ភ្នំពេញ៖ ផលិតកម្មមហាហង្ស ដឹកនាំដោយលោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤នេះ បាននាំយកសៀវភៅសិក្សា និងថវិកាមួយចំនួន ជូនទៅដល់កុមារកំព្រា ក្នុង "មណ្ឌលពន្លឺអនាគតកុមារ" Future Light Orphanage of World Mate (Flow ) ដែលមានទីតាំង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ដូចជា កញ្ញា ភិន សុដាលីស លោក ជា សំណាង លោក ហម ឈរ៉ា លោក លឹម រដ្ឋា លោក លឹម ជាឡាយ កញ្ញា ថន លក្ខិណា កញ្ញា Baby កញ្ញា ឆាយ ស្រីពេជ្រ លោក ប្រាក់ ផាកន លោក អូន ឧស្សាហ៍ កញ្ញា នៅ សូនីតា និងក្រុមការងារ ជាច្រើននាក់ ។

ជាការពិតមូលនិធិ របស់ផលិតកម្ម មហាហង្ស ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែដោយសារការមមាញឹក ក្នុងកិច្ចការផ្សេងៗ ធ្វើឲ្យមូលនិធិនេះ មិនទាន់អាចដំណើរការបាន ពោលគឺទើបតែពេលនេះ មូលនិធិ ដែលដឹកនាំដោយ លោក អ៊ិន សុភិន ចាប់ផ្ដើមដំណើរការ សកម្មភាពរបស់ខ្លួន ដោយផ្ដោតសំខាន់ ទៅលើការសិក្សា របស់កុមារក្រីក្រ កុមារគ្មានទីពឹង ដើម្បីជួយឲ្យពួកគេ បានទទួលការសិក្សាអប់រំ មានចំណេះដឹង ទៅថ្ងៃអនាគត។

សកម្មភាព មនុស្សធម៌របស់ ផលិតកម្មមហាហង្ស ដ៏គួរឲ្យកោតសរសើរនេះ ត្រូវបានទទួលការស្វាគមន៍ រាក់ទាក់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកគ្រប់គ្រងមណ្ឌល និងក្មេងៗកុមារកំព្រា ប្រកបដោយភាពកក់ក្ដៅ និងជាការចូលរួមចំណែកមួយ សម្រាលនូវទុក្ខលំបាក របស់កុមារទាំងនេះ ក៏ដូចជាក្នុងមណ្ឌលទាំងមូលផ្ទាល់។

លោក អ៊ិន សុភិន បានថ្លែងក្នុងទឹកមុខ សប្បាយរីករាយថា មូលនិធិដែលលោកបានបង្កើតឡើងនេះ គឺទទួលបានការចូលរួម យ៉ាងច្រើនពីសំណាក់តារាល្បីៗ ក្នុងប្រទេសកម្ពុជា ដែលពួកគេបានផ្ដល់ជាថវិកា និងជាសម្ភារៈផ្សេង ទៅតាមលទ្ធភាព ដើម្បីជួយសង្គ្រោះ ដល់កុមារកំព្រា តាមអ្វីដែលលោកបាន អំពាវនាវកន្លងមក។ លោកបន្តថា ថ្ងៃនេះក្រុមការងារ ជាពិសេសតារាល្បីៗក្នុងផលិតកម្ម មហាហង្ស បាននាំយកសៀវភៅ សិក្សាទាំងភាសាខ្មែរ និងភាសាអង់គ្លេស ជាង១០០ក្បាល និងថវិកា មួយចំនួនឧបត្ថម្ភដល់ "មណ្ឌលពន្លឺអនាគតកុមារ" គឺជាសកម្មភាពរួមចំណែកមួយ យ៉ាងល្អ ក្នុងសង្គមជាតិ ដើម្បីឲ្យពួកគេទទួលបាន លទ្ធភាពសិក្សា និងភាពកក់ក្ដៅ ពីសំណាក់មនុស្សនៅជុំវិញខ្លួន។
លោក អ៊ិន សុភិន ក៏បានបន្ថែមទៀតថា សម្រាប់មូលនិធិរបស់ផលិតកម្ម មហាហង្ស គឺយើងផ្ដោតសំខាន់ លើការអប់រំ ដូច្នេះបើមានក្មេងៗណា ពិតជាមានជីវភាពក្រីក្រ ពិតប្រាកដ មូលនិធិរបស់លោក នឹងជួយសម្រួលដល់ការសិក្សា របស់ក្មេងនោះ រហូតដល់ចប់ថ្នាក់ មហាវិទ្យាល័យ៤ឆ្នាំ ព្រមទាំងជួយរកការងារឲ្យធ្វើ ដើម្បីឲ្យចាកផុតពីភាពក្រីក្រទៀតផង ។

ដោយឡែក លោក នួន សុថេរ៉ូ នាយកប្រតិបត្តិ នៃមណ្ឌលពន្លឺអនាគតកុមារ បានថ្លែឲ្យដឹងថា លោកពិតជាសប្បាយរីករាយ ដែលបានឃើញ សប្បុរសជន ក៏ដូចជាក្រុមការងារ របស់ផលិតកម្ម មហាហង្ស ជួយឧបត្ថម្ភ ដល់មណ្ឌលរបស់លោកក្នុងថ្ងៃនេះ ហើយសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សកម្មភាពមនុស្សធម៌នេះ។ លោកបញ្ជាក់ថា មណ្ឌលពន្លឺអនាគតកុមារ Future Light Orphanage of World Mate (Flow ) បានបង្កើតឡើង តាំងពីឆ្នាំ ១៩៩៥ ដោយបច្ចុប្បន្ន មានក្មេងកំព្រារស់នៅ ចំនួន ១៦៨ នាក់ និងមានចំនួន២៨នាក់ផ្សេងទៀត កំពុងសិក្សានៅមហាវិទ្យាល័យខាងក្រៅមណ្ឌល ប៉ុន្តែពួកគេនៅតែទទួលបានការ ឧបត្ថម្ភពីមណ្ឌលដដែល។

លោក នួន សុថេរ៉ូ បានបន្តទៀតថា មណ្ឌលពន្លឺអនាគតកុមារ ក្រៅពីទទួលការជួយឧបត្ថម្ភ ពីសំណាក់សប្បុរសជននានា គឺនៅមានការជួយគាំពារ លើហិរញ្ញវត្ថុ និងបច្ចេកទេស ពីអង្គការធំចំនួនពីរសំខាន់ៗ គឺអង្គការ E Globol Family ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងអង្គការ World Mate នៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះសម្រាប់នៅក្នុងប្រទេសកម្ពុជា ក៏មានស្ថាប័ន រោងចក្រកាត់ដេរ ចំនួនពីរដែរ ដែលជួយឧបត្ថម្ភ រហូតមកដល់សព្វថ្ងៃនេះ គឺមានរោងចក្រ Suntec និងរោងចក្រ Gladepeer ។

សូមបញ្ជាក់ថា កុមារកំព្រា ដែលស្នាក់នៅក្នុងមណ្ឌលនេះ គឺត្រូវទទួលបានការសិក្សា រហូតបញ្ចប់ថ្នាក់ទី១២ ក្រៅពីនេះមានបង្រៀនជំនាញ ដូចជា កុំព្យូទ័រ ភាសាអង់គ្លេស តន្រ្តីសម័យ និងបុរាណ ព្រមទាំងជំនាញផ្សេងៗទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល