោះក៏ត្រូវបានដាក់
ឈ្មោះថា Angel ផងដែរដើម្បីជាការផ្តល់កិត្តិយសដល់អាកាសយានិករូបនោះ។
យន្តហោះរបស់ Crawford Angel ស្ថិតនៅលើកំពូលភ្នំអស់រយៈពេល ៣៣ឆ្នាំ លុះក្រោយមក
ក៏ត្រូវបានគេទៅយកត្រលប់មកវិញ ហើយបច្ចុប្បន្នយន្តហោះនោះត្រូវបានគេរក្សាទុកនៅ
ក្នុងសារមន្ទីរកងទ័ពអាកាសនៅឯ Maracay ដោយបានតាំងនៅលើវាលស្មៅនៃព្រលានយន្ត
ហោះ Ciudad Bolivar ។
បើទោះបីជាទឹកធ្លាក់នោះត្រូវបានដាក់ឈ្មោះតាមឈ្មោះរបស់លោក Angel ក៏ពិតមែន ប៉ុន្តែ
ប្រជាជនក្នុងតំបន់នេះក៏បានដាក់ឈ្មោះផ្សេងមួយទៀតអោយទឹកធ្លាក់នោះផងដែរ ដោយ
ពួកហៅថា "Auyan-tepui" រឺក៏ "Aiyan-tepui" ដែលមានន័យថា "មាត់បិសាច" ។
រយៈកំពស់របស់ទឹកធ្លាក់នេះត្រូវបានធ្វើការកំណត់ជាផ្លូវការតាមរយៈការវាយតំលៃមួយរបស់
សមាគមន៍ភូមិសាស្រ្តជាតិ ក្នុងឆ្នាំ ១៩៤៩ និងត្រូវបានទទួលស្គាល់ថាជាទឹកធ្លាក់ដែលមាន
កំពស់ខ្ពស់បំផុតក្នុងពិភពលោកយើងនេះ។ បច្ចុប្បន្នទឺកធ្លាក់នេះក្លាយជាតំបន់ទេសចរណ៍
ដែលទទួលបានការទាក់ទាញបំផុតរបស់ Venezuela ។
អាស្រ័យដោយទឹកធ្លាក់ Angel មានទីតាំងស្ថិតនៅតំបន់ទីរហោស្ថានរបស់ Venezuela ទើប
ការធ្វើដំណើរមិនសូវជាមានការងាយស្រួលប៉ុន្មានឡើយ។ ចំបាច់គឺត្រូវតែធ្វើដំណើរតាម
យន្តហោះ រឺឧទ្ធម្ភាគចក្រដោយហោះពី Caracas ទៅកាន់ Canaima (ទីក្រុងរបស់សួនឧទ្យាន
ជាតិ) , បន្ទាប់មកអ្នកទេសចរណ៍អាចជិះយន្តហោះដើម្បីឡើងទៅទស្សនាអោយកាន់តែជិត
នឹងទឹកធ្លាក់នោះ រឺក៏អាចធ្វើដំណើរដោយការជិះទូក រឺធ្វើដំណើរដោយថ្មើជើងកាត់ព្រៃព្រឹក្សា
ដ៏វែងឆ្ងាយដើម្បីអាចទៅដល់កន្លែងទឹកធ្លាក់នោះ។ នៅកំឡុងថ្ងៃដែលមានពពកច្រើន អ្នក
ទេសចរណ៍នឹងមានការពិបាកយ៉ាងខ្លាំងក្នុងការពិនិត្យមើលអោយបានច្បាស់នូវទឹកធ្លាក់នោះ
ហើយនៅពេញមួយរដូវប្រាំង(ចាប់ពីខែ ធ្នូ ដល់ខែមិនា) ទឹកធ្លាក់នោះមានបរិមាណថយចុះ
ហើយនៅឯកំពូលភ្នំនោះក៏មិនមានពពកច្រើនដែរ៕
ប្រភព៖ Zing
ដោយ៖ រស្មី