-ករណីនោះ អាវុធហត្ថ ខណ្ឌចំការមន បាញ់មួយគ្រាប់ បំបែកហ្វូង

ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានបង្កឡើងនៅ ចំណុចមុខភោជនីយ៍ដ្ឋាន ពិភពថ្មី តាមបណ្តោយ ផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៣៤៨ ក្នុងភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយសារយុវជនម្នាក់ ដែលគេស្គាល់ថា ជាកូនលោកប្រធានភូមិ៤ បានវាយទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសស្ទើរស្លាប់ ព្រោះតែរឿងដាក់លក់ អីវ៉ាន់នៅមុខផ្ទះ។

ហេតុការណ៍ ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង២១និង ៤០នាទីយប់ ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៤។ យោងតាម ប្រភពព័ត៌មានពី នគរបាល មូលដ្ឋានម្នាក់បានឲ្យ ដឹងថា មុនពេលបង្កឲ្យមានករណីនេះ កើតឡើងគឺ ជនរងគ្រោះឈ្មោះ ជា បញ្ញារី ភេទស្រី អាយុ៣២ឆ្នាំ បានជិះម៉ូតូអូស រទេះលក់ភេសជ្ជះ មកចតនៅ ចំណុចផ្លូវលេខ១៧៣ កែងនឹងផ្លូវ៣៤៨ មុខផ្ទះលោកប្រធានភូមិ៤ អស់រយះពេលពីរថ្ងៃ គឺស្ត្រីរូបនោះតែងតែ ទាស់ពាក្យសម្តីគ្នាជាមួយនឹង ក្រុមគ្រួសារប្រធានភូមិ។

ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃកើតហេតុនេះ វេលាម៉ោង២១និង ៤០នាទី យុវជនម្នាក់ ដែលជាកូន របស់លោកប្រធានភូមិ៤ បានដើរចេញពីក្នុងផ្ទះ មកស្រែកជេរ ប្រមាថ ស្ត្រីឈ្មោះ ជា បញ្ញារី និងបានដេញ ស្ត្រីរូបនោះឲ្យជិះរទេះលក់ ភេសជ្ជះចេញពីមុខផ្ទះ។ ប៉ុន្តែដោយសារស្ត្រីរងគ្រោះ មានការយឺតយ៉ាវ ក្នុងការអូសរទេះចេញ ក៏ត្រូវយុវជន ខាងលើរួម ទាំងបក្ខពួក ពីរទៅបីនាក់ទៀត ព្រួតគ្នាវាយទៅលើស្ត្រីនោះ បណ្តាលឲ្យ រងរបួសផងដែរ ។

ប្រភពដដែល បន្តទៀតថា ភ្លាមៗនោះស្ត្រី រងគ្រោះបានទូរស័ព្ទហៅ ប្អូនស្រីរបស់ខ្លួនឲ្យ មកជួយអន្តរាគមន៍ និងដាក់ពាក្យប្តឹង តែជាក់ស្តែង ពេលប្អូនស្រី របស់ស្ត្រី រងគ្រោះមកដល់កន្លែងកើតហេតុ ស្រាប់តែក្រុមគ្រួសាររបស់លោក ប្រធានភូមិ៤ រួមទាំង លោកប្រធានភូមិឈ្មោះ ឈួន ឡាយ ក៏ចេញមកកន្លែង កើតហេតុហើយ មានការប្រទូស្តរាយ គ្នាបន្ត វាយទៅលើស្ត្រី រងគ្រោះបណ្តាលឲ្យបែកក្បាល របួសដើមទ្រូងស្ទើរ ផុតដង្ហើម ហើយចំណែកប្អូនស្រី របស់ស្ត្រីរងគ្រោះ ក៏ត្រូវក្រុមទាំងនោះ វាយឲ្យរងរបួសត្រង់ក្បាល ជង្គង់ផងដែរ ។

គួរបញ្ជាក់ថា ដោយសារតែមានការ ប្រតាយប្រតប់គ្នាបង្ក ការភ្ញាក់ផ្អើលឃាត់ មិនស្តាប់បែបនេះ មានមន្ត្រីកងរាជអាវុធ ហត្ថចំនួន២រូប ដែលយាមនៅភោជនីយ៍ដ្ឋានពិភពថ្មី បាន ចេញមកអន្តរាគមន៍ បាញ់មួយគ្រាប់ឡើងលើ គំរាមដល់ជនងបង្ក និងជនរងគ្រោះដែល កំពុងវាយគ្នា។

ដោយសារតែលឺ ស្នូរផ្ទុះកាំភ្លើងបានបន្លឺឡើងជនបង្ក និង ជនរងគ្រោះបាន ខ្ទាតចេញពីគ្នាទៅម្ខាងម្នាក់។ ភ្លាមៗនោះសមត្ថកិច្ច នគរបាលមូលដ្ឋាន ៥ទៅ ៦នាក់ ស្ពាយកាំភ្លើងអាកា ពីរទៅបីដើមបានចុះ មកអន្តរាគមន៍ធ្វើ ការសាកសួរ ចំពោះករណីខាងលើនេះ ដើម្បីរងដោះស្រាយបញ្ចប់រឿងភ្លាមៗ ប៉ុន្តែអ្វីដែលគួរឲ្យ ហួសចិត្តបំផុតនោះ គឺខណៈដែលសមត្ថកិច្ច មូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ស្រាប់តែក្រុមគ្រួសារ របស់លោកប្រធានភូមិ បានចេញមក ចង្អុលមុខនិង ស្រែកជេរដៀល ប្រមាថ ក្រុមសមត្ថកិច្ចថា ពុករលួយស៊ីសំណូក ទៅកាន់ជើងស្ត្រីដែលរង របួសទៅវិញ។

លើសពីនេះពួកគេក៏បាន រើសដុំថ្ម បំរុងនឹងគប់មកលើក្រុមសមត្ថកិច្ច ព្រមទាំងស្ទុះប្រុងវាយ សមត្ថកិច្ចផងដែរ ប៉ុន្តែដោយ សារក្រុមសមត្ថកិច្ច យល់ពីច្បាប់ទម្លាប់ សុខចិត្តថោកនាំគ្នា ឡើងជិះម៉ូតូត្រឡប់មកទីស្នាក់ការ ប៉ុស្តិ៍របស់ខ្លួនវិញ។ ទាក់ទិនទៅនឹងករណីនេះ ក្រោយកើតហេតុក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរ បាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីសុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ចាប់ជនបង្កដែលវាយទៅ លើស្ត្រីឈ្មោះ ជា បញ្ញារី យកមកផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់ ។

អ្វីដែលប្លែកគឺលោកប្រធានភូមិ៤ ឈ្មោះ ឈួន ឡាយ និងភរិយា បានដឹកគ្នាមក ស្រែកឡូឡា នៅក្នុងទីស្នាក់ការប៉ុស្តិ៍ រួមទាំងសុំប្តឹងសមត្ថកិច្ចថា ស្ត្រីរងគ្រោះជាអ្នកបង្កហិង្សា ទៅលើពួក គាត់។ ចំពោះចំណាត់ការយ៉ាងណានោះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ព្រោះដោយសារស្ត្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល