នាព្រឹកថ្ងៃទី ១៦ នេះ Camnews បានចុះទៅដល់ឃ្លាំងស្តុកខោអាវដែលត្រូវបានភ្លើងឆាប
ឆេះកាលពីវេលាម៉ោង ២៣:១៥ អាធ្រាតថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ នៅខាងក្រោយមន្ទីរពេទ្យ
រុស្ស៊ីក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យោងតាមការសាកសួរបងស្រី ពិដោរ ដែលជាម្ចាស់ផ្ទះនៅខាងឆ្វេងនៃឃ្លាំងខោអាវនេះ
បានប្រាប់ Camnews ថា ផ្ទះរបស់គាត់ក៏ត្រូវរងការខូចខាត់តិចតូចដែរ ចំណែកមូលហេតុ
ដែលនាអោយមានគ្រោះអគ្គីភ័យនេះកើតឡើង គាត់មិនបានដឹងច្បាស់នោះទេ គ្រាន់តែ
បានឮគេនិយាយតៗគ្នាថា មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីការផ្ទុះសេខ្សែភ្លើង។
ភ្លើងបានឆេះរាលដាលមកដល់កន្លែងស្តុកខោអាវ និងឆ្លងមកដល់ផ្ទះរបស់ គាត់ដែល នៅ
ខាងចុងគេបង្អស់។
ទោះជាយ៉ាងណាក៏ដោយ មន្ដ្រីអាជ្ញាធរបានប្រាប់អោយដឹងថា មូលហេតុនៃគ្រោះអគ្គីភ័យ
នេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ ហើយក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើ
ករណីនេះ។
លោកចិន សុខហេង
លោកចិន សុខហេង ដែលជាម្ចាស់ផ្ទះនៅខាងស្តាំឃ្លាំងខោអាវនោះ បានអោយដឹងថា
ភ្លើងបានចាប់ផ្ដើមឆេះប្រហែលជានៅម៉ោង ១១ ឬ១២។ ភ្លើងកាន់តែឆេះខ្លាំងឡើងៗមក
ពីខាងក្រោយផ្ទះ ហើយខ្យល់ក៏បានបក់ខ្លាំងបណ្ដាលអោយឆេះឃ្លាំងស្តុកខោអាវនោះ
តែម្ដង ពេលនោះអណ្តាតភ្លើងក៏មានសភាពខ្លាំងឡើងថែមទៀត។
លោក សុខហេង បានបន្ថែមថា អគ្គីភ័យនេះ បានឆេះទូរទស្សន៍ កុំព្យូទ័រ គ្រែ បណ្តាញ
ទឹកនិងបណ្តាញភ្លើងជាដើម ហើយអ្វីៗទាំងអស់ត្រូវបានរោលខ្មៅដោយផ្សែងភ្លើង។
ជាន់ទី ១ ជាន់ទី២ ជញ្ជាំងខាងក្រោយ និងខាងឆ្វេងក៏ត្រូវទទួលរងការខូចខាត ហើយត្រូវ
វាយចោល និងធ្វើឡើងវិញ។ លោកបានបន្ដថា បច្ចុប្បន្នគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង
ព្រោះថាផ្ទះរបស់មិនអាចចូលបាននៅពេលនេះនោះទេ ហើយអ្វីៗដែលនៅក្នុងផ្ទះ ត្រូវខូច
ខាតទាំងស្រុងគាត់ត្រូវជួលផ្ទះគេស្នាក់អាស្រ័យបណ្ដោះអាសន្ន។
រហូតមកទល់នឹងពេលនេះ នៅកន្លែងកើតហេតុ គេឃើញមានរបស់របរជាច្រើន ក្នុងនោះ
មានដូចជាខោអាវជជុះជាដើម នៅមិនទាន់មានអ្នកណាមកអះអាងថាជារបស់ខ្លួននៅ
ឡើយ។ ក្រុមអ្នកជិតខាងបានថ្លែងថា គេមិនដឹងថា ត្រូវយករបស់ទាំងនេះទៅចោល ឬដាក់
នៅកន្លែងណានោះទេ៕
រូបថត ៖ សុខា
រាយការណ៍ ៖ មិនា